កិច្ចប្រជុំពិភាក្សាលើការផ្គត់ផ្គង់កញ្ចប់ "ពង្រីកសមត្ថភាព និង ទំនើបកម្មមជ្ឈមណ្ឌលទិន្នន័យ"

នាព្រឹកថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ២០២២, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ជាប្រធានគណៈកម្មការត្រួតពិនិត្យការវាយតម្លៃឯកសារដេញថ្លៃ សម្រាប់ការអនុវត្តគម្រោង FMIS បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការផ្គត់ផ្គង់កញ្ចប់ “ពង្រីកសមត្ថភាព និង ទំនើបកម្មមជ្ឈមណ្ឌលទិន្នន័យ” សម្រាប់ការអនុវត្តគម្រោង FMIS ជំហានទី៣ ដោយមានការចូលរួមពីសមាជិកគណៈកម្មការត្រួតពិនិត្យ និង គណៈកម្មការវាយតម្លៃឯកសារដេញសម្រាប់ការអនុវត្តគម្រោង FMIS ដែលមានសមាសភាពមកពីអគ្គនាយកដ្ឋានពាក់ព័ន្ធរួមមាន៖ អគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនិងគ្រប់គ្រងបំណុល, អគ្គនាយកដ្ឋានរតនាគារជាតិ, អគ្គនាយកដ្ឋានថវិកា, អគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ, អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង លេខាធិការដ្ឋាននៃក្រុមការងារគ្រប់គ្រងគម្រោង FMIS ព្រមទាំងតំណាងក្រុមហ៊ុនចូលរួមដេញថ្លៃ ។

គោលបំណងសំខាន់នៃកិច្ចប្រជុំនេះ គឺដើម្បីបន្តធ្វើការចរចារតម្លៃជាមួយក្រុមហ៊ុនផ្គត់ផ្គង់កញ្ចប់ “ពង្រីកសមត្ថភាព និង ទំនើបកម្មមជ្ឈមណ្ឌលទិន្នន័យ FMIS សម្រាប់ជំហានទី ៣” ដោយផ្អែកលើមូលដ្ឋាននៃការវាយតម្លៃឡើងវិញរបស់ក្រុមការងារបច្ចេកទេសនៃគម្រោង FMIS និង ក្រុមការងារបច្ចេកទេសនៃក្រុមប្រឹក្សាបច្ចេកវិទ្យាព័ត៌មាន ក្នុងស្មារតីធានាបាននូវភាពគ្រប់គ្រាន់នៃថវិកា និង សន្សំសំចៃខ្ពស់ ប៉ុន្តែធានាបាននូវភាពគ្រប់គ្រាន់ដែលជាតម្រូវការចាំបាច់នៃគម្រោង FMIS សម្រាប់ជំហានទី ៣ ក្នុងការធ្វើឱ្យមជ្ឈមណ្ឌលទិន្នន័យនៃគម្រោង FMIS នេះ កាន់តែមានសុវត្ថិភាព និង ដើរទាន់តាមសម័យកាល ។