កិច្ចប្រជុំពិភាក្សាបន្តលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា

នារសៀលថ្ងៃទី ៦ ខែ មិថុនា ឆ្នាំ ២០២២ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារចូលរួមរៀបចំច្បាប់ស្តីពីវិនិយោគ និង ច្បាប់ស្តីពីតំបន់សេដ្ឋកិច្ចពិសេស បានដឹកនាំកិច្ចប្រជុំពិភាក្សាបន្តលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ។

កិច្ចប្រជុំនេះមានការចូលរួមពីឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ, ឯកឧត្តមអនុរដ្ឋលេខាធិការ, ឯកឧត្តមបណ្ឌិតអនុរដ្ឋលេខាធិការ, តំណាងអគ្គនាយកដ្ឋានពន្ធដារ, តំណាងអគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា, តំណាងអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និង ចំណូលមិនមែនសារពើពន្ធ, តំណាងអគ្គនាយកដ្ឋានគោលនយោបាយ, ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ ។

កិច្ចប្រជុំនេះបានពិភាក្សាលើឯកសារឧបសម្ព័ន្ធ នៃសេចក្តីព្រាងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ដោយផ្តោតលើបញ្ជីសកម្មភាពវិនិយោគដែលមិនទទួលបានការលើកទឹកចិត្ត និង ក្រុមសកម្មភាពអាទិភាព សំដៅធ្វើឱ្យឯកសារឧបសម្ព័ន្ធ នៃសេចក្តីព្រាងអនុក្រឹត្យនេះ កាន់តែមានភាពគ្រប់ជ្រុងជ្រោយ និង ស្របតាមគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល ។