កិច្ចប្រជុំពិភាក្សាបន្តលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា

នារសៀលថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ ២០២២, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារចូលរួមរៀបចំច្បាប់ស្តីពីវិនិយោគ និង ច្បាប់ស្តីពីតំបន់សេដ្ឋកិច្ចពិសេស បានដឹកនាំកិច្ចប្រជុំពិភាក្សាបន្តលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីឯកឧត្តមអនុរដ្ឋលេខាធិការ, ឯកឧត្តមបណ្ឌិតអនុរដ្ឋលេខាធិការ, តំណាងអគ្គនាយកដ្ឋានពន្ធដារ, តំណាងអគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា, តំណាងអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និង ចំណូលមិនមែនសារពើពន្ធ, តំណាងអគ្គនាយកដ្ឋានគោលនយោបាយ, ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ ។

កិច្ចប្រជុំនេះបានពិនិត្យឡើងវិញ លើសេចក្តីព្រាងអនុក្រឹត្យដែលបានកែសម្រួលរួច និង បានពិភាក្សាបន្ថែមលើខ្លឹមសារមួយចំនួនទៀត ដែលបានស្នើឡើងដោយមន្ត្រីជំនាញ ។ ជាមួយនេះ ឯកឧត្តមបណ្ឌិតសភាចារ្យប្រធានអង្គប្រជុំ បានស្នើឱ្យអគ្គនាយកដ្ឋានជំនាញ ពិនិត្យ និង ផ្តល់ធាតុចូលបន្ថែម សំដៅធ្វើឱ្យសេចក្តីព្រាងអនុក្រឹត្យនេះ កាន់តែមានភាពគ្រប់ជ្រុងជ្រោយ និង ល្អប្រសើរថែមទៀត ដើម្បីគោរពរាយការណ៍ និង សូមការសម្រេចដ៏ខ្ពង់ខ្ពស់ ៕