ជំនួប​ពិ​ភាក្សា​ការ​ងារ​រវាង​ឯក​ឧត្តម​បណ្ឌិត​ស​ភា​ចារ្យ​ ហ៊ាន សាហ៊ីប រដ្ឋ​លេ​ខា​ធិ​ការ​ក្រសួង​សេដ្ឋ​កិច្ច និង ហិរញ្ញ​វត្ថុ ជា​មួយ​ឯក​ឧត្តម Ihor Bezkaravainyi អនុ​រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋ​កិច្ច​នៃ​ប្រទេស​អ៊ុយ​ក្រែន

នារសៀលថ្ងៃទី ២ ខែ មេសា ឆ្នាំ ២០២៤ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, បានដឹកនាំមន្ត្រីជំនាញក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃសាធារណរដ្ឋអ៊ុយក្រែន ដឹកនាំដោយឯកឧត្តម Ihor Bezkaravainyi អនុរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនៃប្រទេសអ៊ុយក្រែន ។ ក្នុងជំនួបនេះ មានការចូលរួមពី ឯកឧត្តម Oleksandr GAMAN ឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ និង មន្ត្រីនៃស្ថានទូតអ៊ុយក្រែនប្រចាំកម្ពុជា ។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានស្វាគមន៍គណៈប្រតិភូកនៃសាធារណរដ្ឋអ៊ុយក្រែន ដែលបានឆ្លៀតពេលមកជួបពិភាក្សាការងារជាមួយក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ក្នុងឱកាសដែល ឯកឧត្តមអនុរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ឯកឧត្តមឯកអគ្គរដ្ឋទូតនៃប្រទេសអ៊ុយក្រែន អញ្ជើញមកស្វែងយល់អំពីការងារបោសសម្អាតមីននៅព្រះរាជាណាចក្រកម្ពុជា ។
ឯកឧត្តមឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ឯកឧត្តមបណ្ឌិតសភាចារ្យ ដែលបានទទួលជួបគណៈប្រតិភូអ៊ុយក្រែន ដើម្បីស្វែងយល់អំពីកាលានុវត្តភាពវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំងពិនិត្យលទ្ធភាពនៃកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច រវាងប្រទេសទាំង ២ ។
ឆ្លៀតក្នុងឱកាសនោះ, ឯកឧត្តមបណ្ឌិតសភាចារ្យ បានជម្រាបជូនគណៈប្រតិភូកនៃសាធារណរដ្ឋអ៊ុយក្រែន អំពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា, ច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ដែលមានលក្ខណៈបើកចំហ និង អំណោយផល ចំពោះវិនិយោគិន ជាពិសេសវិនិយោគិនបរទេស, ក្របខណ្ឌគោលនយោបាយ, និង យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ ដែលត្រូវបានដាក់ចេញដោយ រាជរដ្ឋាភិបាលក្នុងនីតិកាលទី ៧ នៃរដ្ឋសភា ដោយកាន់តែផ្តោតខ្លាំងលើ ការកែទម្រង់អភិបាលកិច្ច និង ការធ្វើទំនើបកម្មស្ថាប័នរដ្ឋ ។
ឯកឧត្តមអនុរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច បានវាយតម្លៃខ្ពស់ចំពោះកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាបាលកម្ពុជា ក្នុងការសម្រេចបានសមិទ្ធផលធំៗជាច្រើន ក្នុងរយៈពេលជាង ២ ទសវត្សរ៍ចុងក្រោយនេះ ជាពិសេស ការប្រែក្លាយកម្ពុជាពីប្រទេសមានសង្គ្រាម និង ជាប្រទេសក្រីក្របាតដៃទទេកាលពីជាង ៤០ ឆ្នាំមុន ទៅជាប្រទេសចំណូលមធ្យមកម្រិតទាប ។ ជាពិសេស ចក្ខុវិស័យក្នុងការប្រែក្លាយកម្ពុជាឱ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និង ក្លាយជាប្រទេសមានខ្ពស់នៅឆ្នាំ ២០៥០ ខាងមុខ ។
ជាចុងក្រោយ, ឯកឧត្តមបណ្ឌិតសភាចារ្យ បានស្នើឱ្យគណៈប្រតិភូនៃសាធារណរដ្ឋអ៊ុយក្រែន ផ្តល់អាទិភាពខ្ពស់លើការសិក្សាអំពីកាលានុវត្តភាពធុរកិច្ច នៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែជិតស្និទ្ធ រវាងប្រទេសទាំងពីរ ជាពិសេស ក្នុងវិស័យបច្ចេកវិទ្យាព័ត៌មានវិទ្យា ការនាំចេញ និង នាំចូលផលិតផលកសិកម្ម និង ការប្រើប្រាស់បច្ចេកវិទ្យា និង គ្រឿងយន្តកសិកម្ម ជាដើម ៕