ពិព័រ​ណ៍​ផ្សារ​ភាគ​ហ៊ុន​កម្ពុជា “My First STOCK” ឆ្នាំ ២០២៤

នាព្រឹកថ្ងៃទី ២៥ ខែ តុលា ឆ្នាំ ២០២៤ នៅផ្សារទំនើប អ៊ីអនម៉ល ភ្នំពេញ, និយ័តករមូលបត្រកម្ពុជា បានចូលរួមសហការជាមួយផ្សារមូលបត្រកម្ពុជា រៀបចំ ពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជា “My First STOCK” ឆ្នាំ ២០២៤ និង ការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ មុខងារទូទាត់សាច់ប្រាក់តាមពហុភ្ជាប់ភ្នាក់ងារទូទាត់សាច់ប្រាក់ពាក់ព័ន្ធនឹងមូលបត្រ (Multi-CSAs) ក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃផ្សារមូលបត្រកម្ពុជា ។
ពិធីនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា, ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជា, ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួង ស្ថាប័ន, វិស័យឯកជន, ក្រុមហ៊ុនជាតិ អន្តរជាតិ, វិនិយោគិនស្ថាប័ន, ព្រមទាំងភ្ញៀវជាតិ អន្តរជាតិជាច្រើនរូប ។
ពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជា “My First STOCK” ដែលមានរយៈពេល ៣ ថ្ងៃនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងបញ្ជ្រាបការយល់ដឹង និង ជំរុញការសិក្សាស្វែងយល់ របស់សាធារណជន អំពីកាលានុវត្តភាពវិនិយោគ ក្នុងទីផ្សារមូលបត្រកម្ពុជា ដែលជាផ្នែកមួយក្នុងការបង្កើនសមត្ថភាព និង ចំណេះដឹង ផ្នែកហិរញ្ញវត្ថុ និង វិនិយោគ ។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានគូសរំលេចថា បន្ថែមលើការលើកកម្ពស់ការយល់ដឹង និង ការផ្សព្វផ្សាយដល់សាធារណជន, កម្មវិធី “My First Stock” ក៏នឹងបង្កើនទំនុកចិត្តដល់វិនិយោគិន តាមរយៈជំនួបផ្ទាល់ជាមួយនិយ័តករ, ប្រតិបត្តិករ, ក្រុមហ៊ុនមូលបត្រ, ក្រុមហ៊ុនបោះផ្សាយ និង តួអង្គពាក់ព័ន្ធផ្សេងទៀត ជាពិសេស ផ្តល់ឱកាសក្នុងការចាប់ផ្តើមវិនិយោគក្នុងទីផ្សារមូលបត្រ, ព្រមទាំងបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ទុនវិនិយោគ និង ការគ្រប់គ្រងហានិភ័យ ។
ឯកឧត្តម ស៊ូ សុជាតិ បានគូសបញ្ជាក់ថា វិស័យមូលបត្រ គឺជាសរសៃឈាមសេដ្ឋកិច្ច ដែលមានសក្តានុពលខ្ពស់នៅក្នុងការជំរុញការអភិវឌ្ឍគ្រប់វិស័យ តាមរយៈការផ្តល់នូវប្រភពទុនរយៈពេលវែង សម្រាប់សហគ្រាសក្រុមហ៊ុន ដើម្បីពង្រីកអាជីវកម្មរបស់ខ្លួន ។ អាស្រ័យហេតុនេះ, ដើម្បីធានាបាននូវការអភិវឌ្ឍវិស័យមូលបត្រ ប្រកបដោយប្រសិទ្ធភាព បរិយាបន្ន និង និរន្តរភាព, និយ័តករមូលបត្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្រ្ត និង គោលនយោបាយនានា សំដៅធ្វើឱ្យវិស័យមូលបត្រនៅកម្ពុជា អាចរីកចម្រើនបានឆាប់រហ័ស ប្រកបដោយនិរន្តរភាព បរិយាបន្ន និង នវានវុត្តន៍ ។
ឯកឧត្តម ហុង សុហួរ បានជម្រាបជូនអង្គពិធីថា ការវិនិយោគទៅលើភាគហ៊ុន គឺជាជម្រើសមួយដ៏ល្អប្រសើរ សម្រាប់អ្នកដែលទើបចាប់ផ្តើមរៀនវិនិយោគដំបូង ដោយចាប់ផ្តើមពីដើមទុនតិច ប៉ុន្តែទទួលបាននូវអត្ថប្រយោជន៍ច្រើន និង អាចពង្រីកនូវសំណុំវិនិយោគ ដើម្បីបង្កើតចំណូលអកម្មរបស់ខ្លួនបន្ថែមទៀត តាមរយៈទីផ្សារមូលបត្រនេះ ។ ដូច្នេះ គួរតែចាប់ផ្តើមវិនិយោគឱ្យបានលឿន និង អនុវត្តឱ្យបានខ្ជាប់ខ្ជួន ដោយការយកសាច់ប្រាក់ដែលសល់ពីការចំណាយចាំបាច់ មកវិនិយោគដើម្បីសម្រេចបាននូវគោលដៅហិរញ្ញវត្ថុផ្ទាល់ខ្លួន នាពេលអនាគត ។ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានគូសរំលេចបន្ថែមថា ក្រោមការដឹកនាំដ៏ស្វាហាប់ ឈ្លាសវៃ និង ប៉ិនប្រសព្វរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា, រាជរដ្ឋាភិបាល មានចក្ខុវិស័យក្នុងការប្រែក្លាយកម្ពុជាទៅជា ប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ តាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា ។ ជាមួយគ្នានេះ, មុំទី៥ នៃបញ្ចកោណទី ២ ផ្តោតសំខាន់លើការធ្វើនវានុវត្ត យន្តការហិរញ្ញប្បទាន និង ផលិតផលហិរញ្ញវត្ថុ សម្រាប់គាំទ្រដល់ការវិនិយោគ ។
ក្នុងស្មារតីនេះ, ឯកឧត្តមបណ្ឌិតសភាចារ្យ បានជំរុញឱ្យ ឯកឧត្តម ស៊ូ សុជាតិ និង ឯកឧត្តម ហុង សុហួរ បន្តយកចិត្តទុកដាក់ទៅលើការអភិវឌ្ឍបច្ចេកវិទ្យា ក៏ដូចជាការធ្វើនវានុវត្តក្នុងវិស័យហិរញ្ញវត្ថុ តួយ៉ាង ការដាក់ឱ្យដំណើការមុខងារទូទាត់សាច់ប្រាក់តាមពហុភ្ជាប់ភ្នាក់ងារទូទាត់សាច់ប្រាក់ពាក់ព័ន្ធនឹងមូលបត្រ នាថ្ងៃនេះ, ការធ្វើទំនើបកម្មប្រព័ន្ធបើកគណនីជួញដូរតាមអនឡាញ, ប្រព័ន្ធជួញដូរមូលបត្រ, យន្តការដកដាក់សាច់ប្រាក់ និង ប្រព័ន្ធ/យន្តការផ្សេងៗទៀត សំដៅគាំទ្រដល់ការវិនិយោគ និង បង្កើនទំនុកចិត្តរបស់វិនិយោគិនក្នុងវិស័យមូលបត្រ ៕