កិច្ចប្រជុំ​ពិភាក្សា​កម្រិត​ថ្នាក់​ដឹកនាំ​លើ​គម្រោង​ចំណូល​-​ចំណាយ​ថវិកា​ ឆ្នាំ​២០២៣ របស់​ក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ

នាព្រឹកថ្ងៃទី ១៨ ខែ សីហា ឆ្នាំ ២០២២ នៅទីស្ដីការក្រសួង​សេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារថវិកាកម្រិតថ្នាក់ដឹកនាំអង្គភាព​ថវិកា បានអញ្ជើញដឹកនាំក្រុមការងារថវិកានៃក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ចូលរួម​កិច្ចប្រជុំពិភាក្សា​កម្រិត​ថ្នាក់​ដឹកនាំ​លើ​គម្រោង​ចំណូល-ចំណាយ​ថវិកា ឆ្នាំ​២០២៣ របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ដែលរៀប​ចំសម្រប​សម្រួលដោយ​អគ្គនាយកដ្ឋានថវិកា និងដឹកនាំដោយឯកឧត្តម វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ ។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី, ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង, ឯកឧត្តមអគ្គលេខាធិការ, ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក, ឯកឧត្តមអគ្គនាយក, ឯកឧត្តមនាយកវិទ្យាស្ថាន, ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំ និងតំណាងអង្គភាពថវិកាទាំង ៥៨ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅថ្នាក់កណ្ដាល និងថ្នាក់មូលដ្ឋាន, ព្រមទាំងមន្រ្ដីជំនាញពាក់ព័ន្ធទាំងអស់ ។