ជំនួបរវាង ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នឹង តំណាងបេសកកម្មធនាគារពិភពលោក ដើម្បីពិភាក្សាអំពីការបន្តការពិនិត្យលើចំណាយសាធារណៈ

នារសៀលថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ ២០២៣ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប​ រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានទទួលជួបជាមួយតំណាងបេសកកម្មធនាគារពិភពលោក ដើម្បីពិភាក្សាអំពីការបន្តការពិនិត្យលើចំណាយសាធារណៈ ។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានជម្រាបជូនអង្គប្រជុំថា មកទល់បច្ចុប្បន្ន គម្រោង FMIS កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការពន្លឿន និង ជំរុញកម្មវិធីកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ របស់រាជរដ្ឋាភិបាលកម្ពុជា ។ ថ្វីបើការអនុវត្តកន្លងមក ក្រុមការងារជួបឧបសគ្គជាច្រើនក៏ដោយ ក៏ថ្នាក់ដឹកនាំក្រុមការងារគ្រប់គ្រងគម្រោង បានជំរុញឱ្យបន្តដំណើរការអនុវត្តគម្រោងទៅមុខជានិច្ច ជាពិសេសលើការតម្រឹមនីតិវិធីអនុវត្តការងារទាំងស្រុងតាមប្រព័ន្ធ FMIS, ការគ្រប់គ្រងការផ្លាសប្តូរ និង ការកសាងសមត្ថភាពជាដើម ។ ជាក់ស្តែង រហូតមកដល់ពេលនេះ, នីតិវិធីអនុវត្តការងារទាំងស្រុងតាមប្រព័ន្ធ សម្រាប់ថវិកាចរន្ត សម្រេចបានការអនុវត្តបានចំនួន ៨ ក្រសួង-ស្ថាប័ន រួមមាន ១. ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ២. ក្រសួងបរិស្ថាន ៣. ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ៤. អាជ្ញាធរសវនកម្មជាតិ ៥.ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ៦. ក្រសួងរ៉ែ និងថាមពល ៧. ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និង ៨. ក្រសួងយុត្តិធម៌ ។

ជុំវិញការអនុវត្តនីតិវិធីការងារទាំងស្រុងតាមប្រព័ន្ធ FMIS, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានគូសបញ្ជាក់ថា ទោះបីជាការអនុវត្តទៅមុខក៏ពិតមែន ប៉ុន្តែបញ្ហាគឺនៅតែមាន ជាពិសេស គឺការបន្តពន្យារពេលអនុវត្តពីអង្គភាពមួយចំនួន ដែលការណ៍នេះ ធ្វើឱ្យប៉ះពាល់ និង រាំងស្ទះដល់ដំណើរការកែទម្រង់ហិរញ្ញវត្ថុសាធារណៈទាំងមូលរបស់រាជរដ្ឋាភិបាល ។ តំណាងបេសកកម្មធនាគារពិភពលោក បានអបអរសាទរចំពោះវឌ្ឍនភាពនៃការអនវុត្តគម្រោង FMIS និង លទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារគ្រប់គ្រងគម្រោង FMIS នាពេលកន្លងមក ។ ទន្ទឹមនេះ, តំណាងបេសកកម្មធនាគារពិភពលោក បានស្នើឱ្យមានការប្រើប្រាស់ប្រព័ន្ធ FMIS តែមួយ សម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជាមួយនឹងការធ្វើសមាហរណកម្មជាមួយប្រព័ន្ធដទៃទៀត ដែលជាការងារគន្លឹះក្នុងការបង្កើនប្រសិទ្ធភាពចំណាយ និង ការផ្ដល់សេវាសាធារណៈប្រកបដោយគុណភាពរបស់ក្រសួង-ស្ថាប័នដទៃទៀត ជាពិសេស គឺប្រព័ន្ធគ្រប់គ្រងមន្ត្រីរាជការរបស់ក្រសួងមុខងារសាធារណៈ ដែលត្រូវដើរតួជាប្រព័ន្ធសុខុដុមនីកម្មជាមួយនឹងប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីក្លាយជាថ្នាលដ៏សំខាន់សម្រាប់គ្រប់ក្រសួង-ស្ថាប័នប្រើប្រាស់សម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុផង និង ធនធានមនុស្សផង ។ ជាក់ស្ដែង គឺការចាប់ផ្ដើមអនុវត្តប្រព័ន្ធទាំងពីរនេះ នៅក្រសួងអប់រំ យុវជន និង កីឡា ដើម្បីលើកកម្ពស់គុណភាពវិស័យអប់រំ ដែលកំពុងស្ថិតនៅក្នុងដំណាក់កាលនៃការកែទម្រង់ដ៏ចាំបាច់ ដើម្បីពង្រឹងមូលដ្ឋានក្នុងការនាំកម្ពុជាឆ្ពោះទៅប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និង ឱ្យមានលទ្ធភាពឆ្លងផុតពីអន្ទាក់ចំណូលមធ្យម (Middle income trap) នេះ ។

ជាចុងបញ្ចប់, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានស្នើឱ្យដៃគូអភិវឌ្ឍន៍ ជាពិសេស ធនាគារពិភពលោក បន្តគាំទ្រទាំងហិរញ្ញវត្ថុ និង បច្ចេកទេស ជាពិសេស ការដកស្រង់បទពិសោធន៍ជាក់ស្តែងពីប្រទេសដទៃ ដើម្បីប្រាកដថា FMIS កំពុងស្ថិតនៅលើមាគ៌ាមួយដ៏ត្រឹមត្រូវ ក្នុងការគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី ៧ ដែលដឹកនាំដោយ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងបុព្វហេតុនៃការកែទម្រង់ដ៏ត្រឹមត្រូវមួយ ដើម្បីប្រយោជន៍ជាតិ និង ប្រជាជនកម្ពុជាទាំងមូល ។