កិច្ច​ប្រ​ជុំ​ផ្សព្វ​ផ្សាយ​សា​រា​ចរ​លេខ ០​៦​ ស​រ​ ចុះ​ថ្ងៃ​ទី​ ១​៣​ ខែឧ​ស​ភា​ ឆ្នាំ២​០​២​៤​ ស្តី​ពី ​ការ​រៀប​ចំ​ផែន​ការ​យុទ្ធ​សាស្ត្រ​ថ​វិ​កា​ឆ្នាំ​ ២​០​២​៥​-២​០​២​៧​ និង ការ​រៀប​ចំ​សេច​ក្តី​ព្រាង​ច្បាប់​ស្តី​ពី​ហិ​រញ្ញ​វត្ថុ​សម្រាប់​ការ​គ្រប់​គ្រង​ឆ្នាំ​ ២​០​២​៥

នាព្រឹកថ្ងៃទី ៧ ខែ មិថុនា ឆ្នាំ ២០២៤ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារថវិកាកម្រិតថ្នាក់ដឹកនាំអង្គភាពថវិកា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសារាចរលេខ ០៦ សរ ចុះថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០២៤ ស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ ២០២៥-២០២៧ និង ការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៥ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួង, ថ្នាក់ដឹកនាំ និង មន្ត្រីជំនាញ តំណាងគ្រប់អង្គភាពថវិកាថ្នាក់កណ្ដាលក្រសួង, មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្ត, អគ្គនាយកដ្ឋានថវិកា និង សមាជិកក្រុមការងារថវិកាកម្រិតបច្ចេកទេស នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សរុបប្រមាណ ២០០ រូប ។
កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើង ក្រោមការសម្របសម្រួលរបស់ អគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាអង្គភាពទទួលបន្ទុកហិរញ្ញវត្ថុរបស់ក្រសួង និង អគ្គនាយកដ្ឋានថវិកា ក្នុងគោលបំណង ណែនាំជារួម អំពីក្របខ័ណ្ឌម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រយៈពេលមធ្យម, គោលការណ៍រួម នៃការគ្រោងថវិកាឆ្នាំ ២០២៥, និង នីតិវិធីនៃការរៀបចំថវិកាឆ្នាំ ២០២៥ ផ្ទៃក្នុងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
កិច្ចប្រជុំបានដំណើរការដោយមាន៖
១. ការធ្វើបទបង្ហាញអំពី «សារាចរលេខ ០៦ សរ ចុះថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០២៤» ដោយតំណាងនាយកដ្ឋានថវិកានីយកម្ម នៃអគ្គនាយកដ្ឋានថវិកា ។
២. ការធ្វើបទបង្ហាញអំពី «ពិតានចំណាយចរន្តឆ្នាំ ២០២៥-២០២៧ តាមអង្គភាពថវិកា និង ដំណើការបន្តនៃការរៀបចំថវិកាឆ្នាំ ២០២៥ ផ្ទៃក្នុងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ» ដោយតំណាង នៃអគ្គលេខាធិការដ្ឋានក្រសួង ។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ថា កិច្ចប្រជុំផ្សព្វផ្សាយសារាចរនាថ្ងៃនេះ មានសារៈសំខាន់ សម្រាប់ការបន្តពង្រឹងបន្ថែម លើគុណភាពនៃការរៀបចំថវិការបស់ក្រសួង សំដៅបន្តកសាងភាពជាគំរូក្នុងការអនុវត្តថវិកាសមិទ្ធកម្ម ។ បន្ថែមពីនេះ, ការរៀបចំថវិកាឆ្នាំ ២០២៥ ស្ថិតក្នុងបរិការណ៍ថ្មី ដែលជាឆ្នាំទី ១ នៃការចាប់ផ្តើមអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ នៃរាជរដ្ឋាភិបាល ទន្ទឹមនឹងការធ្វើវិចារណកម្មថវិកា ដែលត្រូវអនុវត្តដោយគ្រប់ក្រសួង-ស្ថាប័ន ក៏ដូចជាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុផងដែរ ដើម្បីសម្រេចឱ្យបានកាន់តែល្អប្រសើរនូវការផ្សារភ្ជាប់ថវិកា ទៅនឹងគោលនយោបាយអាទិភាព និង សកម្មភាពការងារជាក់ស្ដែង សម្រាប់ផ្ទៃក្នុងក្រសួង ៕