ពិធីប្រកាសបើកវគ្គបណ្តុះបណ្តាលស្ដីពី "នីតិវិធីនៃការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ"

នាព្រឹកថ្ងៃទី ៩ ខែ ឧសភា ឆ្នាំ ២០២២, ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានប្រកាសបើកវគ្គបណ្តុះបណ្តាលស្ដីពី “នីតិវិធីនៃការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ” ជូនសិក្ខាកាមគោលដៅចំនួន ១៥០ នាក់ ដែលជាមន្រ្តីរាជការទទួលមុខងារពាក់ព័ន្ធការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ នៃក្រសួងស្ថាប័ន សម្រាប់ចូលរួមចំណែកគាំទ្រ និង អនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈដំណាក់កាលទី ៣+២ និងការត្រៀមអនុវត្តដំណាក់កាលទី៤ ឱ្យសម្រេចបានប្រកបដោយប្រសិទ្ធភាព និង ចីរភាព ។

ពិធីប្រកាសបើកវគ្គបណ្តុះបណ្តាលនេះ ប្រព្រឹត្តទៅក្រោមការដឹកនាំដោយ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកសាងសមត្ថភាពក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អមដោយ ឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ និងថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងគ្រូបង្គោល គ្រូឧទ្ទេស និង សិក្ខាកាម ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ថា ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ជាកិច្ចការដ៏មានសារសំខាន់ ក្នុងការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដោយទ្រព្យសម្បត្តិរដ្ឋ ជាប្រភពចំណូលមិនមែនសារពើពន្ធ ដែលបានរួមចំណែកក្នុងការបង្កើនចំណូលថវិកាជាតិ ។ ទន្ទឹមនេះ ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ គឺជាការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ ប្រកបដោយប្រសិទ្ធភាព គណនេយ្យភាព តម្លាភាព និងចីរភាព សំដៅរួមចំណែកបម្រើឧត្តមប្រយោជន៍ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម បរិស្ថាន និង វប្បធម៌ ។ លើសពីនេះ ទ្រព្យសម្បតិ្តរដ្ឋជាធនធានចាំបាច់នៃកត្តាផលិតកម្ម ជាមូលដ្ឋានក្នុងការធ្វើពិពិធកម្មផលិតកម្ម និង សេវាកម្ម សំដៅជំរុញសកម្មភាពធុរកិច្ច វិនិយោគ បង្កើតការងារធ្វើ និងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីភាព រួមចំណែកដល់ការអភិវឌ្ឍ និងវិបុលភាពសង្គម-សេដ្ឋកិច្ច ។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានសង្កត់ធ្ងន់ថា ការបណ្តុះបណ្តាលស្តីពីនីតិវិធីនៃការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ គឺជាការងារសំខាន់មួយនៃការកសាង និងការអភិវឌ្ឍសមត្ថភាពមន្រ្តីរាជការ លើជំនាញពាក់ព័ន្ធការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឆ្លើយតបនឹងតម្រូវការចាំបាច់របស់ប្រទេសកម្ពុជា ដើម្បីគាំទ្រ និងអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាល ជាពិសេស គឺគោលដៅគាំទ្រការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ប្រកបដោយប្រសិទ្ធភាព និង មានផលិតភាព ។