ផ្សារមូលបត្រកម្ពុជា រៀបចំពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជា “My First STOCK” ឆ្នាំ ២០២៣

នាព្រឹកថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៣ នៅផ្សារទំនើប អ៊ីអនម៉ល ភ្នំពេញ មានរៀបចំ ពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជា “My First STOCK” ឆ្នាំ ២០២៣ ។ ពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជា ជាលើកទី៦នេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃផ្សារមូលបត្រកម្ពុជា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា, ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជា, ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួង ស្ថាប័ន, វិស័យឯកជន, ក្រុមហ៊ុនជាតិ អន្តរជាតិ, វិនិយោគិនស្ថាប័ន, ព្រមទាំងភ្ញៀវជាតិ និង អន្តរជាតិជាច្រើនរូប ។

ពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជា ឆ្នាំ ២០២៣ ដែលមានរយៈពេល ៤ ថ្ងៃនេះ គឺថ្ងៃទី ១៦ ដល់ ១៩ ខែ វិច្ឆិកា ឆ្នាំ ២០២៣ ត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់ៗ ដូចខាងក្រោម៖ ១. លើកស្ទួយវិស័យមូលបត្រនៅកម្ពុជា តាមរយៈការផ្សព្វផ្សាយ និង ការបញ្រ្ជាបការយល់ដឹង ដល់សាធារណជន ជាពិសេស វិនិយោគិនសក្តានុពល ទាំងវិនិយោគិនជាតិ និង អន្តរជាតិ ឱ្យបាន ស្គាល់ និង យល់ដឹងបន្ថែម អំពីផ្សារមូលបត្រកម្ពុជា ក៏ដូចជាអត្ថប្រយោជន៍ដ៏ច្រើននៃទីផ្សារនេះ ។
២. ផ្តល់ឱកាសជូនវិនិយោគិន និង សាធារណជន ក្នុងការសិក្សាស្វែងយល់កាន់តែច្បាស់អំពីវិស័យមូលបត្រនៅកម្ពុជា តាមរយៈជំនួបផ្ទាល់ជាមួយ និយ័តករ, ប្រតិបត្តិករ, ក្រុមហ៊ុនមូលបត្រ, ក្រុមហ៊ុនបោះផ្សាយមូលបត្រ និង តួអង្គពាក់ព័ន្ធផ្សេងៗ ។
៣. សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ ប្រព័ន្ធបើកគណនីជួញដូរតាមអនឡាញ ជំនាន់ទី២ : តាមរយៈការតភ្ជាប់ជាមួយ ថ្នាលផ្លាស់ប្ដូរទិន្នន័យកម្ពុជា (CamDX) និង ប្រព័ន្ធផ្តល់លេខអត្តសញ្ញានវិនិយោគិនតាមអនឡាញ (Investor ID Online) របស់និយ័តករមូលបត្រកម្ពុជា, វិនិយោគិនអាចទទួលបានគណនីជួញដូរភ្លាមៗ នៅគ្រប់ទីកន្លែង និង ដោយស្វ័យប្រវត្តិ ។
៤. សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ កញ្ចប់ប្រូម៉ូសិនពិសេស សម្រាប់វិនិយោគិនថ្មី តាមរយៈការជំរុញការបើកគណនីជួញដូរ ដោយផ្តល់ជូនសាធារណជននូវលេខអត្តសញ្ញាណវិនិយោគិន និង គណនីជួញដូរ ដោយឥតគិតថ្លៃ, ការបញ្ចុះកម្រៃជើងសារ ៥០%រហូតដល់ចុងឆ្នាំ ២០២៣ និង ការលេងល្បែងកម្សាន្តផ្សេងៗ ដើម្បីទទួលបានរង្វាន់ជាសាច់ប្រាក់ ឬ ភាគហ៊ុន ដែលដាក់ចូលក្នុងគណនីវិនិយោគ បន្ទាប់ពីវិនិយោគិនបានដាក់ស្នើ និង ទទួលបានគណនីភ្លាមៗ ។
ឯកឧត្តម ហុង សុហួរ បានថ្លែងក្នុងពិព័រណ៍នេះថា ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ផ្សារមូលបត្រកម្ពុជា បានឈានមកដល់ជំនាន់ថ្មីមួយទៀត គឺ ផ្សារមូលបត្រកម្ពុជាជំនាន់ទី ៣ (CSX 3.0) តាមរយៈការបើកគណនីជួញដូរតាមអនឡាញ ដោយទទួលបានគណនីជួញដូរភ្លាមៗ បន្ទាប់ពីភ្នាក់ងារក្រុមហ៊ុនមូលបត្របានពិនិត្យផ្ទៀងផ្ទាត់ព័ត៌មានរួចរាល់ ។ ឯកឧត្តម បានគូសបញ្ជាក់ទៀតថា មុនការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ ប្រព័ន្ធបើកគណនីជួញដូរតាមអនឡាញ ជំនាន់ទី២ នេះ, វិនិយោគិន ត្រូវចំណាយពេលច្រើនថ្ងៃ និង ត្រូវបំពេញនីតិវិធីជាច្រើន ដើម្បីទទួលបានលេខអត្តសញ្ញាណវិនិយោគិន និង គណនីជួញដូរ ។ ការណ៍នេះ បានបង្កជាឧបសគ្គរារាំងដល់ការអភិវឌ្ឍនៃទីផ្សារមូលបត្រនៅកម្ពុជា ។

ឯកឧត្តម ស៊ូ សុជាតិ បានគូសបញ្ជាក់ថា ទីផ្សារមូលបត្រ គឺជាច្រកវិនិយោគដ៏សំខាន់មួយផ្សេងទៀត ដែលផ្តល់ឱកាសដល់ប្រជាជនកម្ពុជា ក្នុងការវិនិយោគជាមួយនឹងដើមទុនតិចតួច ប៉ុន្តែអាចពង្រីកនូវសំណុំវិនិយោគរបស់ខ្លួន ដើម្បីបង្កើនចំណូលអកម្មបន្ថែម ប្រកបដោយជំនឿទុកចិត្ត ។ ដូច្នេះ យើងគួរគប្បីរៀន និង ចាប់ផ្តើមធ្វើការវិនិយោគ ចាប់ពីថ្ងៃនេះតទៅ ក៏ប៉ុន្តែត្រូវប្រើប្រាស់ប្រាក់សន្សំ យកមកវិនិយោគ ចៀសវាងប្រើប្រាស់កញ្ចប់ថវិកាប្រើប្រាស់ប្រចាំថ្ងៃ យកមកវិនិយោគ ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានគូសរំលេចជូនអង្គពិធីថា ផ្សារមូលបត្រកម្ពុជា តែងផ្តល់អាទិភាពខ្ពស់លើការធ្វើទំនើបកម្ម និង ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាក្នុងវិស័យមូលបត្រ ។ ជាក់ស្តែង, ការដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ កម្មវិធីទូរសព្ទដៃ “CSX Trade” (កាលពីខែ ឧសភា ឆ្នាំ ២០២២) ដែលជាកម្មវិធីមួយ ផ្តល់ភាពងាយស្រួលទៅដល់វិនិយោគិន ក្នុងការជួញដូរមូលបត្រ ជាពិសេស ផ្តល់ភាពងាយស្រួលក្នុងការតាមដាន និង ទទួលបានព័ត៌មាន ពាក់ព័ន្ធនឹងវិស័យមូលបត្រ បានទាន់ពេលវេលា និង គ្រប់ទីកន្លែង ។ ការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ ប្រព័ន្ធបើកគណនីជួញដូរតាមអនឡាញ ជំនាន់ទី២ នេះ ជាសក្ខីភាពមួយទៀតដែលបានបង្ហាញពីភាពរីកចម្រើនមួយជំហានធំ របស់វិស័យមូលបត្រនៅកម្ពុជា ស្របតាមបរិវត្តកម្មឌីជីថល ។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានមានប្រសាសន៍ថា បើទោះជាបច្ចុប្បន្ននេះ ចំនួនក្រុមហ៊ុនចុះបញ្ជី និង ការជួញដូរមិនទាន់សកម្មខ្លាំងក្លាក៏ដោយ, ការអភិវឌ្ឍរបស់ទីផ្សារនេះ កំពុងធ្វើដំណើរទៅមុខយ៉ាងស្វាហាប់ តាមរយៈការបង្កើតផលិតផល និង សេវាកម្មថ្មីៗ ជាបន្តបន្ទាប់ ព្រមទាំងការផ្សព្វផ្សាយ និង ការបណ្តុះបណ្តាល ដែលបាននិងកំពុងអនុវត្តដល់វិនិយោគិនសាធារណៈ ។

ឯកឧត្តមបណ្ឌិតសភាចារ្យ មានសុទិដ្ឋិនិយមថា តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់គ្រប់តួអង្គពាក់ព័ន្ធក្នុងវិស័យមូលបត្រ ក្នុងការទាក់ទាញក្រុមហ៊ុនបោះផ្សាយ និង វិនិយោគិន, ការបង្កើតផលិតផលវិនិយោគផ្សេងៗ និង ការរៀបចំយន្តការនានាដើម្បីសម្រួលដល់ដំណើការជួញដូរ, ផ្សារមូលបត្រកម្ពុជា នឹងរកឃើញនូវកត្តាគន្លឹះថ្មីៗ ដើម្បីជំរុញសន្ទុះរីកចម្រើនកាន់តែខ្លាំងក្លា និង ប្រកបដោយនិរន្តរភាព ៕