ពិធីបើកវគ្គបណ្តុះបណ្តាលស្ដីពី “នីតិវិធីគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និង ការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ”

នៅព្រឹកថ្ងៃ ចន្ទ ១៤ កើត ខែ ជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០២២, ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានបើកវគ្គបណ្តុះបណ្តាលស្ដីពី “នីតិវិធីគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និង ការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ” ជូនសិក្ខាកាមជាមន្រ្តីរាជការក្នុងមុខងារពាក់ព័ន្ធ នៃរដ្ឋបាលខេត្ត ក្រុង ស្រុក និង មន្ទីរអង្គភាពជំនាញ នៅខេត្តព្រះសីហនុ ក្រចេះ ព្រៃវែង ត្បូងឃ្មុំ និង កំពង់ឆ្នាំង សម្រាប់ចូលរួមអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាល ៣ បូក ២ និង ការត្រៀមខ្លួនអនុវត្តដំណាក់កាលទី ៤ ។

ពិធីបើកវគ្គបណ្តុះបណ្តាលនេះ ប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ ឯកឧត្តម ពេជ្រ សម្បត្តិ អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារកសាងសមត្ថភាព អមដោយលោកជំទាវ ឯកឧត្តម ថ្នាក់ដឹកនាំរបស់ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ខេត្តទាំង ៥ ព្រមទាំងគ្រូបង្គោល គ្រូឧទ្ទេស និង សិក្ខាកាម តាមរយៈកម្មវិធី Zoom Video Conference ។

ឯកឧត្តមអនុរដ្ឋលេខាធិការ បានលើកឡើងថា វគ្គបណ្ដុះបណ្ដាលស្ដីពី “ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និង ការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ” នាពេលនេះ មានគោលបំណងពង្រឹងពង្រីកសមត្ថភាព ចំណេះដឹង និងលើកកម្ពស់ការយល់ដឹង ពាក់ព័ន្ធការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និង ការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ ក្នុងក្របខណ្ឌកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ សំដៅចូលរួមស្ដារ និង អភិវឌ្ឍសង្គម-សេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីទទួលរងផលប៉ះពាល់ពីបច្ច័យអវិជ្ជមាន នៃជំងឺកូវីដ-១៩ ។

ឯកឧត្តមអនុរដ្ឋលេខាធិការ បញ្ជាក់ថា ទ្រព្យសម្បត្តិរដ្ឋ គឺជាប្រភពមួយដ៏សំខាន់នៃចំណូលថវិកាជាតិ ។ ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ សំដៅការគ្រប់គ្រង ការប្រើប្រាស់ និង ការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ ប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព សង្គតិភាព នីត្យានុកូលភាព បូរណភាព និង ចីរភាព សម្រាប់រួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច សង្គម បរិស្ថាន និង វប្បធម៌ ។ ចំណូលមិនមែនសារពើពន្ធ គឺជាប្រភេទចំណូលចរន្ត និង ជាធនធានអចិន្ត្រៃយ៍របស់រដ្ឋ ដែលទាមទារឱ្យមន្ត្រីគ្រប់គ្រង ត្រូវមានចំណេះដឹង និងសមត្ថភាពជំនាញគ្រប់គ្រាន់ ។

ក្នុងន័យនេះ ការបណ្តុះបណ្តាលស្តីពី “នីតិវិធីគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និង ការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ” គឺជាកិច្ចការចាំបាច់ ឆ្លើយតបនឹងតម្រូវការនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានបង្កើតប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ (NRMIS) និង បានដាក់អនុវត្តតាំងពីឆ្នាំ ២០១៨ ។ ប្រព័ន្ធ NRMIS ត្រូវដាក់ឱ្យអនុវត្តនៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ ឃុំសង្កាត់ និង អង្គភាពប្រមូលចំណូលពាក់ព័ន្ធផ្សេងទៀត នៅក្នុងដំណាក់កាលជាបន្តបន្ទាប់ ហើយត្រូវបានធ្វើសន្ធានកម្ម ជាមួយប្រព័ន្ធ FMIS សំដៅបង្កើតប្រតិបត្តិការស្វ័យប្រវត្តិក្នុងប្រព័ន្ធ FMIS លើចំណូលថវិកាពីប្រភពចំណូលមិនមែនសារពើពន្ធ និង បានកត់ត្រារួចរាល់ក្នុងប្រព័ន្ធ NRMIS ។ ប្រព័ន្ធសន្ធានកម្មរវាង FMIS និង NRMIS ត្រូវបានដាក់ឱ្យដំណើរការរួចរាល់ តាំងពីថ្ងៃទី ១ ខែ មករា ឆ្នាំ ២០២០ កន្លងទៅ ។ នៅពេលខាងមុខ ប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ (SARMIS) ក៏នឹងត្រូវធ្វើសន្ធានកម្មជាមួយនឹងប្រព័ន្ធ FMIS ដូចគ្នានឹងប្រព័ន្ធ NRMIS ផងដែរ ។