កិច្ច​ប្រជុំ​ដើម្បី​ពិនិត្យ​ ពិភាក្សា និង​ផ្ទៀង​ផ្ទាត់​លទ្ធផល​នៃ​ការ​សិក្សា​វាយតម្លៃ​លើ ការ​កំណត់​ទិន្នន័យ​មន្រ្តី​រាជការ​ជំនាញ​ហិរញ្ញ​វត្ថុ​សាធារណៈ​ឆ្នាំ២០២៤, តម្រូវ​ការបណ្តុះ​បណ្តាល​ និង​វិក្រឹត​ការ ឆ្នាំ២០២៥ និង​តម្រូវ​ការ​បណ្ដុះ​បណ្តាល​និង​វិក្រឹតការ​ប៉ាន់​ស្មាន​សម្រាប់​ឆ្នាំ២០២៦-២០២៧ និង ផ្សព្វ​ផ្សាយ​ផែន​ការ​បណ្តុះ​បណ្តាល​ឆ្នាំ ២០២៥ នៅខេត្ត​បាត់ដំបង

នាព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមការងារជំនាញរបស់វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចុះសិក្សាវាយតម្លៃទិន្នន័យមន្រ្តីអនុវត្តការងារហិរញ្ញវត្ថុសាធារណ: ឆ្នាំ២០២៤ និង តម្រូវការបណ្តុះបណ្តាលនិងវិក្រឹតការសមត្ថភាពឆ្នាំ២០២៥ ដល់ ឆ្នាំ ២០២៧ លើជំនាញសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ នៅខេត្តបាត់ដំបង ដោយបានជួបប្រជុំពិភាក្សាការងារជាមួយតំណាង រដ្ឋបាលខេត្តនិងអង្គភាពជំនាញពាក់ព័ន្ធសរុបប្រមាណ ៤០រូប។
កិច្ចប្រជុំនេះមានគោលដៅពិនិត្យ ពិភាក្សា និងផ្ទៀងផ្ទាត់លទ្ធផលនៃ «ការកំណត់ទិន្នន័យមន្រ្តីរាជការជំនាញហិរញ្ញវត្ថុសាធារណៈឆ្នាំ២០២៤, តម្រូវការបណ្តុះបណ្តាល និងវិក្រឹតការ ឆ្នាំ២០២៥ និងតម្រូវការបណ្ដុះបណ្តាលនិងវិក្រឹតការប៉ាន់ស្មានសម្រាប់ឆ្នាំ២០២៦-២០២៧ និង ផ្សព្វផ្សាយផែនការបណ្តុះបណ្តាលឆ្នាំ ២០២៥» ក្នុងគោលដៅកំណត់ឱ្យបានគ្រប់ជ្រុងជ្រោយនូវទិន្នន័យ និង ព័ត៌មានចាំបាច់ សម្រាប់ជាមូលដ្ឋានការរៀបចំផែនការបណ្ដុះបណ្ដាល និង វិក្រឹតការ ឆ្នាំ ២០២៥, ២០២៦ និង ២០២៧ ឆ្លើយតបទៅនឹងតម្រូវការនៃការពង្រឹង និង ការអភិវឌ្ឍសមត្ថភាព លើជំនាញពាក់ព័ន្ធការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ សំដៅរួមចំណែកគាំទ្រ និង អនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ ឱ្យសម្រេចជោគជ័យប្រកបដោយប្រសិទ្ធភាព និង ចីរភាព។”