កិច្ចប្រជុំពិភាក្សាកម្រិតថ្នាក់ដឹកនាំលើគម្រោងចំណូល-ចំណាយថវិកា ឆ្នាំ២០២៤ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

នាព្រឹកថ្ងៃទី ៣០ ខែ សីហា ឆ្នាំ ២០២៣ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារថវិកាកម្រិតថ្នាក់ដឹកនាំអង្គភាពថវិកា បានអញ្ជើញដឹកនាំក្រុមការងារថវិកានៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចូលរួមកិច្ចប្រជុំពិភាក្សាកម្រិតថ្នាក់ដឹកនាំលើគម្រោងចំណូល-ចំណាយថវិកា ឆ្នាំ២០២៤ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលរៀបចំសម្របសម្រួលដោយអគ្គនាយកដ្ឋានថវិកា និង ដឹកនាំដោយឯកឧត្តម ចាន់ សុធី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។ ក្រុមការងារថវិកា ដែលចូលរួមកិច្ចប្រជុំនេះ រួមមាន ឯកឧត្តមរដ្ឋលេខាធិការ, ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក, ឯកឧត្តមអគ្គនាយក, ឯកឧត្តមនាយកវិទ្យាស្ថាន, ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំ និង តំណាងអង្គភាពថវិកានៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅថ្នាក់កណ្ដាល និង ថ្នាក់មូលដ្ឋាន ព្រមទាំងមន្រ្ដីជំនាញ សរុបប្រមាណ ១៥០ រូប ។ កិច្ចប្រជុំ បានដំណើរការតាមរបៀបវារៈសំខាន់ៗ ចំនួន ៣ រួមមាន៖ ការពិនិត្យផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ២០២៤-២០២៦ របស់ក្រសួង, ខ្លឹមសារនៃក្របខណ្ឌម៉ាក្រូ និង ថវិកាឆ្នាំ២០២៤, និង កិច្ចពិភាក្សាលើគម្រោងថវិកាឆ្នាំ២០២៤ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ទៅតាមអង្គភាពថវិកានីមួយៗ ៕