កិច្ចប្រជុំពិភាក្សាលើការកែសម្រួលសេចក្តីព្រាង "យុទ្ធសាស្ត្ររាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា"

នារសៀលថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០២៣, ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ (កបស) បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការកែសម្រួលសេចក្តីព្រាង “យុទ្ធសាស្ត្ររាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា” ។ កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅក្រោមការដឹកនាំដោយ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី, អនុប្រធានប្រចាំការ កបស និង ជាប្រធានក្រុមការងារដឹកនាំរៀបចំ គោលនយោបាយ និង យុទ្ធសាស្ត្រ រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ដែលជាសមាជិក ទីប្រឹក្សា និង ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន កបស ។ គោលបំណងសំខាន់នៃកិច្ចប្រជុំនេះ គឺដើម្បីពិនិត្យវឌ្ឍនភាពនៃការរៀបចំការងារបកប្រែពីភាសាខ្មែរ ទៅ ភាសាអង់គ្លេស របស់ “កម្មវិធីនយោបាយ” និង “យុទ្ធសាស្ត្ររាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា” ។ អង្គប្រជុំ បានឯកភាពជាគោលការណ៍លើខ្លឹមសារ នៃឯកសារដែលត្រូវបានបកប្រែដោយក្រុមការងារបច្ចេកទេស និង បានឯកភាពក្នុងការបន្តពិនិត្យលម្អិតបន្ថែមទៀត ដើម្បីធានាឱ្យបាននូវសង្គតិភាព ភាពច្បាស់លាស់ និង គ្រប់ជ្រុងជ្រោយ សំដៅឈានទៅបញ្ចប់ឯកសារបកប្រែដ៏មានសារៈសំខាន់នេះ ឱ្យបានទាន់ពេលវេលាតាមផែនការដែលបានគ្រោងទុក ៕