ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានទទួលជួបឯកឧត្តម Oleksandr GAMAN ឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ

នាព្រឹកថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០២៣ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានទទួលជួបឯកឧត្តម Oleksandr GAMAN ឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ ។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានស្វាគមន៍ឯកឧត្តមឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំកម្ពុជា ដែលបានឆ្លៀតពេលមកជួបពិភាក្សាជាមួយក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ក្នុងឱកាសដែលឯកឧត្តមអញ្ជើញមកកម្ពុជា ដើម្បីជូនសារតាំងចំពោះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ក្នុងគោលបំណងស្វែងយល់អំពីកាលានុវត្តភាពវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា និង កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច រវាងប្រទេសទាំងពីរ ។

ឆ្លៀតក្នុងឱកាសនោះ, ឯកឧត្តមបណ្ឌិតសភាចារ្យ បានជម្រាបជូនឯកឧត្តមឯកអគ្គរដ្ឋទូត អំពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា, ច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំង បរិយាកាសវិនិយោគរបស់កម្ពុជា ដែលមានលក្ខណៈបើកចំហ និង អំណោយផល ចំពោះវិនិយោគិន ជាពិសេសវិនិយោគិនបរទេស, ក្របខណ្ឌគោលនយោបាយ, កម្មវិធីស្តារ និង ជំរុញកំណើនសេដ្ឋកិច្ច, និង កម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈ របស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេស វឌ្ឍនភាពនៃការអនវុត្តគម្រោង FMIS ដែលកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការពន្លឿន និង ជំរុញកម្មវិធីកែទម្រង់នេះ ។

ឯកឧត្តមឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដែលបានទទួលជួបគណៈប្រតិភូអ៊ុយក្រែន ដើម្បីស្វែងយល់អំពីកាលានុវត្តភាពវិនិយោគរបស់កម្ពុជា ព្រមទាំងពិនិត្យលទ្ធភាពនៃកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានលើកឡើងថា រដ្ឋាភិបាលអ៊ុយក្រែន បានដាក់ឱ្យដំណើរការនូវកម្មវិធីតាមទូរសព្ទចល័ត (Diia) ដែលអនុញ្ញាតឱ្យពលរដ្ឋអ៊ុយក្រែន អាចប្រើប្រាស់ឯកសារឌីជីខលតាមរយៈទូរសព្ទចល័ត សម្រាប់ការកំណត់អត្តសញ្ញាណ និង ការចែករំលែកឯកសារ ជំនួសឱ្យការប្រើប្រាស់ឯកសារជាក្រដាស ។

ជាចុងក្រោយ, ឯកឧត្តមបណ្ឌិតសភាចារ្យ បានស្នើឱ្យគណៈប្រតិភូអ៊ុយក្រែន បន្តផ្តល់អាទិភាពលើការសិក្សាអំពីកាលានុវត្តភាពធុរកិច្ច នៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំងជំរុញការពិនិត្យលទ្ធភាពលើកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និង បច្ចេកវិទ្យាព័ត៌មាន ឱ្យកាន់តែជិតស្និទ្ធ រវាងប្រទេសទាំងពីរ ៕