វិទ្យា​ស្ថាន​សេដ្ឋ​កិច្ច​និង​ហិរញ្ញវត្ថុ​បើក​វគ្គ​បណ្ដុះ​បណ្ដាល​ស្ដីពី​ការ​គ្រប់​គ្រង​ហិរញ្ញវត្ថុ​សា​ធា​រណៈ សម្រាប់​មន្ត្រីនៃនាយក​ដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ

នាព្រឹក ថ្ងៃទី​ ២៨ ខែ មេសា ឆ្នាំ​ ២០២៥, វិទ្យាស្ថានសេដ្ឋកិច្ច និង​ ហិរញ្ញវត្ថុ​ បានបើកវគ្គបណ្ដុះបណ្ដាលស្តីពី «ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ » សម្រាប់មន្ត្រីនៃនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ​ ចំនួន​ ១១ នាក់​ ។ សូមគូសបញ្ជាក់​ នាយកដ្ឋានសវនកម្ម ក្រសួងការពារជាតិ បានក្លាយជាអង្គភាពថវិកាអាណាបកផ្ទេរសិទ្ធិពេញលេញ កាលពីថ្ងៃទី ១​ ខែ​មករា​ ឆ្នាំ​ ២០២៥​ ។ វគ្គបណ្តុះ​បណ្តាលនេះ​ មានគោលបំណងពង្រឹងពង្រីកសមត្ថភាពជំនាញ និង លើកកម្ពស់ចំណេះដឹងសម្រាប់មន្ត្រីដែលទទួលបន្ទុកការងារពាក់ព័ន្ធនឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ​ ដើម្បីគាំទ្រនិងអនុវត្តការកែទម្រង់ការគ្រង​ហិរញ្ញវត្ថុ​សាធារណៈ ដំណាក់កាលទី៤ ។ វគ្គបណ្ដុះបណ្ដាលនេះ មានមុខវិជ្ជាចំនួន ៤ គឺ​ ការរៀបចំថវិកាសមិទ្ធកម្ម, នីតិវិធីអនុវត្តចំណាយថវិកាចរន្ត និងតាមដានវាយតម្លៃ, លទ្ធកម្មសាធារណៈ និង​ គណនេយ្យសាធារណៈ ផ្នែករជ្ជទេយ្យបុរេប្រទាន ដែលមានរយៈពេលសរុប ៦០ ម៉ោង ពីថ្ងៃទី​ ២៨ ខែ មេសា ឆ្នាំ​ ២០២៥ ដល់ថ្ងៃទី​ ២៨ ខែ​ ឧសភា ឆ្នាំ​ ២០២៥ ។