ក្រសួង​សេ​ដ្ឋ​កិ​ច្ច​និង​ហិ​រញ្ញ​វត្ថុ​ចាប់​ផ្តើម​យុទ្ធ​នា​ការ​បណ្តុះ​បណ្តាល​“ការ​ប្រើ​ប្រាស់​ FMIS ជំ​នាន់​ថ្មី​”

នាព្រឹកថ្ងៃទី ២៨ ខែ ឧសភា ឆ្នាំ ២០២៤, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបើកកម្មវិធីបណ្តុះបណ្តាលស្តីពី “ការប្រើប្រាស់ FMIS ជំនាន់ថ្មី” ទៅកាន់គ្រប់ការដ្ឋានដែលប្រើប្រាស់ FMIS ក្នុងការកត់ត្រាប្រតិបត្តិការហិរញ្ញវត្ថុ ដែលមានមន្រ្តីជំនាញចូលរួមសរុបប្រមាណ ៤០០ រូប ។ កម្មវិធីនេះ បានប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS ។
ថ្លែងក្នុងឱកាសនោះ, ឯកឧត្តមបណ្ឌិតសភាចារ្យ បានលើកឡើងថា FMIS គឺជាប្រព័ន្ធបែបឌីជីថលូបនីយកម្ម ដែលមានលក្ខណៈមជ្ឈការសម្រាប់ការប្រើប្រាស់បែបវិមជ្ឈការ នៅតាមការដ្ឋាននានា ដើម្បីបង្កើនគណនេយ្យភាព, សង្គតិភាព និង ប្រសិទ្ធភាព នៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដោយអនុលោមតាមឧត្តមានុវត្តន៍អន្តរជាតិ ។ ទន្ទឹមនេះ, FMIS បានដើរតួនាទីគន្លឹះ ក្នុងការត្រួសត្រាយផ្លូវ នៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលជាឧបករណ៍បច្ចេកវិទ្យាព័ត៌មានស្នូល ផ្តល់ភាពជឿជាក់ និង មានអនុភាព សម្រាប់គាំទ្រ ដល់ការកែប្រែប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ជាពិសេស ការលុបបំបាត់នីតិវិធីការងារដែលអនុវត្តដោយដៃ និង លើឯកសារជាក្រដាស មកជាការអនុវត្តការងារតាម FMIS ទាំងស្រុង ។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសរំលេចថា ក្នុងគោលដៅធ្វើទំនើបកម្ម និង ដើរឱ្យទាន់ការវិវត្តនៃបច្ចេកវិទ្យាព័ត៌មាននៅលើសកលលោក, ក្រុមការងារបានគិតគូរ និង រៀបចំនូវផែនការកែលម្អប្រព័ន្ធរបស់យើង តាមរយៈការដំឡើងជំនាន់របស់ FMIS មកជាជំនាន់ថ្មីចុងក្រោយ ក្នុងឆ្នាំ ២០២៤ ដោយបានចាប់អនុវត្តផែនការ តាំងពីត្រីមាសទី ៣ ឆ្នាំ ២០២៣ គួបផ្សំជាមួយនឹងការពង្រឹងផ្នែកហេដ្ឋារចនាសម័្ពន្ធបច្ចេកវិទ្យាព័ត៌មាន និង ប្រព័ន្ធការពារសុវត្ថិភាព របស់ FMIS ។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ទៀតថា កម្មវិធីបណ្តុះបណ្តាលដែលរៀបចំឡើងសម្រាប់សិក្ខាកាមដែលជាអ្នកប្រើប្រាស់ FMIS ជាង ២ ០០០ នាក់នេះ មានគោលបំណង់សំខាន់ៗចំនួន ៣ គឺ
ទី១- បង្ហាញឱ្យឃើញច្បាស់ អំពីចំណុចគន្លឹះពាក់ព័ន្ធនឹងមុខងារនីមួយៗរបស់ប្រព័ន្ធ ដែលមានរំលេចផ្ទាំងការងារក្នុងទម្រង់ថ្មី ឬ ការរចនាថ្មីទៅលើផ្ទាំងទំព័រការងារ សម្រាប់ចូលទៅអនុវត្តប្រតិបត្តិការនានា រួមទាំងការទាញយករបាយការណ៍ជាដើម
ទី២- បង្ហាញពីភាពខុសគ្នា លើការប្រើប្រាស់ក្នុងទម្រង់រចនា FMIS ជំនាន់ថ្មីដោយផ្ទាល់ ក៏ដូចជា អត្ថប្រយោជន៍ផ្សេងៗបន្ថែមថ្មី សម្រាប់អ្នកប្រើប្រាស់ និង
ទី៣- បំពាក់សមត្ថភាពជូនអ្នកប្រើប្រាស់គ្រប់កម្រិត និង គ្រប់ការដ្ឋាន FMIS ទាំងអស់ ឱ្យមានសមត្ថភាពពេញលេញ ដើម្បីឈានទៅប្រើប្រាស់ FMIS ជំនាន់ថ្មីនេះ បានដោយប្រសិទ្ធភាព នាពេលដ៏ខ្លីខាងមុខ ។
ជាមួយគ្នានេះ, FMIS ជំនាន់ថ្មី មានអត្ថប្រយោជន៍គន្លឹះៗជាច្រើន រួមមាន៖
១. FMIS ជំនាន់ថ្មី មានបន្ថែមនូវមុខងារសុវត្ថិភាព (Security Function) ដែលកាន់តែទំនើប និង មានប្រសិទ្ធភាពខ្ពស់ក្នុងការទប់ស្កាត់ការបាត់បង់ ឬ លួចទិន្នន័យដោយប្រការណាមួយ
២. ផ្តល់ភាពទន់ភ្លន់ និង កាន់តែងាយស្រួលដល់អ្នកប្រើប្រាស់ (User Friendly) ដោយសារ FMIS ជំនាន់ថ្មីមានផ្ទាំងរចនាទំនើប និង ប្រើប្រាស់ជាមួយនឹងបច្ចេកវិទ្យាចុងក្រោយ ដែលក្នុងនោះអ្នកប្រើប្រាស់អាចបង្កើតជាបង្គុំមុខងារនៅលើផ្ទាំងរួម (Tile) ដោយខ្លួនឯង ដើម្បីងាយស្រួលចូលទៅប្រើប្រាស់មុខងារនីមួយៗ ដែលខ្លួនមានសិទ្ធិប្រើប្រាស់
៣. គ្រប់មុខងារស្នូលនៃ FMIS ជំនាន់ថ្មី នឹងដំណើរការលឿនជាងមុន ព្រមទាំងមានបំពាក់បន្ថែមនូវមុខងារ (Function) ថ្មីៗជាច្រើន ដែលអាចប្រើប្រាស់សម្រាប់តម្រូវការផ្សេងៗ
៤. ផ្តល់ភាពងាយស្រួល និង រហ័សក្នុងការទាញចេញជារបាយការណ៍នានា ដោយមានបន្ថែមនូវឧបករណ៍ (Tools) ថ្មីៗ សម្រាប់យកមកប្រើប្រាស់ក្នុងការវិភាគ និង ផ្តល់ជាព័ត៌មានសម្រាប់ការសម្រេចចិត្ត ជូនថ្នាក់ដឹកនាំគ្រប់កម្រិត
៥. ផ្តល់នូវមុខងារគាំទ្រឆ្លាតវៃ សម្រាប់ជំនួយដល់ការប្រើប្រាស់ភ្លាមៗ នៅពេលកត់ត្រាប្រតិបត្តិការនានា
៦. មានបន្ថែមមុខងារជូនដំណឹង (Notification Alert) ដល់អ្នកប្រើប្រាស់ ជាពិសេស អ្នកប្រើប្រាស់ទទួលបន្ទុកអនុម័ត ដោយរាល់ប្រតិបត្តិការដែលបញ្ជូនពីដំណាក់កាលមួយ ទៅដំណាក់កាលមួយ នឹងផ្តល់ជាសារជូនដំណឹងដល់អ្នកទទួលបន្ទុកសម្រាប់ប្រតិបត្តិការនោះ ដើម្បីពិនិត្យ និង សម្រេចតាមភារកិច្ច និង សិទ្ធិរៀងៗខ្លួន ។
កម្មវិធីបណ្តុះបណ្តាលខាងលើនេះ នឹងរៀបចំជា ២ វគ្គ គឺ វគ្គបណ្តុះបណ្តាលដោយផ្ទាល់ (វគ្គទី ១) ដែលបានរៀបចំឡើងនៅថ្ងៃទី ២៨ ខែ ឧសភា ឆ្នំា ២០២៤ និង វគ្គបណ្តុះបណ្តាលតាមរយៈប្រព័ន្ធសន្និសីទវីដេអូ (វគ្គទី ២) ដែលនឹងរៀបចំឡើងនៅថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ ២០២៤ ខាងមុខ ៕