កិច្ចប្រជុំពិភាក្សាលើការស្នើការលើកទឹកចិត្តពិសេស ដល់ក្រុមហ៊ុន

នាព្រឹកថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ ២០២៤, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំក្រុមការងារ ដើម្បីពិភាក្សាលើការស្នើការលើកទឹកចិត្តរបស់ក្រុមហ៊ុននានា ក្រោមវិសាលភាពកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤ ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការរង អគ្គនាយក និង មន្ត្រីជំនាញដែលជាសមាជិកក្រុមការងារ តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ ។

ក្រុមការងារបានពិភាក្សាលើការស្នើរបស់ក្រុមហ៊ុន ចំនួន ២ គម្រោង រួមមានគម្រោងវិនិយោគអគារសហកម្មសិទ្ធិ និង គម្រោងមជ្ឈមណ្ឌលទេសចរណ៍ ស្ថិតនៅភូមិ ៦ និង ភូមិ ៥ សង្កាត់លេខ ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ ជារួម, ក្រុមការងារបានឯកភាពជាគោលការណ៍ផ្តល់នូវការលើកទឹកចិត្ត, ការអនុគ្រោះ និង ការសម្រួលនីតិវិធី ជូនដល់ក្រុមហ៊ុនទាំង ២ ដើម្បីបញ្ចប់ការសាងសង់, អនុវត្តគម្រោង និង/ឬ ចាប់ផ្តើមដំណើរការធុរកិច្ចក្នុងឆ្នាំ ២០២៤ ។ ជាមួយនេះ, ក្រុមការងារនឹងបន្តផ្តល់ការសម្របសម្រួល និង ជំរុញការអនុវត្តគម្រោង របស់ក្រុមហ៊ុនទាំង ២ ជាបន្តបន្ទាប់ ដើម្បីអាចដំណើរការសកម្មភាពវិនិយោគ និង ធុរកិច្ច ដោយរលូន ។

ទន្ទឹមនេះ, ក្រុមការងារនឹងបន្តពិនិត្យលើការស្នើការលើកទឹកចិត្តពីវិស័យឯកជនផ្សេងៗទៀត និង បន្តលើកទឹកចិត្តឱ្យធុរជន និង វិនិយោគិន ដែលមានបំណងទទួលបាននូវ ßអត្ថប្រយោជន៍ពិសេស ខាងលើ អញ្ជើញដាក់ពាក្យ ឬ ស្នើមកក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដើម្បីក្រុមការងារពិនិត្យ, វាយតម្លៃ និង ផ្តល់ការអនុម័ត នៅការិយាល័យក្រុមការងារ ដែលមានអាសយដ្ឋាន ផ្លូវជាតិលេខ ៤ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ឬ នៅអគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច ជាន់ទី២១ សង្កាត់/ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ និង តាមរយៈលេខទូរសព្ទ/តេឡេក្រាម ០១២ ៩០២ ២០០, ០៨៩ ៧២៦ ០២៨, និង ០១៦ ៣២១ ០១០ ៕