7

Jun, 2021

ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ ផ្តល់សៀវភៅ “ទស្សនៈសេដ្ឋវិទូ និង វិទ្យាសាស្រ្តសេដ្ឋកិច្ច ”ជាអំណោយពុទ្ធិដ៏ថ្លៃថ្លា ដល់វិទ្យាស្ថានសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

By: | Tags: | Comments: 0

វិទ្យាស្ថានសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ សូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុត ជូន ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាអនុប្រធានប្រចាំការឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ដែលបានផ្តល់សៀវភៅ “ទស្សនៈសេដ្ឋវិទូ និង វិទ្យាសាស្រ្តសេដ្ឋកិច្ច” ជាអំណោយពុទ្ធិដ៏ថ្លៃថ្លាសម្រាប់ខេមរជាតិ ។ សៀវភៅនេះ ប្រជុំ និង សម្រាំងទៅដោយ ប្រវត្តិគំនិត និង ទស្សនៈសេដ្ឋវិទូល្បីៗ អំពីទ្រឹស្តិម៉ូដែល និង ទ្រឹស្តីសេដ្ឋកិច្ច ចាប់តាំងពីសម័យបុរេប្រវត្តិរហូតដល់សហសម័យ ។ វិទ្យាស្ថានយល់ថា ស្នាដៃនេះគឺជាប្រភព​ថ្មីមួយទៀត ដែលនឹងជួយបង្កើតតម្លៃដល់ការសិក្សា ស្រាវជ្រាវ ស្វែងយល់ពីដំណើរវិវត្តនៃទ្រឹស្តីសេដ្ឋកិច្ច និង ការវិភាគបាតុភូតសេដ្ឋកិច្ច​​ ផ្សារភ្ជា​ប់​នឹងសកម្មភាពមនុស្សក្នុងសង្គម និង ធម្មជាតិ សំដៅចូលរួមចំណែកក្នុងការបណ្តុះ និង ការពង្រឹងពង្រីក​ចំណេះដឹង និង សមត្ថភាពធនធានមនុស្ស សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ។

ដោយកតញ្ញុតាធម៌ និង គារវកិច្ចដ៏ខ្ពង់ខ្ពស់, ក្នុងនាមថ្នាក់ដឹកនាំ និង មន្ត្រីរាជការ របស់ វិទ្យាស្ថានសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ខ្ញុំសូមគោរពជូនពរ ឯកឧត្តមបណ្ឌិតសភាចារ្យ និង ក្រុមគ្រួសារ សូមមានសុខភាពល្អ កម្លាំងពលំមាំមួន អាយុយឺនយូរ និង សូមប្រកបតែនឹងពុទ្ធពរទាំងបួនប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។

សិស្ស និស្សិត សាស្រ្តាចារ្យ សិក្ខាកាម មន្ត្រីរាជការ និង អ្នកសិក្សាស្រាវជ្រាវ ដែលមានបំណងស្វែងយល់ខ្លឹមសារ នៃសៀវភៅ “ទស្សនៈសេដ្ឋវិទូ និង វិទ្យាសាស្រ្តសេដ្ឋកិច្ច” ដែលជាស្នាដៃនិពន្ធរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប អាចអញ្ជើញមកបណ្ណាល័យ វិទ្យាស្ថានសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នៃ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដែលមានអាស​យដ្ឋា​ន ផ្លូវលេខ ១៣៤ សង្កាត់ផ្សារដេប៉ូ ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក្នុងម៉ោងធ្វើការ ចាប់ពីពេលនេះតទៅ ។

សូមគោរពអរគុណ និង អរគុណ!