កិច្ចប្រជុំពិភាក្សាលើការអនុវត្តវិធានការជាកញ្ចប់ ក្នុងការដោះស្រាយគម្រោងវិនិយោគជាប់គាំង

នារសៀលថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ ២០២៣ នាទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារដោះស្រាយគម្រោងវិនិយោគជាប់គាំងក្នុងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការអនុវត្តវិធានការជាកញ្ចប់ ក្នុងការដោះស្រាយគម្រោងវិនិយោគជាប់គាំង ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និង មន្ត្រីជំនាញ តំណាងក្រសួងដែនដី នគរូបនីយកម្ម និង សំណង់, ក្រសួងយុត្តិធម៌, ក្រសួងទេសចរណ៍ និង រដ្ឋបាលខេត្តព្រះសីហនុ ព្រមទាំងមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ និង មន្ត្រីជំនាញ តំណាងអគ្គនាយកដ្ឋានពន្ធដារ និង អគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា ។
អង្គប្រជុំ បានពិភាក្សាដោយផ្តោតលើការកំណត់អត្តសញ្ញាណ និង ស្ថិតិគម្រោងវិនិយោគជាប់គាំង, ការផ្តល់លិខិតអនុញ្ញាតសាងសង់ និង ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ។ អង្គប្រជុំ បានស្វែងយល់ពីវឌ្ឍនភាពការងារ និង ស្ថានភាពថ្មីៗពាក់ព័ន្ធនឹងការវិនិយោគក្នុងខេត្តព្រះសីហនុ ព្រមទាំងបានឯកភាពលើការកំណត់អត្តសញ្ញាណគម្រោងវិនិយោគជាប់គាំង ដែលត្រូវពិនិត្យលម្អិតលើចំណុចបច្ចេកទេស និង បទប្បញ្ញត្តិពាក់ព័ន្ធ ជាពិសេស យន្កការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ។ ជាមួយនេះ, អង្គប្រជុំ ក៏បានឯកភាពលើសារសំខាន់ក្នុងការផ្សព្វផ្សាយ អំពីវិធានការជាកញ្ចប់នេះ ឱ្យបានទូលំទូលាយ ទាំងក្នុង និង ក្រៅប្រទេស ។