28

Jun, 2021

កិច្ចប្រជុំស្តីពី “វឌ្ឍនភាពការងារពាក់កណ្តាលឆ្នាំ ២០២១ ក្នុងក្របខណ្ឌនៃការអនុវត្តគម្រោង FMIS ជំហានទី៣”

By: | Tags: | Comments: 0

នាព្រឹក ថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០២១ ក្រុមការងារគ្រប់គ្រងគម្រោងអេហ្វអឹមអាយអេស (FMIS) បានរៀបចំកិច្ចប្រជុំស្តីពី “វឌ្ឍនភាពការងារពាក់កណ្តាលឆ្នាំ ២០២១ ក្នុងក្របខណ្ឌនៃការអនុវត្តគម្រោង FMIS ជំហានទី៣” ដឹកនាំដោយឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS ក្នុងគោលបំណងតាមដាន, ត្រួតពិនិត្យវឌ្ឍនភាពការងារពាក់កណ្តាលឆ្នាំ ២០២១ និង ទិសដៅបន្តអនុវត្តគម្រោង FMIS ជំហានទី៣ ព្រមទាំងបន្តជំរុញវឌ្ឍនភាពការងារឱ្យសម្រេចបានតាមផែនការសកម្មភាព និង ដោះស្រាយនូវបញ្ហាប្រឈមដែលកំពុងជួបប្រទះ រួមទាំងផលប៉ះពាល់នៃជំងឺកូវីដ-១៩ និង បរិបទការងារពីចម្ងាយ ។
ស្ថិតក្នុងក្របខណ្ឌនៃការអនុវត្តគម្រោង FMIS ជំហានទី៣ និង ស្របតាមផែនការសកម្មភាពដែលបានដាក់ចេញឱ្យអនុវត្តក្នុងឆ្នាំ ២០២១ ក្រុមការងារគ្រប់គ្រងគម្រោង FMIS បាននិងកំពុងបន្តអនុវត្តសកម្មភាពការងារ ដើម្បីសម្រេចបានតាមសូចនាករដែលបានកំណត់ ដោយផ្តោតលើការពង្រឹង និងពង្រីកការប្រើប្រាស់ប្រព័ន្ធ FMIS ។ នៅក្នុងពាក់កណ្តាលឆ្នាំ ២០២១ នេះ ក្រុមការងារគ្រប់គ្រងគម្រោង FMIS សម្រេចបាននូវវឌ្ឍនភាពដូចជា៖
• បានពង្រីកការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ FMIS ជាផ្លូវការនៅអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិចំនួន២ រួមមាន លេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម និង ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និង កិច្ចការត្រៀមសម្រាប់ការដ្ឋានថ្មីមួយចំនួនដូចជា រដ្ឋបាលរាជធានី-ខេត្តទាំង ២៥ និងអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិបន្ថែមថ្មី
• បានពង្រីកការដាក់ឱ្យប្រើប្រាស់សាកល្បងមុខងារថ្មីចំនួន២ គឺ មុខងាររៀបចំផែនការថវិកា និង មុខងារលទ្ធកម្មពេញលេញ នៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ក្រសួងកិច្ចការនារី ព្រមទាំងមុខងារលទ្ធកម្មពេញលេញនៅក្រសួងព័ត៌មាន
• បានដាក់ឱ្យដំណើរការសន្ធានកម្មរវាងប្រព័ន្ធ FMIS និង ប្រព័ន្ធបៀវត្សមន្ត្រីរាជការស៊ីវិលរបស់ក្រសួងមុខងារសាធារណៈ
• បានពង្រីកការអនុវត្តនីតិវិធីថ្មីសម្រាប់ការចំណាយទូទាត់ត្រង់ដែលមានហានិភ័យទាប នៅក្រសួងចំនួន ៧ រួមមាន៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ក្រសួងមុខងារសាធារណៈ, ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ក្រសួងសុខាភិបាល, និង ក្រសួងអប់រំ យុវជន និងកីឡា
• បានពង្រីកការអនុវត្តនីតិវិធីថ្មីសម្រាប់ការបើកផ្តល់បៀវត្ស និង ចំណាយលើបន្ទុកបុគ្គលិកផ្សេងៗដែលមានគោលរបបកំណត់ច្បាស់លាស់ នៅក្រសួង-ស្ថាប័នចំនួន ១៩
• បានបញ្ចប់ការអភិវឌ្ឍកម្មវិធីកញ្ចក់ថវិកាជំនាន់ទី១ និង អភិវឌ្ឍបន្ថែមសម្រាប់កម្មវិធីកញ្ចក់ថវិកាជំនាន់ ទី ២
• បានត្រៀមការពង្រឹងបន្ថែមលើផ្នែកសុវត្ថិភាព និង សមត្ថភាពប្រព័ន្ធ FMIS ។
ជាមួយគ្នានេះ ក្រុមការងារគ្រប់គ្រងគម្រោង FMIS ក៏បានលើកទិសដៅការងារបន្តលើការពង្រឹង និងពង្រីកការប្រើប្រាស់ប្រព័ន្ធ FMIS សម្រាប់ត្រីមាសទី៣ និង ទី ៤ ក្នុងឆ្នាំ ២០២១ នេះរួមមាន៖
• ពង្រីកការអនុវត្តនីតិវិធីថ្មីសម្រាប់ការបើកផ្តល់បៀវត្ស និង ចំណាយលើបន្ទុកបុគ្គលិកផ្សេងៗដែលមានគោលរបបកំណត់ច្បាស់លាស់ នៅក្រសួង-ស្ថាប័ន ដែលនៅសេសសល់
• ពង្រីកការអនុវត្តនីតិវិធីថ្មីសម្រាប់ការចំណាយទូទាត់ត្រង់ដែលមានហានិភ័យទាប នៅក្នុងក្រសួង-ស្ថាប័ន ដែលនៅសេសសល់
• បន្តសិក្សាលើនីតិវិធីចំណាយផ្សេងទៀតក្រៅពីការបើកផ្តល់បៀវត្ស និង ទូទាត់ត្រង់ ជាពិសេសគឺការសិក្សាលើនីតិវិធីពាក់ព័ន្ធនឹងធានាចំណាយ ការធ្វើកិច្ចលទ្ធកម្ម និងការទូទាត់កិច្ចលទ្ធកម្មជាដើម
• ដំឡើងហេដ្ឋារចនាសម្ព័ន្ធបណ្តាញតភ្ជាប់ រៀបចំប្រព័ន្ធ FMIS និង ផ្តល់វគ្គបណ្តុះបណ្តាលជូនអ្នកប្រើប្រាស់នៅរដ្ឋបាលរាជធានី-ខេត្ត និង អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិនៅថ្នាក់កណ្តាលបន្ថែមថ្មី ។
កិច្ចប្រជុំនេះបានប្រព្រឹត្តិទៅរហូតដល់ម៉ោង ១:០០ រសៀល ដោយមានការចូលរួមផ្ដល់ធាតុចូលល្អៗពីបណ្ដាអគ្គនាយកដ្ឋានពាក់ព័ន្ធដែលជាសមាជិកក្រុមការងារ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់អំពីការស្វែងរកនូវដំណោះស្រាយទៅលើបញ្ហាប្រឈមនានា ដែលអាចជាហានិភ័យប៉ះពាល់ដល់ការអនុវត្តគម្រោង FMIS ៕
May be an image of 1 person and text