ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីបរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាប្រធានគម្រោង MEF Intranet បានទទួលជួបពិភាក្សាជាមួយលោកស្រី Dong HE នាយកប្រតិបត្តិថ្មី នៃក្រុមហ៊ុន CFOCN

នារសៀលថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០២៣ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាប្រធានគម្រោង MEF Intranet បានទទួលជួបពិភាក្សាជាមួយលោកស្រី Dong HE នាយកប្រតិបត្តិថ្មី នៃក្រុមហ៊ុន CFOCN ។

លោកស្រីនាយកប្រតិបត្តិក្រុមហ៊ុន CFOCN បានរាយការណ៍ជូនអង្គប្រជុំថា លោកស្រីត្រូវបានតែងតាំងជានាយកប្រតិបត្តិថ្មី បន្ទាប់ពីក្រុមហ៊ុន CFOCN បានរៀបចំកែសម្រួលរចនាសម្ព័ន្ធក្រុមហ៊ុនឡើងវិញ ។ ជាមួយនេះ, លោកស្រីនាយកប្រតិបត្តិ បានសម្តែងឆន្ទៈក្នុងការបន្តកិច្ចសហប្រតិបត្តិការល្អ រវាងក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ (MEF) និង ក្រុមហ៊ុន CFOCN ដោយផ្អែកលើកិច្ចសន្យា ក៏ដូចជាការស្វែងរកកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយក្រសួង ក្នុងវិស័យរដ្ឋាភិបាលឌីជីថល ។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានចូលរួមអបអរសាទរចំពោះលោកស្រី ដែលត្រូវបានតែងតាំងជានាយកប្រតិបត្តិថ្មី ។ ទន្ទឹមនេះ, ឯកឧត្តមបណ្ឌិតសភាចារ្យ មានជំនឿថា ក្រោមការដឹកនាំរបស់លោកស្រីនាយកប្រតិបត្តិថ្មី ក្រុមហ៊ុន CFOCN នឹងបន្តដំណើរការអាជីវកម្មរបស់ខ្លួន កាន់តែប្រសើរឡើង ជាពិសេស ក្នុងការបន្តផ្តល់បណ្តាញខ្សែកាបិ៍ឆ្អឹងខ្នង (Fiber Optics) ក្រោមដី ដល់អតិថិជនរបស់ខ្លួន ក៏ដូចជាគម្រោង MEF Intranet។