វគ្គបណ្ដុះបណ្ដាលស្ដីពី ជំនាញបច្ចេកទេសកម្រិតវិញ្ញាបនបត្រផ្សារភ្ជាប់មុខតំណែង កម្រិតទី១ វគ្គទី២ បានអនុវត្តមកដល់សប្ដាហ៍ទី៣

វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ៖ នារសៀលថ្ងៃចន្ទ ទី៣ ខែមិថុនា ឆ្នាំ២០២៤ ក្រុមគ្រូបង្គោលនៃវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង អគ្គនាយកដ្ឋានពាក់ព័ន្ធ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានបន្តធ្វើបទឧទ្ទេស និងចែករំលែកបទពិសោធន៍ លើមុខវិជ្ជាពាក់ព័ន្ធការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្នុងវគ្គបណ្ដុះបណ្ដាលស្ដីពី ជំនាញបច្ចេកទេសកម្រិតវិញ្ញាបនបត្រផ្សារភ្ជាប់មុខតំណែង ជូនមន្ត្រីអនុវត្តការងារហិរញ្ញវត្ថុសាធារណៈ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងស្ថាប័នពាក់ព័ន្ធ សរុបប្រមាណ ១០២ នាក់។
វគ្គបណ្ដុះបណ្ដាលជំនាញបច្ចេកទេសកម្រិតវិញ្ញាបនបត្រផ្សារភ្ជាប់មុខតំណែង កម្រិតទី១ វគ្គទី២ នេះ បានចាប់ផ្ដើមកាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ លើជំនាញបច្ចេកទេសចំនួន ២ រួមមាន ៖
១. ជំនាញគ្រប់គ្រងថវិកា (ថវិកាសមិទ្ធកម្ម)
២. ជំនាញលទ្ធកម្មសាធារណៈ។
វគ្គបណ្ដុះបណ្ដាលជំនាញបច្ចេកទេសនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ និង ដើម្បីកសាងគុណវុឌ្ឍិវិជ្ជាជីវៈជំនាញហិរញ្ញវត្ថុសាធារណៈ របស់មន្ត្រីអនុវត្តការងារហិរញ្ញវត្ថុសាធារណៈ ស្របតាមមាត្រា១៤ នៃច្បាប់ស្ដីពី ហិរញ្ញវត្ថុសាធារណៈ និង អនុក្រឹត្យលេខ ៤៥ អនុក្រ.បក ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ ស្ដីពី គុណវុឌ្ឍិវិជ្ជាជីវៈជំនាញហិរញ្ញវត្ថុសាធារណៈ ព្រមទាំងដើម្បីចូលរួមអនុវត្តកម្មវិធីនយោបាយនីតិកាលទី៧ នៃរដ្ឋសភា និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។