កិច្ចប្រជុំចង្អៀតពិនិត្យ និងពិភាក្សា លើការកែសម្រួលសេចក្តីព្រាងចក្ខុវិស័យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឆ្នាំ២០៣០

នាព្រឹកថ្ងៃទី ៦ ខែ កក្កដា ឆ្នាំ ២០២២ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររៀបចំចក្ខុវិស័យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកម្រិតថ្នាក់ដឹកនំា បានដឹកនំាកិច្ចប្រជុំចង្អៀត ជាមួយក្រុមការងាររៀបចំចក្ខុវិស័យកម្រិតបច្ចេកទេស ព្រមទាំងមានការចូលរួមពីអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យ និងពិភាក្សា លើការកែសម្រួលសេចក្តីព្រាងចក្ខុវិស័យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឆ្នាំ២០៣០ ស្របតាមស្មារតីនៃកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួង កាលពីថ្ងៃ ១៨ ខែ មេសា ឆ្នាំ ២០២២ និង កិច្ចប្រជុំក្រុមការងាររៀបចំចក្ខុវិស័យកម្រិតបច្ចេកទេស ចំនួន ២ លើកនាពេលកន្លងទៅ ។

បន្ទាប់ពីបានពិភាក្សាគ្នាយ៉ាងផុលផុសរួចមក អង្គប្រជុំបានឯកភាពទៅលើខ្លឹមសារគោលនៃសេចក្តីព្រាងចក្ខុវិស័យក្រសួងដែលបានកែសម្រួលរួចនេះ និង គោលការណ៍មួយចំនួនដល់ក្រុមការងារបច្ចេកទេសដើម្បីបន្តពិនិត្យពិភាក្សាបន្ថែម ។ ទន្ទឹមនេះ ឯកឧត្តមបណ្ឌិតសភាចារ្យប្រធានអង្គប្រជុំ បានណែនាំក្រុមការងារឱ្យពិនិត្យ សម្រិតសម្រាំងបន្ថែមលើចំណុចមួយចំនួន សំដៅធ្វើឱ្យសេចក្តីព្រាងចក្ខុវិស័យនេះ មានភាពគ្រប់ជ្រុងជ្រោយ និង ល្អប្រសើរថែមទៀត ដើម្បីគោរពរាយការណ៍ និង សុំការសម្រេចដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។