23

Jun, 2021

កិច្ចប្រជុំស្តីពីការរៀបចំការប្រឡងប្រជែងជ្រើសរើសបេក្ខជនជាមន្ត្រីរាជការឱ្យចូលបម្រើការងារនៅអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា

By: | Tags: | Comments: 0

នារសៀលថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ២០២១, តាមរយៈប្រព័ន្ធសន្និសិទវីដេអូ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសបេក្ខជនជាមន្រ្តីរាជការឱ្យចូលបម្រើការងារ នៅអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានសម្របសម្រួលដឹកនាំកិច្ចប្រជុំស្តីពីការរៀបចំការប្រឡងប្រជែងជ្រើសរើសបេក្ខជនជាមន្ត្រីរាជការឱ្យចូលបម្រើការងារនៅអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ។ កិច្ចប្រជុំដ៏មានសារសំខាន់នេះ មានការអញ្ជើញចូលរួមពីឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ, តំណាងអង្គភាពប្រឆាំងអំពើពុករលួយ, ឯកឧត្តមអគ្គលេខាធិការ, ឯកឧត្តមនាយកវិទ្យាស្ថានសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ, អគ្គលេខាធិការរង, អគ្គនាយករងនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា, ប្រធាននាយកដ្ឋានបុគ្គលិក, និង ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក-សមាជិកាគណៈកម្មការ ព្រមទាំងមន្រ្តីជំនាញពាក់ព័ន្ធ ។
គោលបំណងសំខាន់នៃកិច្ចប្រជុំនេះ គឺដើម្បីពិនិត្យពិភាក្សាអំពីការបន្តរៀបចំនីតិវិធីនៃការប្រឡងប្រជែងឱ្យកាន់តែមានភាពគ្រប់ជ្រុងជ្រោយ និង ការកំណត់លក្ខខណ្ឌចាំបាច់របស់បេក្ខជន ព្រមទាំងពិភាក្សាអំពីការបង្កើតអនុគណៈកម្មការនានា តាមការចាំបាច់ សំដៅធានាបាននូវដំណើរការប្រឡងប្រជែងប្រកបដោយតម្លាភាព ប្រសិទ្ធភាព និង យុត្តិធម៌ ក្នុងគោលដៅជ្រើសរើសបាននូវបេក្ខជនជាមន្រ្តីរាជការដែលមានសមត្ថភាពដើម្បីបំពេញភារកិច្ចនិងផ្តល់សេវាសាធារណៈរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ៕