គេហទំព័រដើម » សេចក្តីប្រកាសព័ត៌មាន » ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចាប់ផ្តើមយុទ្ធនាការបញ្រ្ជាបការយល់ដឹងលើ “ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈតាមប្រព័ន្ធ FMIS ជូនអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញ នៃក្រសួង-ស្ថាប័ន ចំនួន ១១”
- admin
- June 4, 2024
- 12:20 pm
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចាប់ផ្តើមយុទ្ធនាការបញ្រ្ជាបការយល់ដឹងលើ “ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈតាមប្រព័ន្ធ FMIS ជូនអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញ នៃក្រសួង-ស្ថាប័ន ចំនួន ១១”
នាព្រឹកថ្ងៃទី ៤ ខែ មិថុនា គ្រិស្តសករាជ ២០២៤, ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានចាប់ផ្តើមយុទ្ធនាការបញ្រ្ជាបការយល់ដឹងលើ “ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈតាមប្រព័ន្ធ FMIS ជូនអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញ នៃក្រសួង-ស្ថាប័ន ចំនួន ១១” ដែលមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ មន្រ្តី និង បុគ្គលិកជំនាញរបស់អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញ នៃក្រសួង-ស្ថាប័ន ប្រមាណជាង ៣០០ រូប ។ កម្មវិធីនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS ។
ថ្លែងក្នុងឱកាសនោះ, ឯកឧត្តមបណ្ឌិតសភាចារ្យ បានជម្រាបជូនអង្គពិធីថា កម្មវិធីបញ្ជ្រាបការយល់ដឹងនេះ ត្រូវបានគិតគូររៀបចំឡើង ក្នុងគោលបំណងសំខាន់ៗ ចំនួន ៣ រួមមាន៖
ទី១- បង្កើនការយល់ដឹងជាមុនអំពីមុខងារនីមួយៗរបស់ប្រព័ន្ធ FMIS ដែលនឹងត្រូវបានប្រើប្រាស់ដោយអង្គភាពថិកាអាណាប័កផ្ទេរសិទ្ធិពេញលេញ ដើម្បីចុះប្រតិបត្តិការហិរញ្ញវត្ថុ និង ថវិកា ដែលខ្លួនទទួលសិទ្ធិ,
ទី២- ផ្តល់នូវការពន្យល់ជាលក្ខណៈរំហូរការងារលើការអនុវត្តនីតិវិធីចំណាយថវិកាចរន្ត, នីតិវិធីការអនុវត្តកិច្ចលទ្ធកម្មសាធារណៈ, នីតិវិធីបង្កើត ឬ កែសម្រួលរជ្ជទេយ្យបុរេប្រទាន និង នីតិវិធីចលនាឥណទានថវិកាចរន្តតាមប្រព័ន្ធ FMIS ជូនដល់អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញ, និង
ទី៣- បង្ហាញអំពីតម្រូវការចាំបាច់នានាពាក់ព័ន្ធនឹងការរៀបចំបញ្ជីឈ្មោះអ្នកដែលត្រូវប្រើប្រាស់ប្រព័ន្ធ និង ការដំឡើងហេដ្ឋារចនាសម្ព័ន្ធរបស់ប្រព័ន្ធ ជាដើម ។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសរំលេចថា តាមរយៈការជំរុញការផ្ទេរសិទ្ធិ និង បង្កើតឱ្យបានច្រើនបន្ថែមទៀត នូវអង្គភាពថវិកា អាណាប័កផ្ទេរសិទ្ធិពេញលេញនៅតាមក្រសួង-ស្ថាប័ន និង ការប្រើប្រាស់ FMIS រួមជាមួយនឹងការអនុវត្តនីតិវិធីការងារតាម FMIS ទាំងស្រុង កម្ពុជានឹងឈានទៅសម្រចបានតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការធានាបាននូវប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និង ភាពទាន់ពេលក្នុងការអនុវត្តថវិកាជាតិ ស្របតាមឆន្ទៈដ៏មុតស្រួចរបស់ ឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការកែទម្រង់វិស័យហិរញ្ញវត្ថុសារធារណៈ និង ស្ថិតក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយនៃការកែទម្រង់របស់ សម្តេចមហាវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានបន្ថែមទៀតថា ការផ្លាស់ប្តូរទាំងរបៀបរបបនៃអនុវត្តការងារ និង ការអភិវឌ្ឍជំនាញហិរញ្ញវត្ថុ រួមទាំងការប្រើប្រាស់ FMIS ទាមទារការយកចិត្តទុកដាក់ និង ការទទួលខុសត្រូវខ្ពស់ ពីថ្នាក់ដឹកនាំ រហូតដល់មន្រ្តីជំនាញគ្រប់ជាន់ថ្នាក់ ក្នុងការចូលរួមអនុវត្តគម្រោង FMIS នៅក្នុងក្របខ័ណ្ឌនៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា ។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ទៀតថា ការផ្លាស់ប្តូរ និង ការលះបង់ គឺជាក្រឹត្យក្រម ដែលគ្រប់ប្រទេសនៅលើសាកលលោកត្រូវជួបប្រទះ មិនថាប្រទេសអភិវឌ្ឍន៍ ឬ ប្រទេសកំពុងអភិវឌ្ឍ៍ ពោលគឺ ការផ្លាស់ប្តូរទៅប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន គឺជៀសមិនផុតនោះឡើយ, ប៉ុន្តែអ្វីដែលយើងត្រូវធ្វើ គឺការប្រែក្លាយបញ្ហាប្រឈមនេះ ឱ្យទៅជាកាលានុវត្តភាព សម្រាប់អភិវឌ្ឍជំនាញថ្មី និង បង្កើនប្រសិទ្ធភាពការងាររបស់អង្គភាពខ្លួនវិញ ដើម្បីដើរឱ្យទាន់តាមការវិវត្តនៃការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានជាប្រយោជន៍ ដើម្បីឆ្លើយតបទៅនឹងបដិវត្តឧស្សហកម្មទី ៤ និង បរិវត្តកម្មឌីជីថលនៃសេដ្ឋកិច្ច និង សង្គមកម្ពុជា ។
សូមបញ្ជាក់ផងដែរថា អង្គភាពថវិកាអណាប័កផ្ទេរសិទ្ធិពេញលេញសរុប ចំនួន ៤៨ ដែលអង្គភាពមួយចំនួនគ្រោងនឹងអនុវត្តថវិការបស់ខ្លួននៅក្នុងឆ្នាំ ២០២៤ នេះ ហើយមួយចំនួនទៀតអនុវត្តនៅដើមឆ្នាំ ២០២៥ ដែលស្ថិតនៅក្រោមចំណុះក្រសួង-ស្ថាប័ន ចំនួន ១១ រួមមាន៖
១. ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (១ អង្គភាព)
២. ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (៥ អង្គភាព)
៣. ក្រសួងរ៉ែ និងថាមពល (៤ អង្គភាព)
៤. ក្រសួងអប់រំ យុវជន និងកីឡា (៤ អង្គភាព)
៥. ក្រសួងប្រៃសាណីយ៍ និងទូរគមនាគមន៍ (៦ អង្គភាព)
៦. អាជ្ញាធរសវនកម្មជាតិ (១ អង្គភាព)
៧. ក្រសួងធម្មការ និងសាសនា (៣ អង្គភាព)
៨. ក្រសួងយុត្តិធម៌ (១០ អង្គភាព)
៩. ក្រសួងមុខងារសាធារណៈ (១ អង្គភាព)
១០. ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ (៩ អង្គភាព) និង
១១. ក្រសួងធនធានទឹក និងឧត្តុនិយម (៤ អង្គភាព)