ពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី ប្រព័ន្ធគណនេយ្យសាធារណៈមូលដ្ឋានបង្គរសម្រាប់ក្រសួង ស្ថាប័ន

នាព្រឹកថ្ងៃទី ២៨ ខែ តុលា ឆ្នាំ ២០២២ នៅវិទ្យាស្ថានសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, វិទ្យាស្ថានសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សហការជាមួយអគ្គនាយកដ្ឋានរតនាគារជាតិ និយ័តករគណនេយ្យនិងសវនកម្ម និង មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានរៀបចំពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី ប្រព័ន្ធគណនេយ្យសាធារណៈមូលដ្ឋានបង្គរសម្រាប់ក្រសួង ស្ថាប័ន ជូនថ្នាក់ដឹកនាំនាយកដ្ឋាន និង មន្ត្រីទទួលបន្ទុកការងារពាក់ព័ន្ធគណនេយ្យ និង ហិរញ្ញវត្ថុ របស់ក្រសួងស្ថាប័នចំនួន ៨ និង អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចំនួន ៩ ។ ពិធីបើកវគ្គបណ្ដុះបណ្ដាលនេះ បានប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ ឯកឧត្តម អិន អេម នាយកវិទ្យាស្ថានសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកសាងសមត្ថភាពរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមាន មានការចូលរួមពីលោកអគ្គនាយករងនិយ័តករគណនេយ្យនិងសវនកម្ម តំណាងមូលនិធិរូបិយវត្ថុអន្តរជាតិ និង សិក្ខាកាមសរុបចំនួន ៤០ រូប ។

វគ្គបណ្តុះបណ្តាលនេះ មានរយៈពេល ២ ថ្ងៃ គឺធ្វើនៅថ្ងៃទី ២៨ និង ទី ៣១ ខែ តុលា ឆ្នាំ ២០២២ និង មានគោលដៅធ្វើការផ្សព្វផ្សាយអំពីផែនការយុទ្ធសាស្រ្តនៃការអនុវត្តគណនេយ្យសាធារណៈ មូលដ្ឋានបង្គរឆ្នាំ ២០២១-២០៣១ របស់រាជរដ្ឋាភិបាល ព្រមទាំង ផ្អែកតាមតម្រូវ និង ក្នុងស្មារតីបុរេសកម្ម ដើម្បីចូលរួមចំណែកលើកកម្ពស់ការយល់ដឹង និង សមត្ថភាពជំនាញ ជូនមន្រ្តីរាជការទទួលបន្ទុកការងារគណនេយ្យរបស់ក្រសួងស្ថាប័ន សំដៅត្រៀមលក្ខណសម្បត្តិរួចរាល់ជាមុនសម្រាប់ការផ្លាស់ប្តូរប្រព័ន្ធគណនេយ្យសាធារណៈនៅកម្ពុជា ។