ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ បានទទួលជួប លោក Huang Xinglong ម្ចាស់ក្រុមហ៊ុន CFOCN និង ជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនមេ HyalRoute Group, លោក Luo Gang អនុប្រធានក្រុមហ៊ុនមេ HyalRoute និង លោក He Leping ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន CFOCN

នារសៀលថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៣ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ, ប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោងអ៊ីនត្រាណិតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានទទួលជួប លោក Huang Xinglong ម្ចាស់ក្រុមហ៊ុន CFOCN និង ជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនមេ HyalRoute Group, លោក Luo Gang អនុប្រធានក្រុមហ៊ុនមេ HyalRoute និង លោក He Leping ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន CFOCN ។

លោក Huang Xinglong និង បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល និង ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលតែងតែគាំទ្រដល់ដំណើរការរបស់ក្រុមហ៊ុនវិនិយោគនានា និយាយជារួម និង និយាយដោយឡែក តែងតែគាំទ្រដល់ដំណើរការវិនិយោគហេដ្ឋារចនាសម្ព័ន្ធបណ្ដាញតភ្ជាប់ របស់ក្រុមហ៊ុន CFOCN ជាបន្តបន្ទាប់ ។ ជាមួយគ្នានេះ, Huang Xinglong បានរាយការណ៍អំពីស្ថានភាពនៃអាជីវកម្មទូទៅរបស់ក្រុមហ៊ុន ដែលកំពុងត្រូវបានស្ដារស្ថានភាពផ្នែកហិរញ្ញវត្ថុឡើងវិញ ព្រមទាំងបានធ្វើបច្ចុប្បន្នភាពគម្រោងវិនិយោគហេដ្ឋារចនាសម្ព័ន្ធបណ្ដាញខ្សែកាប្លិ៍ក្រោមដីរបស់ក្រុមហ៊ុន ។ លោក បានបញ្ជាក់ជាថ្មី អំពីគោលជំហររបស់ក្រុមហ៊ុនមេ HyalRoute និង ក្រុមហ៊ុន CFOCN ក្នុងការប្តេជ្ញាបន្តដំណើរការគម្រោងបណ្ដាញតភ្ជាប់ផ្ទៃក្នុងរបស់ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជំហានទី២ ។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានសម្តែងការសាទរចំពោះភាពប្រសើរឡើងជាបណ្តើរៗ នៃអាជីវកម្មរបស់ក្រុមហ៊ុន ជាពិសេស វឌ្ឍនភាពនៃការវិនិយោគបណ្ដាញខ្សែកាប្លិ៍ក្រោមដី និង បានស្នើឱ្យក្រុមហ៊ុនខិតខំពន្លឿនការងារបញ្ចប់គម្រោងឱ្យបានជាស្ថាពរ និង កំណត់យកបណ្ដាការដ្ឋាន ដែលកំពុងមានតម្រូវការខ្ពស់មកធ្វើជាអាទិភាព សម្រាប់ការបញ្ចប់គម្រោងជាបន្តបន្ទាប់ ដើម្បីទ្រទ្រង់ដល់ការពង្រីកការដ្ឋានរបស់គម្រោង FMIS, គម្រោងរបស់អគ្គនាយកដ្ឋានពន្ធដារ និង អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា, និង គម្រោងជាអាទិភាពនានា ដែលក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ កំពុងមានតម្រូវការចាំបាច់ក្នុងការប្រើប្រាស់បណ្ដាញនេះ ដើម្បីពង្រីកការផ្ដល់សេវាសាធារណៈ តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ៕