គេហទំព័រដើម » សេចក្តីប្រកាសព័ត៌មាន » ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Taras Kachka អនុរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចអ៊ុយក្រែន
- admin
- October 30, 2024
- 4:23 pm
ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Taras Kachka អនុរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចអ៊ុយក្រែន
នារសៀលថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ២០២៤ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, បានដឹកនាំមន្ត្រីជំនាញក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃសាធារណរដ្ឋអ៊ុយក្រែន ដឹកនាំដោយឯកឧត្តម Taras Kachka អនុរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចអ៊ុយក្រែន និង ឯកឧត្តម Oleksandr Gaman ឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ ព្រមទាំងមន្ត្រីជំនាញនៃក្រសួងសេដ្ឋកិច្ច និង ស្ថានទូតអ៊ុយក្រែនប្រចាំកម្ពុជា ។
ជាកិច្ចចាប់ផ្តើម, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានស្វាគមន៍គណៈប្រតិភូនៃសាធារណរដ្ឋអ៊ុយក្រែន ដែលបានឆ្លៀតពេលមកជួបពិភាក្សាការងារជាមួយក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ក្នុងឱកាសដែល ឯកឧត្តមអនុរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ឯកឧត្តមឯកអគ្គរដ្ឋទូត អញ្ជើញមកបំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា ។
ឆ្លៀតក្នុងឱកាសនោះ, ឯកឧត្តមបណ្ឌិតសភាចារ្យ បានជម្រាបជូនគណៈប្រតិភូនៃសាធារណរដ្ឋអ៊ុយក្រែន អំពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា, ច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា, ក្របខណ្ឌគោលនយោបាយ, និង យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ ដែលត្រូវបានដាក់ចេញដោយរាជរដ្ឋាភិបាលក្នុងនីតិកាលទី ៧ នៃរដ្ឋសភា ដោយកាន់តែផ្តោតខ្លាំងលើ ការកែទម្រង់អភិបាលកិច្ច និង ការធ្វើទំនើបកម្មស្ថាប័នរដ្ឋ ។
ឯកឧត្តម Taras Kachka បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ឯកឧត្តមបណ្ឌិតសភាចារ្យ ដែលបានទទួលជួបគណៈប្រតិភូអ៊ុយក្រែន ដើម្បីស្វែងយល់អំពីកាលានុវត្តភាពវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំងពិនិត្យពិភាក្សាអំពីលទ្ធភាពនៃកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និង វិស័យបច្ចេកវិទ្យាព័ត៌មាន រវាងប្រទេសទាំង ២ ។
ឯកឧត្តម Taras Kachka បានវាយតម្លៃខ្ពស់ចំពោះកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាបាលកម្ពុជា ក្នុងការសម្រេចបានសមិទ្ធផលធំៗជាច្រើន ដោយបានប្រែក្លាយកម្ពុជាពីប្រទេសមានសង្គ្រាម និង ជាប្រទេសក្រីក្រ ទៅជាប្រទេសចំណូលមធ្យមកម្រិតទាប ជាពិសេស ចក្ខុវិស័យក្នុងការប្រែក្លាយកម្ពុជាឱ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និង ក្លាយជាប្រទេសមានខ្ពស់នៅឆ្នាំ ២០៥០ ។ ជាមួយគ្នានេះ, ឯកឧត្តម បានឱ្យក្រុមការងារបច្ចេកទេស ធ្វើបទបង្ហាញអំពីប្រព័ន្ធលទ្ធកម្មអេឡិចត្រូនិក Prozorro ដែលត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅឆ្នាំ ២០១៥ ។
បន្ទាប់ពីការធ្វើបទបង្ហាញ និង ចែករំលែកបទពិសោធន៍នៃការគ្រប់គ្រងកិច្ចលទ្ធកម្មសាធារណៈ តាមប្រព័ន្ធលទ្ធកម្មអេឡិចត្រូនិក, ឯកឧត្តមបណ្ឌិតសភាចារ្យ បានវាយតម្លៃខ្ពស់ចំពោះកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលអ៊ុយក្រែន ក្នុងការអភិវឌ្ឍ និង ដាក់ឱ្យអនុវត្តនូវប្រព័ន្ធគ្រប់គ្រងលទ្ធកម្មនេះ ប្រកបដោយជោគជ័យ និង ប្រសិទ្ធភាពខ្ពស់ ។
ជាចុងក្រោយ, ឯកឧត្តមបណ្ឌិតសភាចារ្យ បានស្នើឱ្យគណៈប្រតិភូនៃសាធារណរដ្ឋអ៊ុយក្រែន បន្តសិក្សាស៊ីជម្រៅលើលទ្ធភាពនៃការជំរុញកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែជិតស្និទ្ធ រវាងប្រទេសទាំងពីរ ជាពិសេស ក្នុងវិស័យសេដ្ឋកិច្ច និង វិស័យបច្ចេកវិទ្យាព័ត៌មាន ៕