កិច្ចប្រជុំស្តីពីការរៀបចំដំណើរការប្រឡងប្រជែងជ្រើសរើសបេក្ខជនជាមន្ត្រីរាជការឱ្យចូលបម្រើការងារនៅអគ្គនាយកដ្ឋានរតនាគារជាតិ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

នាព្រឹកថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០២២, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដឹកនាំសម្របសម្រួលកិច្ចប្រជុំស្តីពី “ការរៀបចំដំណើរការប្រឡងប្រជែងជ្រើសរើសបេក្ខជនជាមន្ត្រីរាជការ ឱ្យចូលបម្រើការងារនៅអគ្គនាយកដ្ឋានរតនាគារជាតិ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ” ដែលគ្រោងនឹងប្រព្រឹត្តទៅនាពេលឆាប់ៗខាងមុខនេះ ។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តមរដ្ឋលេខាធិការ លោកជំទាវអនុរដ្ឋលេខាធិការ នៃក្រសួងមុខងារសាធារណៈ ឯកឧត្តម លោកជំទាវ លោក លោកស្រីតំណាងអគ្គនាយកដ្ឋានរតនាគារជាតិ, វិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង អគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងមន្រ្តីជំនាញពាក់ព័ន្ធ ។

គោលបំណងសំខាន់នៃកិច្ចប្រជុំនេះ គឺដើម្បីពិនិត្យពិភាក្សា ក៏ដូចជាប្រមូលធាតុចូល និង មតិយោបល់ល្អៗពីអង្គភាពពាក់ព័ន្ធ ក្នុងការរៀបចំនីតិវិធី និង លក្ខខណ្ឌតម្រូវនានា ក្នុងការទទួលពាក្យចូលរួមប្រឡងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារនៅអគ្គនាយកដ្ឋានរតនាគារជាតិ ប្រកបដោយតម្លាភាព ប្រសិទ្ធភាព និង យុត្តិធម៌។