ក្រុម​ការ​ងារ​ជំ​រុញ​ការ​វិ​និ​យោគ​ក្នុង​ខេត្ត​ព្រះ​សី​ហ​នុ​ ដាក់​ចេញ​វិ​ធី​សាស្ត្រ​ដោះ​ស្រាយ​វិ​វាទ​ សម្រាប់​គម្រោង​ដែល​ពាក់​ព័ន្ធ​នឹង​អ​គារ​ជាប់​គាំង​

នាព្រឹកថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០២៤ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និង ជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ សម្រាប់គម្រោងវិនិយោគពាក់ព័ន្ធនឹងអគារជាប់គាំង ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តមរដ្ឋលេខាធិការ, អនុរដ្ឋលេខាធិការ, អគ្គនាយក, អគ្គលេខាធិការរង តំណាងក្រសួងស្ថាប័ន រួមមាន ក្រសួងយុត្តិធម៌, ក្រុមប្រឹក្សាអ្នកច្បាប់, ក្រសួងពាណិជ្ជកម្ម, ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និង នវានុវត្តន៍, ក្រសួងមហាផ្ទៃ, ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់, ក្រសួងទេសចរណ៍, ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ, ក្រសួងសាធារណការ និង ដឹកជញ្ជូន, រដ្ឋបាលខេត្តព្រះសីហនុ, និង មន្រ្តីជំនាញពាក់ព័ន្ធ ។
“កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤” បានដាក់ចេញវិធានការ “ជំរុញការប្រើប្រាស់យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ស្របតាមបទប្បញ្ញត្តិច្បាប់ចំពោះវិវាទដែលពាក់ព័ន្ធនឹងការវិនិយោគ”។ តាមរយៈនេះ, ក្រុមការងារបានសម្រេចផ្តល់គោលការណ៍លើកទឹកចិត្ត ការអនុគ្រោះ និង ការសម្រួលនីតិវិធី រួមទាំងការសម្របសម្រួលវិវាទដល់ វិនិយោគិន ឬ ធុរជនជាច្រើន ដែលមានគម្រោងពាក់ព័ន្ធនឹងអគារជាប់គាំង ។ ជាលទ្ធផល, វិវាទមួយចំនួនត្រូវបានដោះស្រាយក្រៅប្រព័ន្ធតុលាការ ហើយមួយចំនួនទៀតកំពុងស្ថិតក្នុងដំណើរការនីតិវិធីសម្របសម្រួល ដើម្បីឈានទៅដោះស្រាយក្នុងពេលខាងមុខ ។
ផ្អែកតាមពិសោធន៍ និង ក្របខ័ណ្ឌច្បាប់ជាធរមាន, ក្រុមការងារបានដាក់ចេញវិធីសាស្រ្តជំរុញ និង សម្របសម្រួលការដោះស្រាយវិវាទលើគម្រោងដែលពាក់ព័ន្ធនឹងអគារជាប់គាំង ដោយធ្វើការសិក្សាស្វែងយល់អំពីអង្គហេតុ និង អង្គច្បាប់, ការរៀបចំស្ថិតិប្រភេទវិវាទជាក្រុម ពោលគឺ ក្រុមវិវាទដែលស្ថិតក្នុងប្រព័ន្ធតុលាការ និង ក្រុមវិវាទដែលនៅក្រៅប្រព័ន្ធតុលាការ, ការផ្តល់ការប្រឹក្សាយោបល់, និង ការរៀបចំកិច្ចប្រជុំសម្របសម្រួលវិវាទ រួមទាំងការជំរុញ ឬ ពន្លឿននីតិវិធីច្បាប់ តាមរយៈយន្តការក្រុមការងារដែលមានតំណាងមកពីក្រសួងស្ថាប័នពាក់ព័ន្ធ ។
ទន្ទឹមនេះ, ក្រុមការងារសូមលើកទឹកចិត្តដល់ ធុរជន និង វិនិយោគិន ដែលមាន ឬ ពាក់ព័ន្ធនឹងអគារកំពុងជាប់គាំង ពោលគឺ ទាំងម្ចាស់ដី ម្ចាស់អគារ ឬ ភាគីផ្សេងទៀត ធ្វើការទំនាក់ទំនងមកក្រុមការងារ ដើម្បីផ្តល់កិច្ចសហការចូលរួមដោះស្រាយបញ្ហាអគារជាប់គាំង ដែលមានអាសយដ្ឋាន ផ្លូវជាតិលេខ៤ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ឬ នៅអគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច ជាន់ទី២១ សង្កាត់/ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ និង តាមរយៈលេខទូរសព្ទ/តេឡេក្រាម ០១២ ៩០២ ២០០, ០៨៩ ៧២៦ ០២៨ និង ០១៦ ៣២១ ០១០ ៕