ក្រសួង​សេដ្ឋកិច្ច​ និង​ហិរ​ញ្ញ​វត្ថុបន្ត​យុទ្ធ​នា​ការ​បណ្តុះ​បណ្តាល “ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​បច្ចេក​វិទ្យា​ព័ត៌​មាន​សម្រាប់​ការ​គ្រប់​គ្រង​ហិរញ្ញ​វត្ថុ​សា​ធារណៈ​ (​F​M​I​S​) ជំ​នាន់​ថ្មី​”

នាព្រឹកថ្ងៃទី ៣០ ខែ ឧសភា គ្រិស្តសករាជ ២០២៤, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបន្តយុទ្ធនាការបណ្តុះបណ្តាលស្តីពី “ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ជំនាន់ថ្មី” ជូនថ្នាក់ដឹកនាំ និង មន្រ្តីជំនាញ ជាង ២ ០០០ នាក់ នៃគ្រប់ការដ្ឋានដែលប្រើប្រាស់ FMIS ក្នុងការកត់ត្រាប្រតិបត្តិការហិរញ្ញវត្ថុសាធារណៈ ។
កម្មវិធីនេះ បានប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
ថ្លែងក្នុងឱកាសនោះ, ឯកឧត្តមបណ្ឌិតសភាចារ្យ បានលើកឡើងថា តាមរយៈការប្រើប្រាស់ FMIS ជំនាន់ថ្មី រួមទាំងការអនុវត្តនីតិវិធីអនុវត្តការងារតាម FMIS ទាំងស្រុង និង ការប្រើប្រាស់របាយការណ៍ចាំបាច់ផ្សេងៗ ដែលផលិតចេញពី FMIS ពិតជាបានចូលរួមចំណែកក្នុងការជួយបង្កើន តម្លាភាព ប្រសិទ្ធភាព និង ពន្លឿនការងារអនុវត្តហិរញ្ញវត្ថុសាធារណៈ ឱ្យកាន់តែខិតទៅរកភាពប្រាកដនិយម ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាល ជាពិសេសផ្តោតលើការចាត់ចែង និង ការបែងចែកធនធានហិរញ្ញវត្ថុជាតិ ស្របតាមឆន្ទៈនៃការដឹកនាំដ៏ឈ្លាសវៃ និង ប៉ិនប្រសព្វរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលតែងផ្តល់អាទិភាពខ្ពស់លើការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈ ។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសរំលេចថា ចាប់តាំងពីការអនុវត្តគម្រោង FMIS ជំហានទី ១ រហូតមកដល់ជំហានទី ៣, FMIS បានដើរតួនាទីគន្លឹះ ក្នុងការត្រួសត្រាយផ្លូវ នៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ តាមរយៈការផ្តល់ជូនឧបករណ៍បច្ចេកវិទ្យាព័ត៌មានស្នូល ដែលមានភាពជឿជាក់ និង មានអនុភាព សម្រាប់គាំទ្រ ដល់ការកែប្រែប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ជាពិសេស ការលុបបំបាត់នីតិវិធីការងារ ដែលអនុវត្តដោយដៃ និង លើឯកសារជាក្រដាស មកជាការអនុវត្តការងារតាម FMIS ទាំងស្រុង ។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់បន្ថែមថា ការបណ្ដុះបណ្ដាលនាថ្ងៃនេះ ដែលជាវគ្គទី ២ នៃកម្មវិធីបណ្តុះបណ្តាល ត្រូវបានគិតគូរជាផែនការសកម្មភាពច្បាស់លាស់ ស្របតាមផែនការពង្រីកការអនុវត្តគម្រោង FMIS ជំហានទី ៣ (២០២១-២០២៥) និង ផែនការសកម្មភាពនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី ៣ និង ទី ៤ ដែលត្រូវបានអនុវត្តប្រកបដោយភាពហ្មត់ចត់ និង ប្រយ័ត្នប្រយែងបំផុត ។
គិតមកដល់បច្ចុប្បន្ន, FMIS ត្រូវបានដាក់ឱ្យប្រើប្រាស់នៅគ្រប់ទីតាំងអនុវត្តថវិកាសំខាន់ៗ នៅថ្នាក់កណ្ដាល រួមមាន អគ្គនាយកដ្ឋានជំនាញទាំងអស់ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងអង្គភាពទទួលបន្ទុកហិរញ្ញវត្ថុ និង អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញនៅគ្រប់ក្រសួង-ស្ថាប័ន ។ បន្ថែមលើនេះ, FMIS ក៏ត្រូវបានដាក់ឱ្យប្រើប្រាស់នៅតាមអង្គភាពសំខាន់ៗ នៅថ្នាក់មូលដ្ឋាន ពោលគឺ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, រតនាគាររាជធានី-ខេត្ត, រដ្ឋបាលរាជធានី-ខេត្ត និង រដ្ឋបាលក្រុង-ស្រុក-ខណ្ឌចំនួន ៤៤ ដែលសរុបជាការដ្ឋាន មានចំនួន ២១៣ ការដ្ឋាន, រួមជាមួយនឹងការដាក់ឱ្យប្រើប្រាស់ FMIS Portal ជំនាន់ទី ១ ទៅដល់គ្រប់រដ្ឋបាលក្រុង-ស្រុក និង ឃុំ-សង្កាត់ទូទាំងប្រទេសកម្ពុជា ដែលសរុបជារួមមានចំនួន ១ ៨៧០ ការដ្ឋាន ។
បន្ថែមពីលើនេះ, FMIS បានផ្តល់ជូនអ្នកប្រើប្រាស់នូវលទ្ធភាពក្នុងការប្រើប្រាស់របាយការណ៍ ដែលទាញចេញពី FMIS ផ្ទាល់ រហូតដល់ ៦៦ របាយការណ៍ ទៅតាមសិទ្ធិនៃអ្នកប្រើប្រាស់ប្រព័ន្ធ ។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានវាយតម្លៃខ្ពស់ដល់ក្រុមការងារគ្រប់គ្រងគម្រោង FMIS ជាពិសេសលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលតែងខិតខំយ៉ាងសស្រាកសស្រាំ លះបង់ទាំងកម្លាំងកាយចិត្ត ក្នុងការធានាឱ្យការរៀបចំដំឡើងជំនាន់ FMIS ថ្មី អាចបញ្ចប់ទៅតាមផែនការ និង ឈានដល់ការបើកវគ្គបណ្តុះបណ្តាលជូនអ្នកប្រើប្រាស់ FMIS ទាំងអស់ នាពេលនេះ ។
ជាទីបញ្ចប់, ឯកឧត្តមបណ្ឌិតសភាចារ្យ បានស្នើដល់ថ្នាក់ដឹកនាំ និង មន្ត្រីជំនាញ ដែលកំពុងមានវត្តមាននៅទីនេះ ឱ្យចូលរួមកាន់តែសកម្មថែមទៀត ក្នុងការតាមដាន និង លើកឡើងជាសំណួរ ឬ សំណូមពរនានា ដើម្បីផ្តល់ជាធាតុចូលល្អៗ ក្នុងការញ៉ាំងឱ្យវគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅប្រកបដោយផ្លែផ្កា និង អាចយកទៅអនុវត្តការងារជាក់ស្តែង នៅពេលត្រលប់ទៅស្ថាប័នរបស់ខ្លួនវិញ ។ ជាមួយគ្នានេះ, ក្រុមការងារបានត្រៀមខ្លួនរួចរាល់ ក្នុងការគាំទ្រឱ្យអស់ពីលទ្ធភាពជូនអ្នកប្រើប្រាស់ ដើម្បីឈានទៅប្រើប្រាស់ FMIS ជំនាន់ថ្មីនេះ ប្រកបដោយភាពរលូន នាពេលដ៏ខ្លីខាងមុខ ៕