ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ស្វា​គមន៍និង​គាំ​ទ្រ​ការ​ចូល​រួម​ពី​វិ​ស័យ​ឯក​ជនក្នុង​ការ​អ​ភិ​វឌ្ឍ​ជំនាញ​បច្ចេក​​វិទ្យា​ព័ត៌​មាន​នៅ​ក្នុង​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​

នាព្រឹកថ្ងៃទី ២៤ ខែ មេសា ឆ្នាំ ២០២៥ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ឯកឧត្ដមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូសកលវិទ្យាល័យគ័ងយូ (Gwangju University) នៃសាធារណរដ្ឋកូរ៉េ ដែលដឹកនាំដោយលោកបណ្ឌិត Dong-jin Kim , ប្រធានសកលវិទ្យាល័យគ័ងយូ ។
លោកបណ្ឌិតប្រធានសកលវិទ្យាល័យ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ឯកឧត្តមបណ្ឌិតសភាចារ្យ ដែលបានទទួលជួបគណៈប្រតិភូសកលវិទ្យាល័យគ័ងយូ ក្នុងឱកាសនៃការបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ។ លោកបណ្ឌិត បានជម្រាបជូនឯកឧត្តមបណ្ឌិតសភាចារ្យ អំពីប្រវត្តិ និង ព័ត៌មានពាក់ព័ន្ធនឹងសកលវិទ្យាល័យគ័ងយូ ព្រមទាំងបានបង្ហាញនូវគោលបំណងរបស់សកលវិទ្យាល័យ ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីបើកវគ្គបណ្ដុះបណ្ដាលលើជំនាញវិជ្ជាជីវៈផ្នែកបច្ចេកវិទ្យាព័ត៌មាន នៅព្រះរាជាណាចក្រកម្ពុជា តាមរយៈកិច្ចសហការជាមួយសកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលជាដៃគូយុទ្ធសាស្ត្ររបស់វិទ្យាស្ថានសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានបញ្ជាក់ជូនគណៈប្រតិភូសកលវិទ្យាល័យគ័ងយូ អំពីគោលជំហគាំទ្ររបស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ក្នុងការលើកទឹកចិត្តដល់សកលវិទ្យាល័យ ក្នុងការបង្កើតកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ផ្នែកបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍ នៅព្រះរាជាណាចក្រកម្ពុជា ។ ឯកឧត្តមបណ្ឌិតសភាចារ្យ បានបន្ថែមទៀតថា រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា បានផ្ដល់អាទិភាពខ្ពស់លើការអភិវឌ្ឍជំនាញវិជ្ជាជីវៈផ្នែកបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍នេះ ។ ជាមួយនឹងការរីកចម្រើន និង វិវត្តន៍យ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា ជាពិសេស បច្ចេកវិទ្យាព័ត៌មាន និង គមនាគមន៍, រាជរដ្ឋាភិបាល បាន និង កំពុងពង្រឹង និង ពង្រីកថ្នាលបណ្ដុះចំណេះដឹង និង ជំនាញវិជ្ជាជីវៈ ក្នុងការគាំទ្រដល់ប្រជាពលរដ្ឋកម្ពុជា ជាពិសេស យុវជន ក្នុងការចាប់យកបរិវត្តកម្មឌីជីថល ។
ឯកឧត្ដមបណ្ឌិតសភាចារ្យ បានគូសរំលេចអំពីគោលនយោបាយលើកទឹកចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់វិស័យអប់រំនៅកម្ពុជា និង ការចូលរួមចំណែករបស់វិស័យឯកជន (ជាតិ និង អន្តរជាតិ) ក្នុងការចូលរួមចំណែកអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ជាពិសេស លើជំនាញផ្នែកបច្ចេកវិទ្យាព័ត៌មាន និង គមនាគមន៍ ដែលជាជំនាញដ៏មានសារៈសំខាន់បំផុត ក្នុងការពន្លឿនកំណើនសេដ្ឋកិច្ចកម្ពុជា ។
ជាមួយគ្នានេះ, ឯកឧត្ដមបណ្ឌិតសភាចារ្យ បានជម្រាបគណៈប្រតិភូសកលវិទ្យាល័យ អំពីស្ថានភាព និង ចរន្តនៃការចាប់យកមុខវិជ្ជាសិក្សារបស់សិស្ស-និស្សិតកម្ពុជា ដែលផ្អែកលើការនិយមចូលចិត្ត ជាជាងតម្រូវការទីផ្សារការងារបច្ចុប្បន្ន និង អនាគត ជាពិសេស ពុំសូវមានសិស្ស-និស្សិតកម្ពុជាចូលចិត្តសិក្សា និង ចាប់យកជំនាញបច្ចេកវិទ្យាព័ត៌មាន និង ជំនាញថ្មីៗ ដូចជា បញ្ញាសិប្បនិម្មិត (AI), វិទ្យាសាស្ត្រទិន្នន័យ (Data Science), ប្លុកឆេន (Block Chain), បច្ចេកវិទ្យាក្លោដ (Cloud Technology) ជាដើម ។ ការណ៍នេះ នាំឱ្យរាជរដ្ឋាភិបាលត្រូវកសាងយន្តការជំរុញឱ្យបានខ្លាំងក្លាបន្ថែមទៀត ក្នុងការលើកទឹកចិត្ត និង តម្រង់ទិសយុវជនកម្ពុជា ឱ្យចាប់យកជំនាញ ដែលជាតម្រូវការទីផ្សារការងារបច្ចុប្បន្ន ជាពិសេស ទីផ្សារការងារនាពេលអនាគត ។
ក្នុងកំឡុងពេលនៃទស្សនកិច្ចរបស់គណៈប្រតិភូសកលវិទ្យាល័យគ័ងយូ នៃសាធារណរដ្ឋកូរ៉េ នៅក្នុងព្រះរាជាណាចក្រកម្ពុជា, សកលវិទ្យាល័យគ័ងយូ នឹងធ្វើការចុះអនុស្សារណៈយោគយល់គ្នា ជាមួយសកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (ដែលជាដៃគូយុទ្ធសាស្ត្រ របស់វិទ្យាស្ថានសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ) ក្នុងការសហការបណ្ដុះបណ្ដាលលើជំនាញវិជ្ជាជីវៈរយៈពេលខ្លី ផ្នែកបច្ចេកវិទ្យាព័ត៌មានថ្មីៗ ដើម្បីផ្គត់ផ្គង់ដល់ទីផ្សារការងារនៅក្នុងព្រះរាជាណាចក្រកម្ពុជា, សាធារណរដ្ឋកូរ៉េ និង បណ្ដាប្រទេសនៅក្នុងតំបន់ ៕