វិទ្យាស្ថាន​សេដ្ឋ​កិច្ច និងហិញ្ញវត្ថុ នៃក្រ​សួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ សហការ​ជាមួយ​វិទ្យា​ស្ថាន​ជាតិ​គណ​នេយ្យ និង វិទ្យាស្ថាន​ហិរញ្ញវត្ថុ​និង​អភិវឌ្ឍ​អាស៊ី-ប៉ា​ស៊ី​ភិច (SNAI/AFDI) នៃទីក្រុង​សៀងហៃ ប្រទេស​ចិន បណ្តុះ​បណ្តាល​ពីភាពជា​អ្នក​ដឹកនាំ ក្នុងការគ្រប់គ្រង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុសាធារណៈ

នាព្រឹកថ្ងៃទី ៤ ខែ វិច្ឆិកា ឆ្នាំ ២០២៤ នៅទីរួមខេត្តសៀមរាប, វិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (EFI) នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហការជាមួយវិទ្យាស្ថានជាតិគណនេយ្យ និង វិទ្យាស្ថានហិរញ្ញវត្ថុនិងអភិវឌ្ឍអាស៊ី-ប៉ាស៊ីភិច (SNAI/AFDI) នៃទីក្រុងសៀងហៃ បានបើកសិក្ខាសាលាបណ្តុះបណ្តាលស្តីពី «ភាពជាអ្នកដឹកនាំក្នុងការគ្រប់គ្រងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសាធារណៈ បទពិសោធប្រទេសចិន» ជូនសិក្ខាកាមជាថ្នាក់ដឹកនាំជាន់ខ្ពស់ ចំនួន ៣០ រូប ដែលមកពីក្រសួងស្ថាប័នពាក់ព័ន្ធនៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលដៅពង្រឹងពង្រីកសមត្ថភាព និង លើកកម្ពស់ការយល់ដឹងពាក់ព័ន្ធនឹងការគ្រប់គ្រងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសាធារណៈ ។
ពិធីបើកសិក្ខាសាលាបណ្តុះបណ្តាលនេះ បានប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារកសាងសមត្ថភាពនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការអញ្ជើញចូលរួមពី លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការជាថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង លោកស្រី បាវ ស៊ាវវិន លេខាធិការនៃគណៈកម្មការអធិការកិច្ចវិន័យ នៃវិទ្យាស្ថានជាតិគណនេយ្យ និង ជាអនុប្រធានវិទ្យាស្ថាន AFDI ព្រមទាំងសាស្រ្តាចារ្យ ឧទ្ទេសាចារ្យ វាគ្មិន រួមនឹងថ្នាក់ដឹកនាំ មន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋានក្រសួង និង វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។
ថ្លែងនាឱកាសនោះ, ឯកឧត្តមបណ្ឌិតសភាចារ្យ បានស្វាគមន៍ និង ថ្លែងអំណរគុណចំពោះគណៈប្រតិភូនៃភាគីមិត្តចិន ជាពិសេស វិទ្យាស្ថានជាតិគណនេយ្យ និង វិទ្យាស្ថានហិរញ្ញវត្ថុនិងអភិវឌ្ឍអាស៊ី-ប៉ាស៊ីភិច (SNAI/AFDI) នៃទីក្រុងសៀងហៃ ដែលបានសហការជិតស្និទ្ធជាមួយនឹងវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងការរៀបចំសិក្ខាសាលាបណ្ដុះបណ្ដាលនាពេលនេះ ក៏ដូចជាវគ្គបណ្ដុះបណ្តាល ទស្សនកិច្ចសិក្សា និង ចែករំលែកចំណេះដឹង បទពិសោធ ជូនដល់សិក្ខាកាមជាមន្រ្តីរាជការ និង ថ្នាក់ដឹកនាំរបស់ក្រសួងស្ថាប័ននៃព្រះរាជាណាចក្រកម្ពុជា នាពេលកន្លងមក ដែលបាន និង កំពុងចូលរួមយ៉ាងសកម្ម ក្នុងការអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅព្រះរាជាណាចក្រកម្ពុជា ចាប់តាំងពីឆ្នាំ ២០១១ រហូតមក ។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានជម្រាបជូនអង្គពិធីថា ក្រោមចក្ខុវិស័យប្រកបដោយភាពជាអ្នកដឹកនាំដ៏ឈ្លាសវៃ របស់ប្រមុខដឹកនាំប្រទេសទាំងពីរ, ប្រជាជននៃប្រទេសទាំងពីរ បានទទួលនូវអត្ថមនុញ្ញផល និង កាលានុវត្តដ៏ប្រសើរជាច្រើន រាប់តាំងពីឱកាសនៃការធ្វើធុរកិច្ច ពាណិជ្ជកម្ម ការប្រកបការងារ ការសិក្សាស្រាវជ្រាវ និង ការធ្វើដំណើរកំសាន្តជាលក្ខណៈ បុគ្គល គ្រួសារ និង សហគមន៍ ជាដើម ។
ដោយឡែក, ក្រសួងស្ថាប័នរបស់ប្រទេសទាំងពីរ ក៏ទទួលបានឱកាសក្នុងការផ្លាស់ប្តូរចំណេះដឹង ជំនាញ និង បទពិសោធទៅវិញទៅមកផងដែរ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចសិក្សា ការផ្តល់អាហារូបករណ៍ និង ការចែករំលែកព័ត៌មាន ជាដើម ដែលការណ៍ទាំងនោះ បានធ្វើឱ្យមន្ត្រីបម្រើការងារស្ថាប័នរដ្ឋកាន់តែមានចំណេះដឹង និង ការយល់ដឹងទូលំទូលាយ ប្រកបដោយជំនាញវិជ្ជាជីវៈ និង នវានុវត្តន៍ ។
លោកស្រី បាវ ស៊ាវវិន បានគូសបញ្ជាក់ថា ក្រោមការណែនាំ និង ការគាំទ្រយ៉ាងមុតមាំរបស់ក្រសួងហិរញ្ញវត្ថុនៃប្រទេសចិន និង ព្រះរាជាណាចក្រកម្ពុជា, ចាប់តាំងពីឆ្នាំ ២០១១ មក វិទ្យាស្ថាន SNAI/AFDI និង វិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា (EFI) បានអនុវត្តយ៉ាងសកម្មនូវកិច្ចសហប្រតិបត្តិការពង្រឹងសមត្ថភាពហិរញ្ញវត្ថុរវាងទ្វេភាគី ហើយបានរៀបចំសិក្ខាសាលាជាច្រើនលើប្រធានបទផ្សេងៗ ក្នុងការគ្រប់គ្រង និង ការកែទម្រង់ហិរញ្ញវត្ថុសាធារណៈ ដោយសម្រេចបានលទ្ធផលយ៉ាងល្អប្រសើរ ។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសរំលេចថា គិតចាប់តាំងពីឆ្នាំ ២០១១ មក, វិទ្យាស្ថានទាំងពីរ (EFI and SNAI/AFDI) បានសហការជិតស្និទ្ធក្នុងការរៀបចំ និង អនុវត្ត វគ្គសិក្សារយៈពេលខ្លី និង ទស្សនកិច្ចសិក្សា ប្រមាណជា ៤៣ វគ្គ និង មានសិក្ខាកាមជាមន្រ្តីរាជការកម្ពុជា ទាំងនៅថ្នាក់ជាតិ និង រដ្ឋបាលថ្នាក់ក្រោមជាតិ សុរប ចំនួន ១ ៣៣០ នាក់ បានទទួលការបណ្ដុះបណ្តាល ពង្រឹងពង្រីកសមត្ថភាព និង លើកកម្ពស់ការយល់ដឹង លើជំនាញពាក់ព័ន្ធនឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដោយទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ ។ អតីតសិក្ខាកាមទាំងនោះ បាននិងកំពុងបន្តចូលរួមយ៉ាងសកម្មក្នុងការអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក៏ដូចជា ការបំពេញតួនាទី និង ភារកិច្ចជូនអង្គភាពនិងក្រសួងស្ថាប័នរៀងៗខ្លួន ប្រកបដោយប្រសិទ្ធភាព ជាមួយនឹងចំណេះដឹង និង បទពិសោធបន្ថែមដែលទទួលបានពីវគ្គសិក្សាខាងលើ ។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានបញ្ជាក់បន្ថែមទៀតថា កាលពីពាក់កណ្តាលខែ កក្កដា ឆ្នាំ ២០២៤ កន្លងមកថ្មីៗនេះ, វិទ្យាស្ថានទាំងពីរ (EFI and SNAI/AFDI) បានសហការរៀបចំវគ្គបណ្តុះបណ្តាលពិសេសមួយស្តីពី «ថវិកាសមិទ្ធកម្ម : បទពិសោធប្រទេសចិន» ជូនសិក្ខាកាមស្ត្រីថ្នាក់ដឹកនាំ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ចំនួន ៣០ រូប របស់ក្រសួងស្ថាប័ន នៃព្រះរាជាណាចក្រកម្ពុជា ទៅសិក្សា ស្វែងយល់ និង ដកស្រង់បទពិសោធជាក់ស្តែងដោយផ្ទាល់ នៅទីក្រុងសៀងហៃ និង នៅបណ្ដាអង្គភាព និង ស្ថាប័នមួយចំនួន នាទីក្រុងស៊ូចូវ នៃប្រទេសចិន ។ លើសពីនេះ, សិក្ខាកាមនៃសិក្ខាសាលាបណ្តុះបណ្តាលពេលនេះ, ក្នុងខែ ធ្នូ ឆ្នាំ ២០២៤ ខាងមុខ ក៏នឹងត្រូវទៅចូលរួមសិក្សា និង ស្វែងយល់បន្តលើប្រធានបទសំខាន់ និង មានលក្ខណៈជាស៊េរីពាក់ព័ន្ធនឹងការគ្រប់គ្រងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសាធារណៈ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងសៀងហៃ ប្រទេសចិន ។
ឆ្លៀតក្នុងឱកាសនៃទស្សនកិច្ចរបស់គណៈប្រតិភូវិទ្យាស្ថាន AFDI នេះដែរ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប និង លោកស្រី បាវ ស៊ាវវិន បានជួបពិភាក្សា និង ពិនិត្យលទ្ធភាពក្នុងការពង្រឹង និង ពង្រីកកិច្ចសហប្រតិបត្តិការដែលមានស្រាប់ លើការបណ្តុះបណ្តាលជូនសិក្ខាកាមជាមន្រ្តីរាជការ និង ថ្នាក់ដឹកនាំ របស់ក្រសួងស្ថាប័ននៃព្រះរាជាណាចក្រកម្ពុជា ។ ជាលទ្ធផល, អង្គជំនួបបានឯកភាពជាគោលការណ៍ លើការសិក្សាស៊ីជម្រៅ ដើម្បីអភិវឌ្ឍកម្មវិធីបណ្តុះបណ្តាលផ្សេងទៀត ទៅលើប្រធានបទមួយចំនួន រួមមាន ហិរញ្ញវត្ថុសេដ្ឋកិច្ចបៃតង, ភាពជាដៃគូរវាងរដ្ឋ និង វិស័យឯកជន ជាដើម ៕