ជំនួបពិភាក្សាការងាររវាង ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារសម្រាប់កិច្ចប្រជុំ “ច្រកចេញចូលតែមួយ” នឹង លោក Takahashi Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា

នារសៀលថ្ងៃទី ២៣ ខែ សីហា ឆ្នាំ ២០២២ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារសម្រាប់កិច្ចប្រជុំ “ច្រកចេញចូលតែមួយ” តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបពិភាក្សាការងារជាមួយលោក Takahashi Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា (JCA) ។

ជំនួបនេះ ធ្វើឡើងក្នុងគោលបំណងស្វែងយល់ពីបញ្ហាប្រឈម ក៏ដូចជាសំណូមពររបស់វិស័យឯកជន ពិសេសសហគ្រាសធុនតូច និងមធ្យម ។ ទន្ទឹមនេះ ក្នុងកិច្ចជំនួបនោះក៏បានពិភាក្សាផងដែរ លើមធ្យោបាយ/វិធីសាស្ត្រទាក់ទាញសហគ្រាសធុនតូច និងមធ្យមពីប្រទេសជប៉ុន ឱ្យមកធ្វើធុរកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។

ឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋលេខាធិការ បានជម្រាបជូនសមាគមជប៉ុន-កម្ពុជា អំពីក្រុមការងារសម្រាប់កិច្ចប្រជុំ “ច្រកចេញចូលតែមួយ” ដែលមានតួនាទីក្នុងការជំរុញការសម្របសម្រួលវិនិយោគ ក៏ដូចជាការធ្វើធុរកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា និង ការដោះស្រាយបញ្ហាប្រឈមផ្សេងៗ រួមទាំងការផ្តួចផ្តើម និង ការចូលរួមរៀបចំគោលនយោបាយផ្សេងៗ សំដៅជំរុញលើកទឹកចិត្ត និងអភិវឌ្ឍវិស័យឯកជន រួមទាំងសហគ្រាសធុនតូច និងមធ្យមផងដែរ ។

ជាទីបញ្ចប់ ឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋលេខាធិការ បានស្វាគមន៍ និង ទទួលយកនូវធាតុចូលល្អៗបន្ថែមទៀតពីសមាគមជប៉ុន-កម្ពុជា ក៏ដូចជាធុរជនរបស់ជប៉ុន ក្នុងការរិះរក ឬ ដោះស្រាយបញ្ហាប្រឈមផ្សេងៗ ដែលអាចកើតមានក្នុងពេលធ្វើធុរកិច្ច នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។