គេហទំព័រដើម » សេចក្តីប្រកាសព័ត៌មាន » ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ រៀបចំកិច្ចប្រជុំពិភាក្សាលើការបង់កម្រៃសេវាសាធារណៈ លើការនាំចេញផលិតផលដែលមានប្រភពដើមកំណើតពីសត្វ សម្រាប់គម្រោងវិនិយោគក្នុងខេត្តព្រះសីហនុ
- admin
- October 23, 2024
- 11:51 am
ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ រៀបចំកិច្ចប្រជុំពិភាក្សាលើការបង់កម្រៃសេវាសាធារណៈ លើការនាំចេញផលិតផលដែលមានប្រភពដើមកំណើតពីសត្វ សម្រាប់គម្រោងវិនិយោគក្នុងខេត្តព្រះសីហនុ
នារសៀលថ្ងៃទី ២៣ ខែ តុលា ឆ្នាំ ២០២៤ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និង ជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការបង់កម្រៃសេវាសាធារណៈ លើការនាំចេញផលិតផលពាក់កណ្តាលសម្រេច ដែលមានប្រភពដើមកំណើតពីសត្វ របស់គម្រោងវិនិយោគកែច្នៃស្បែកសត្វ ដែលមានទីតាំងក្នុងខេត្តព្រះសីហនុ ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ, ឯកឧត្តមអគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា, ឯកឧត្តមប្រធានលេខាធិការដ្ឋានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ, តំណាងអគ្គនាយកដ្ឋានគោលនយោបាយ ព្រមទាំងមន្រ្តីជំនាញពាក់ព័ន្ធ ។
សូមជម្រាបជូនថា គម្រោងវិនិយោគនេះ ស្ថិតក្នុងប្រភេទឧស្សាហកម្មកែច្នៃ ដែលមានសក្តានុពលខ្ពស់ និង ជាផ្នែកមួយនៃការធ្វើពិពិធកម្មគម្រោងវិនិយោគនៅក្នុងខេត្តព្រះសីហនុ ។ ជាមួយគ្នានេះ, អង្គប្រជុំ បានសម្តែងការគាំទ្រចំពោះគម្រោងវិនិយោគនេះ និង បានជំរុញឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ បន្តផ្តល់ការសម្របសម្រួលតាមសមត្ថកិច្ចរៀងៗខ្លួន សំដៅជំរុញឱ្យការវិនិយោគ ព្រមទាំងការផ្តល់ការលើកទឹកចិត្តពិសេស សម្រាប់គម្រោងនេះអាចដំណើរការបានក្នុងឆ្នាំ ២០២៤ ៕