ជំនួបពិភាក្សារវាង ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោងអ៊ីនត្រាណិតរួមក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាមួយលោកប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន (ខេមបូឌា) ហ្វីប៊ើរអុបទិច ខមញូនីខេសិន ណេតវើក (Cambodia) Fiber Optic Communication Network Co., Ltd (CFOCN)

នាព្រឹកថ្ងៃទី ៣ ខែ ឧសភា ឆ្នាំ ២០២២ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោងអ៊ីនត្រាណិតរួមក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានទទួលជួបពិភាក្សាជាមួយលោកប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន (ខេមបូឌា) ហ្វីប៊ើរអុបទិច ខមញូនីខេសិន ណេតវើក (Cambodia) Fiber Optic Communication Network Co., Ltd (CFOCN) ។

ជំនួបនេះធ្វើឡើងក្នុងគោលបំណងពិភាក្សាលើវឌ្ឍនភាពនៃការអនុវត្តគម្រោងអ៊ីនត្រាណិត ដែលក្រុមហ៊ុនបានទទួលពីក្រសួង ក៏ដូចជាពិនិត្យលទ្ធភាពក្នុងការជួយសម្រួលបន្ទុករបស់ក្រុមហ៊ុន ក្នុងដំណាក់កាលនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ដើម្បីអនុញ្ញាតឱ្យក្រុមហ៊ុនអាចដំណើរការអាជីវកម្មរបស់ខ្លួនដោយរលូន ។

លោក He Leping ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន CFOCN បានគូសបញ្ជាក់ថាក្រុមហ៊ុន CFOCN នៅតែមានជំហឥតងាករេក្នុងការបន្តគាំទ្រដល់ការអនុវត្តគម្រោងអ៊ីនត្រាណិតរួមរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ទៅតាមលទ្ធភាព និង ធនធានដែលក្រុមហ៊ុនមាន ទោះក្នុងកំឡុងពេលដែលកំពុងជួបវិបត្តិធ្ងន់ធ្ងរដោយសារបញ្ហាជំងឺកូវីដ-១៩ ។ លោប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលតែងយកចិត្តទុកដាក់ និងលើកទឹកចិត្តដល់ក្រុមហ៊ុនវិនិយោគលើគម្រោងនានានៅព្រះរាជាណាចក្រកម្ពុជា ជាពិសេសគឺគម្រោងពាក់ព័ន្ធនឹងវិស័យទូរគមនាគមន៍ និង បច្ចេកវិទ្យាព័ត៌មាន ដែលជាហេដ្ឋារចនាសម្ព័ន្ធចាំបាច់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថលនៅកម្ពុជា ។

ជាការឆ្លើយតប ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋលេខាធិការ បានថ្លែងអរគុណចំពោះកិច្ចសហការល្អរបស់ក្រុមហ៊ុននាពេលកន្លងមក និង បានផ្ដល់អនុសាសន៍ល្អៗសម្រាប់លើកទឹកចិត្ត និង ជំរុញឱ្យក្រុមហ៊ុនបន្តកិច្ចសហការក្នុងការអនុវត្តគម្រោងអ៊ីនត្រាណិតជំហានទី២ ឱ្យបានចប់តាមកិច្ចសន្យា ព្រោះគម្រោងនេះមានសារៈសំខាន់ណាស់ សម្រាប់គាំទ្រដល់ការពង្រឹងគុណភាពនៃការផ្ដល់សេវាសាធារណៈនានារបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ។