កិច្ចប្រជុំដកបទពិសោធន៍លើការធ្វើបរិវត្តកម្មឌីជីថល សម្រាប់ការអនុវត្តគម្រោង FMIS

នារសៀលថ្ងៃទី ៣ ខែ វិច្ឆិកា ឆ្នំា ២០២៣ តាមរយៈប្រព័ន្ធសន្និសីទវីដេអូ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានទទួលជួបប្រជុំដកបទពិសោធន៍លើការធ្វើបរិវត្តកម្មឌីជីថល សម្រាប់ការអនុវត្តគម្រោង FMIS ជាមួយ លោកជំទាវ Ionan Veleriya អនុរដ្ឋមន្ត្រីក្រសួងបរិវត្តកម្មឌីជីថល, ឯកឧត្តម Oleksandr GAMAN ឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ និង តំណាងក្រសួង-ស្ថាប័ននៃសាធារណរដ្ឋអ៊ុយក្រែន ។
កិច្ចជំនួបនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តមអគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, លោកអគ្គនាយករង ព្រមទាំងថ្នាក់ដឹកនាំ និង ក្រុមការងារ នៃលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ។

ជាកិច្ចចាប់ផ្តើម, ឯកឧត្តមបណ្ឌិតសភាចារ្យ បានថ្លែងអំណរគុណ ឯកឧត្តមឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំកម្ពុជា ដែលបានសម្របសម្រួលរៀបចំជំនួប ដែលមានការចូលរួមពី លោកជំទាវអនុរដ្ឋមន្ត្រីក្រសួងបរិវត្តកម្មឌីជីថល និង តំណាងក្រសួង-ស្ថាប័ននៃសាធារណរដ្ឋអ៊ុយក្រែន ក្នុងគោលបំណងចែករំលែកនូវបទពិសោធន៍ល្អៗ នៃការធ្វើបរិវត្តកម្មឌីជីថលនៅសាធារណរដ្ឋអ៊ុយក្រែន ។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានលើកឡើងថា ក្នុងអាណត្តិទី ៧ នៃនីតិកាលរដ្ឋសភា, រាជរដ្ឋាភិបាលកម្ពុជា ផ្តោតការយកចិត្តទុកដាក់ និង ដាក់ចេញនៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ជាពិសេស គឺការលើកឡើងនូវការអនុវត្តគម្រោង FMIS ជំហានទី ៣ ដែលកំពុងរៀបចំនូវប្រព័ន្ធ FMIS Portal សម្រាប់ការប្រើប្រាស់ឱ្យបានកាន់តែទូលំទូលាយ រហូតដល់កម្រិតអង្គភាពចំណាយនៅតាមបណ្តាខេត្ត ក្រុង-ស្រុក-ខណ្ឌ និង ឃុំ-សង្កាត់ នៃព្រះរាជាណាចក្រកម្ពុជា ។ ក្នុងន័យនេះ, វិធីសាស្ត្រក្នុងការអភិវឌ្ឍ និង ការអនុវត្តដោយជោគជ័យនៃប្រព័ន្ធ Diia នៅសាធារណៈរដ្ឋអ៊ុយក្រែន នឹងផ្តល់ជាបទពិសោធន៍ល្អៗ សម្រាប់ក្រុមការងារគ្រប់គ្រងគម្រោង FMIS ក្នុងការបន្តអនុវត្ត FMIS Portal និង គម្រោងពាក់ព័ន្ធនឹងប្រព័ន្ធបច្ចេកវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា ។

ឯកឧត្តមឯកអគ្គរដ្ឋទូត បានលើកឡើងថា រដ្ឋាភិបាលអ៊ុយក្រែន បានដាក់ឱ្យដំណើរការនូវកម្មវិធីតាមទូរសព្ទចល័ត (Diia) ដែលបានអនុវត្តដោយជោគជ័យទូទាំងប្រទេស នៅក្នុងកំឡុងពេលសង្គ្រាម ។ កម្មវិធីតាមទូរសព្ទចល័តនេះ បានអនុញ្ញាតឱ្យពលរដ្ឋអ៊ុយក្រែន អាចប្រើប្រាស់ឯកសារឌីជីខលតាមរយៈទូរសព្ទចល័ត សម្រាប់ការកំណត់អត្តសញ្ញាណ និង ការចែករំលែកឯកសារ ជំនួសឱ្យការប្រើប្រាស់ឯកសារជាក្រដាស ។

ជាទីបញ្ចប់, ឯកឧត្តមបណ្ឌិតសភាចារ្យ បានថ្លែងអំណរគុណសមភាគីអ៊ុយក្រែនដែលបានចែករំលែកបទពិសោធន៍ល្អៗ ពាក់ព័ន្ធនឹងការអភិវឌ្ឍ និង ការអនុវត្តដោយជោគជ័យនៃប្រព័ន្ធ Diia នៅសាធារណៈរដ្ឋអ៊ុយក្រែន ។ ទន្ទឹមនេះ, ភាគីទាំងពីរ បានឯកភាពនឹងបន្តកិច្ចសហការ និង រៀបចំការចែករំលែកបទពិសោធន៍ល្អៗក្នុងការធ្វើបរិវត្តកម្មឌីជីថល ជាបន្តបន្ទាប់ទៀតនៅពេលក្រោយ ៕