29

Nov, 2018

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បញ្ជ្រាបការយល់ដឹងអំពីប្រព័ន្ធ FMIS សម្រាប់អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិនៃក្រសួងចំនួន ៤ ដែលត្រូវចូលរួមអនុវត្តគម្រោង FMIS ឆ្នាំ ២០១៩

By: | Tags: | Comments: 0

នាព្រឹកថ្ងៃព្រហស្បតិ៍ ៧ រោច ខែ​កត្តិក ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវ​នឹង​ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ ២០១៨ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៃរាជធានីភ្នំពេញ, ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានរៀបចំកម្មវីធី “បញ្ជ្រាបការយល់ដឹងអំពីប្រព័ន្ធ FMIS សម្រាប់អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិនៃ ក្រសួងចំនួន០៤ ដែលត្រូវចូលរួមអនុវត្តគម្រោង FMIS ឆ្នាំ ២០១៩ ” ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ​ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS ដោយមានការចូលរួមតំណាងអង្គភាពថវិកាមកពីក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ក្រសួងសុខាភិ-បាល និងក្រសួងមុខងារសាធារណៈ សរុបជាង ៥០ រូប ។

ឯកឧត្ដមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានមានប្រសាសន៍ថា​​​​​​​​ ការបង្កើតឱ្យមានកម្មវីធី “បញ្ជ្រាបការយល់ដឹងអំពីប្រព័ន្ធ FMIS សម្រាប់អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិនៃ ក្រសួងចំនួន០៤ ដែលត្រូវចូលរួមអនុវត្តគម្រោង FMIS ឆ្នាំ ២០១៩”នេះឡើង គឺមានគោលបំណងផ្តល់ជូននូវការយល់ដឹង និង ទិដ្ឋភាពរួមពីអត្ថប្រយោជន៍មុខងាររបស់ប្រព័ន្ធ, ការរៀបចំឱ្យមានមន្រ្តីបង្គោលប្រចាំអង្គភាពថវិកា ដើម្បីងាយស្រួលដល់អនុវត្តគម្រោង និងការចាប់ផ្តើមអនុវត្តការងាររួមគ្នា ក្នុងការប្រើប្រាស់ប្រព័ន្ធ FMIS ឱ្យទទួលបានជោគជ័យ ។

ឯក​ឧត្តមបណ្ឌិតសភាចារ្យក៏បានគូសបញ្ជាក់ពីអត្ថប្រយោជន៍ជាច្រើនដែលក្រសួង-ស្ថាប័ននឹងទទួលបាន ពីប្រព័ន្ធ ដូចជាបង្កើនសមត្ថភាពក្នុងការតាមដានការអនុវត្តថវិកាឱ្យកាន់តែមានប្រសិទ្ធភាព និង មានលទ្ធភាពតាមដានឥណទានថវិកាតាមរយៈការទទួលបាននូវរបាយការណ៍ហិរញ្ញវត្ថុ, បង្កភាពងាយស្រួលក្នុងការអនុវត្ត គ្រប់គ្រង ស្វែងរកប្រតិបត្តិការហិរញ្ញវត្ថុ​ និង អនុវត្តចំណាត់ថ្នាក់ថវិកាទាំង ៧ ចំណាត់ថ្នាក់ ។ លើសពីនេះទៀត ប្រព័ន្ធនឹងផ្តល់លទ្ធភាពដល់ក្រសួង-ស្ថាប័នក្នុងការតាមដាននូវដំណើរការនៃការអនុវត្តថវិកាតាមរយៈលំហូរការ- ងារក្នុងប្រព័ន្ធ និងចំណេញពេលវេលា និង ធនធានផងដែរ ។ ប្រព័ន្ធក៏នឹងជួយបង្វែររបៀបនៃការអនុវត្តការងារដែលផ្តោតតែលើប្រតិបត្តការហិរញ្ញវត្ថុ ទៅជាការងារដែលឈរលើអភិក្រមនៃការរៀបចំផែនការ និង វិភាជធន- ធាន វាស់វែង និង តាមដានសមិទ្ធកម្មតាមថវិកាកម្មវិធី ។ អត្ថប្រយោជន៍ខាងលើ នឹងបង្កលក្ខណៈដល់ការពង្រឹងការបែងចែកធនធានឱ្យកាន់តែមានប្រសិទ្ធភាព និង​ ចំទិសដៅ ដែលនឹងនាំមកនូវផលិតភាពខ្ពស់សម្រាប់ប្រទេស ។

មុននឹងបញ្ចប់ ឯកឧត្តមបណ្ឌិតសភាចារ្យ បានសង្កត់ធ្ងន់ថា ប្រព័ន្ធ FMIS គឺជាឆ្អឹងខ្នងដ៏រឹងមាំ សម្រាប់គាំទ្រដល់ការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង ជាឧបករណ៍ធានាដល់ការរៀបចំ និងអនុវត្តថវិកាជាតិប្រកបដោយតម្លាភាព, ប្រសិទ្ធភាព និង គណនេយ្យភាពទាំងផ្នែកចំណូលនិងចំណាយថវិកា ។ បន្ថែមពីនេះ ដើម្បីឱ្យការអនុវត្តគម្រោង FMIS កាន់តែទទួលបានជោគជ័យ ចាំបាច់ទាមទារឱ្យក្រសួង-ស្ថាប័នសាមី បង្កើនការប្តេជ្ញាចិត្តខ្ពស់ក្នុងការចូលរួមអនុវត្តគម្រោងប្រកបដោយស្មារតីបុរេសកម្ម សកម្មភាព និង អន្តរសកម្ម ។

យោងតាមផែនការពង្រីកការអនុវត្តប្រព័ន្ធ FMIS ជំហានទី២ ២០១៧-២០២០ ក្នុងឆ្នាំ២០១៩ ខាងមុខនេះ ក្រសួង-ស្ថាប័នចំនួន១០ រួមជាមួយមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្តទាំង២៥ និងអង្គភាពថវិកាអាណាប័ក ផ្ទេរសិទ្ធិ០៨​ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសុខាភិបាល និងក្រសួងមុខងារសាធារណៈ នឹងត្រូវប្រើប្រាស់ប្រព័ន្ធ FMIS សម្រាប់ធ្វើការកត់ត្រាប្រតិបត្តិការហិរញ្ញវត្ថុ និងថវិកា ក្នុងនោះក្រសួងទាំង០៤  គឺសុទ្ធតែបានអនុវត្ត និងប្រើប្រាស់ប្រព័ន្ធ FMIS រួចមកហើយកាលពីដើមឆ្នាំ២០១៨ ដោយអនុវត្តនៅអគ្គនាយកដ្ឋានហិរញ្ញវត្ថុ លើកលែងតែក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដែលមានអង្គភាពថវិកាអាណាប័កផ្ទេសិទ្ធិចំនួន០៦ ។

efi_29-11-2018_1efi-29-11-2018_2efi-29-11-2018_3efi-29-11-2018_4