ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ រៀបចំសិក្ខាសាលាបណ្តុះបណ្តាលស្តីពី “ថវិកាសមិទ្ធកម្ម : បទពិសោធន៍ប្រទេសចិន” ជូនថ្នាក់ដឹកនាំ និង មន្រ្តីរាជការកម្ពុជា

នាព្រឹកថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២៣ នៅសណ្ឋាគាររ៉ាហ្វលឡឺរ៉ូយ៉ាល់ រាជធានីភ្នំពេញ, ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានបើកសិក្ខាសាលាបណ្តុះបណ្តាលស្តីពី “ថវិកាសមិទ្ធកម្ម : បទពិសោធន៍ប្រទេសចិន” ក្នុងគោលបំណងពង្រឹងពង្រីកសមត្ថភាពផ្លាស់ប្តូរចំណេះដឹង និង បទពិសោធន៍ពាក់ព័ន្ធនឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជូនថ្នាក់ដឹកនាំ និង មន្រ្តីរាជការ មកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ក្រសួងស្ថាប័នពាក់ព័ន្ធ នៃព្រះរាជាណាចក្រកម្ពុជា ។
ពិធីបើកសិក្ខាសាលានេះ បានប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារកសាងសមត្ថភាពរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការអញ្ជើញចូលរួមពី លោក ហ្សាង ហ្វេង លេខាធិការនៃគណៈកម្មាធិការបក្សនៃវិទ្យាស្ថានជាតិគណនេយ្យ, ទីក្រុងសៀងហៃ និង គណៈប្រតិភូប្រទេសចិន ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ និង មន្រ្តីរាជការ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ។
ថ្លែងក្នុងឱកាសនោះ, ឯកឧត្តមបណ្ឌិតសភាចារ្យ បានជម្រាបជូនអង្គពិធីថា ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កំពុងស្ថិតក្នុងដំណាក់កាលទី ៤ ដែលមានគោលដៅបង្កើន “គណនេយ្យភាពសមិទ្ធកម្ម” សំដៅប្រែក្លាយប្រព័ន្ធថវិកាកម្ពុជា ឆ្ពោះទៅកាន់ប្រព័ន្ធថវិកាផ្ដោតលើលទ្ធផល ឬ សមិទ្ធកម្ម និង វិមជ្ឈការ ស្របតាមស្តង់ដា និង ការឧត្តមានុវត្តអន្តរជាតិ ។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ថា ក្នុងដំណាក់កាលទី ៤ នៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនេះ, រាជរដ្ឋាភិបាល បានផ្ទេរសិទ្ធិអំណាច ភាពជាម្ចាស់ និង ការទទួលខុសត្រូវ កាន់តែច្រើនទ្បើងដល់ក្រសួងស្ថាប័ន និង មន្ទីរអង្គភាពជំនាញក្រោមឱវាទ រួមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការរៀបចំ និង ការអនុវត្តថវិកាកម្មវិធីពេញលេញ និង អង្គភាពថវិកា ។ ការផ្លាស់ប្តូរនេះ ទាមទារឱ្យគ្រប់ក្រសួងស្ថាប័ន និង អង្គភាពជំនាញពាក់ព័ន្ធ ចាំបាច់ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ថែមទៀត លើការពង្រឹងពង្រីកសមត្ថភាព និង ជំនាញវិជ្ជាជីវៈ ជូនមន្ត្រីជំនាញហិរញ្ញវត្ថុសាធារណៈ ។
លើសពីនេះ, ច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈថ្មី ក្នុងមាត្រា ១៤ ចែងថា “មន្ត្រីរាជការជំនាញហិរញ្ញវត្ថុសាធារណៈ នៃក្រសួងស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល រដ្ឋបាលថ្នាក់ក្រោមជាតិ និង គ្រឹះស្ថានសាធារណៈរដ្ឋបាល ដែលមានភារកិច្ចអនុវត្តការងារហិរញ្ញវត្ថុសាធារណៈ ត្រូវមានគុណវុឌ្ឍិវិជ្ជាជីវៈ តាមប្រភេទមុខតំណែងការងារនីមួយៗ ។ គុណវុឌ្ឍិវិជ្ជាជីវៈតាមប្រភេទមុខតំណែងការងារនីមួយៗនេះ ត្រូវកំណត់ដោយអនុក្រឹត្យ តាមការស្នើរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង បទប្បញ្ញត្តិពាក់ព័ន្ធជាធរមាន” ។ ការណ៍នេះ ឆ្លុះឱ្យឃើញពីតម្រូវការចាំបាច់ ក្នុងការកសាង និង ការអភិវឌ្ឍសមត្ថភាពមន្រ្តីរាជការ តាមរយៈការបណ្តុះបណ្តាល និង វិក្រឹតការសមត្ថភាពលើជំនាញពាក់ព័ន្ធ សំដៅចូលរួមចំណែកអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឱ្យសម្រេចគោលដៅប្រកបដោយប្រសិទ្ធភាព និង ចីរភាព ។ ឯកឧត្តមបណ្ឌិតសភាចារ្យ បានបញ្ជាក់ទៀតថា សិក្ខាសាលាបណ្ដុះបណ្ដាលស្តីពី “ថវិកាសមិទ្ធកម្ម : បទពិសោធន៍ប្រទេសចិន” នាពេលនេះ ពិតជាបានឆ្លើយតបទៅនឹងតម្រូវការចាំបាច់ នៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៤ ព្រមទាំងផ្តល់ឱកាសដល់សិក្ខាកាម ក្នុងការស្វែងយល់ បង្កើនចំណេះដឹង និង ដកស្រង់បទពិសោធន៍ ពីមេរៀនអនុវត្តល្អៗរបស់ប្រទេសចិន សម្រាប់ជាធាតុចូលក្នុងការបន្តសិក្សា វិភាគ និង អភិវឌ្ឍសមត្ថភាព សំដៅជំរុញផលិតភាព និង ប្រសិទ្ធភាពការងារ នៅតាមក្រសួងស្ថាប័នរៀងៗខ្លួន ដើម្បីចូលរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ និង លើកកម្ពស់ប្រសិទ្ធភាពនៃការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ។