កិច្ចប្រជុំពិភាក្សាលើវឌ្ឍនភាពការងារនិងបញ្ហាប្រឈមរបស់លេខាធិការដ្ឋាននៃក្រុមការងារគ្រប់គ្រងគម្រោង FMIS

នារសៀលថ្ងៃទី ១ ខែ មីនា ឆ្នាំ ២០២២ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានដឹកនាំកិច្ចប្រជុំពិភាក្សាលើវឌ្ឍនភាពការងារនិងបញ្ហាប្រឈមរបស់លេខាធិការដ្ឋាននៃក្រុមការងារគ្រប់គ្រងគម្រោង FMIS ។ កិច្ចប្រជុំនេះ មានការចូលរួមពីឯកឧត្តមអនុប្រធានប្រចាំការ និង លោកប្រធានលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS និងក្រុមការងារបច្ចេកទេស ។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានជំរុញឱ្យលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ពិភាក្សា និង គិតគូរឱ្យបានគ្រប់ជ្រុងជ្រោយលើការសិក្សាអំពីនីតិវិធីអនុវត្តការងារក្នុងប្រព័ន្ធ FMIS និង ការត្រៀមរៀបចំបទបង្ហាញអំពីសមិទ្ធផល និង វឌ្ឍនភាពក្នុងការអនុវត្តគម្រោង FMIS ដោយផ្តោតសំខាន់លើការពន្យល់ពីជំហានក្នុងការអនុវត្តគម្រោង, ប្រសិទ្ធភាពក្នុងការអនុវត្តគម្រោង និង ផលិតផលថ្មីៗដែលសម្រេចបាន ។

ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋលេខាធិការ បានលើកទឹកចិត្តដល់លេខាធិការដ្ឋាន ឱ្យខិតខំបំពេញតួនាទីបន្ថែមទៀតដោយត្រូវពិនិត្យលើនីតិវិធីអនុវត្តការងារផង និងការងារបច្ចេកទេសក្នុងប្រព័ន្ធផង ជាពិសេសត្រូវយកចិត្តទុកដាក់ជំរុញការកែសម្រួលនីតិវិធីអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាព និងពិនិត្យលទ្ធភាពកាត់បន្ថយនីតិវិធីដែលមិនផ្តល់តម្លៃបន្ថែម ។