ពិធីបើកវគ្គបណ្តុះបណ្តាល និង វិក្រឹតការស្ដីពី គណនេយ្យសាធារណៈ

នាព្រឹកថ្ងៃទី ៤ ខែ មេសា ឆ្នាំ ២០២២, ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានបើកវគ្គបណ្តុះបណ្តាល និង វិក្រឹតការស្ដីពី គណនេយ្យសាធារណៈ ជូនសិក្ខាកាមគោលដៅជារជ្ជទេយ្យករបុរេប្រទាន, រជ្ជទេយ្យករបុរេប្រទានរង, រជ្ជទេយ្យករចំណូល និង រជ្ជទេយ្យករចំណូលរង ចំនួន ១៨០នាក់ មកពីក្រសួងស្ថាប័ន សម្រាប់ចូលរួមអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈប្រកបដោយប្រសិទ្ធភាព និង ចីរភាព ។

ពិធីបើកវគ្គបណ្តុះបណ្តាល និង វិក្រឹតការនេះ បានប្រព្រឹត្តទៅក្រោមការដឹកនាំដោយឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកសាងសមត្ថភាព នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងមានការចូលរួមពីឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ និងថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ព្រមទាំងមន្រ្តីរាជការ គ្រូឧទ្ទេស និងសិក្ខាកាម ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានគូសបញ្ជាក់ថា «ការកសាង និងការអភិវឌ្ឍសមត្ថភាព គឺជាកត្តាគន្លឹះ សម្រាប់ដោះស្រាយបញ្ហា និងរួមចំណែកប្រកបដោយប្រសិទ្ធភាព ក្នុងការអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាល សំដៅចូលរួមអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ និងលើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋ ។ ការបណ្តុះបណ្តាល និងវិក្រឹតការសមត្ថភាព លើជំនាញពាក់ព័ន្ធការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គឺជាតម្រូវការចាំបាច់ សម្រាប់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ គ្រប់ក្រសួង-ស្ថាប័ន រួមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការបង្កើនប្រសិទ្ធភាព, តម្លាភាព និង ភាពស័ក្តិសិទ្ធិនៃការគ្រប់គ្រងថវិការដ្ឋ ។

ឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋលេខាធិការ បានបន្ថែមថា ការបណ្ដុះបណ្ដាល និង វិក្រឹតការស្ដីពីគណនេយ្យសាធារណៈ គឺជាកម្មវិធីដ៏មានសារៈសំខាន់ ក្នុងការកសាងសមត្ថភាពមន្រ្តីរាជការ សំដៅផ្សារភ្ជាប់ចំណេះដឹងជាទស្សនាទាន ទៅនឹងការអនុវត្តជាក់ស្ដែង នៅក្នុងការដ្ឋានការងារនៃក្រសួងស្ថាប័ន ។ កន្លងមក ក្នុងការអនុវត្តកិច្ចការគណនេយ្យសាធារណៈ ផ្អែកតាមដំណាក់កាលនៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដាក់ចេញនូវលិខិតបទដ្ឋានគតិយុត្តជាច្រើន និងជាបន្តបន្ទាប់ ក្នុងគោលបំណងបង្កើនប្រសិទ្ធភាពចំណាយតាមរជ្ជទេយ្យបុរេប្រទាន ប្រកបដោយតម្លាភាព, គណនេយ្យភាព និង ទាន់ពេលវេលា ។