ក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​រៀប​ចំ​កិច្ច​ប្រ​ជុំ​ពិ​ភាក្សា​លើ​ការ​លើក​ទឹក​ចិត្ត​ផ្នែក​ពន្ធ​ដារសម្រាប់​ការ​ងារ​ផ្តត់​ផ្គង់​ទឹក​ស្អាត​និងគម្រោង​វិ​និ​យោគ​មាន​លក្ខណៈ​សម្បត្តិ​គ្រប់​គ្រាន់​

នារសៀលថ្ងៃទី ៨ ខែ ឧសភា ឆ្នាំ ២០២៥ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារអភិវឌ្ឍវិស័យឯកជន បានដឹកនាំកិច្ចប្រជុំពិភាក្សាលើរបៀបវារៈ ចំនួន ៣ រួមមាន៖
១. ការអនុគ្រោះពន្ធ ដល់ប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាត,
២. ការលើកលែងអាករលើតម្លៃបន្ថែម សម្រាប់ការទិញក្នុងស្រុក, និង
៣. ការស្នើកំណត់ការលើកទឹកចិត្តពន្ធដារ លើគម្រោងវិនិយោគបង្កើតរោងចក្រផលិតសម្ភារៈសំណង់ ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, តំណាងអគ្គនាយកដ្ឋានទឹកស្អាតនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និង នវានុវត្តន៍, អគ្គនាយកដ្ឋានពន្ធដារ, អគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា, អគ្គនាយកដ្ឋានគោលនយោបាយ, លេខាធិការដ្ឋាននៃក្រុមការងារអភិវឌ្ឍវិស័យឯកជន, សមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា ព្រមទាំងមន្រ្តីជំនាញពាក់ព័ន្ធ ។ អង្គប្រជុំ បានពិភាក្សាយ៉ាងផុសផុល និង បានស្វែងយល់អំពីកង្វល់ និង បញ្ហាប្រឈម របស់ប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាត ខ្នាតតូច និង មធ្យម នៅតាមតំបន់ដាច់ស្រយ៉ាល និង កត្តានានាដែលរាំងស្ទះដល់ការវិនិយោគឯកជន លើការផ្គត់ផ្គង់ទឹកជូនប្រជាពលរដ្ឋ ។
ជាមួយនេះ, អង្គប្រជុំ ក៏បានពិភាក្សាលើការស្នើលើកលែងអាករលើតម្លៃបន្ថែមសម្រាប់ការទិញ ដើម្បីបម្រើដល់គម្រោងសាងសង់កំពង់ផែខ្នាតអន្តរជាតិ នៅខេត្តកំពត និង ការស្នើកំណត់លក្ខណៈសម្បត្តិ ដើម្បីទទួលបានការលើកទឹកចិត្តផ្នែកពន្ធដារ របស់គម្រោងវិនិយោគរោងចក្រផលិតសម្ភារៈសំណង់ (លូ និង រីហ្គា) ។
ជាចុងបញ្ចប់, អង្គប្រជុំ បានគាំទ្រ និង យល់ស្របថា គម្រោងខាងលើគួរទទួលបានការលើកទឹកចិត្ត ប៉ុន្តែ ត្រូវឈរលើមូលដ្ឋាននៃការសិក្សាស្រាវជ្រាវជាក់លាក់ ដោយចាំបាច់ត្រូវមានធាតុចូលបន្ថែមពីភាគីពាក់ព័ន្ធ ដើម្បីធ្វើការពិនិត្យ និង បូកសរុប ឱ្យបានកាន់តែច្បាស់លាស់ និង គ្រប់ជ្រុងជ្រោយ ៕