11

Jun, 2021

ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានអនុញ្ញាតឱ្យលោក Javier Castillo Alvarez តំណាងសហភាពអឺរ៉ុបប្រចាំកម្ពុជា ចូលជួបជម្រាបលាតាមរយៈប្រព័ន្ធសន្និសីទវីដេអូ មុនពេលដែលលោកត្រូវបញ្ចប់បេសកកម្មនៅព្រះរាជាណាចក្រកម្ពុជា នាពាក់កណ្តាលខែ មិថុនា ឆ្នាំ ២០២១ នេះ

By: | Tags: | Comments: 0

នារសៀលថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ២០២១, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានអនុញ្ញាតឱ្យលោក Javier Castillo Alvarez តំណាងសហភាពអឺរ៉ុបប្រចាំកម្ពុជា ចូលជួបជម្រាបលាតាមរយៈប្រព័ន្ធសន្និសីទវីដេអូ មុនពេលដែលលោកត្រូវបញ្ចប់បេសកកម្មនៅព្រះរាជាណាចក្រកម្ពុជា នាពាក់កណ្តាលខែ មិថុនា ឆ្នាំ ២០២១ នេះ ។ ជំនួបលាគ្នានេះ មានការចូលរួមពីឯកឧត្តមអគ្គលេខាធិការរង និងជាអនុប្រធានប្រចាំការក្រុមការងារគ្រប់គ្រងគម្រោង FMIS, មន្រ្តីជំនាញជាន់ខ្ពស់របស់ធនាគារពិភពលោកប្រចាំកម្ពុជា និង លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ជាច្រើនរូប ។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានថ្លែងអំណរគុណដល់សហភាពអឺរ៉ុប និង បណ្ដាដៃគូអភិវឌ្ឍន៍ ជាពិសេស លោក Javier Castillo Alvarez ដែលបានគាំទ្រដល់កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលក្នុងនោះ លោកបានចូលរួមគាំទ្រ, ផ្តល់យោបល់ប្រឹក្សា និង ផ្តល់ការយកចិត្តទុកដាក់ខ្ពស់ដល់ការអនុវត្តគម្រោង FMIS តាំងពីជំហានទី១ ក្នុងឆ្នាំ ២០១៥ មកដល់ពេលបច្ចុប្បន្ននៅក្នុងគម្រោងជំហានទី៣ ។
លោកតំណាងសហភាពអឺរ៉ុបប្រចាំកម្ពុជាដែលចប់បេសកកម្ម បានសម្តែងអំណរសាទរចំពោះឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ដែលបានដឹកនាំការអនុវត្តគម្រោង FMIS ទទួលបានជោគជ័យ និង សម្រេចបានសមិទ្ធផលជាច្រើនក្នុងការអនុវត្តកន្លងមក លើកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈសម្រាប់កម្ពុជា ដោយមានការចូលរួមពីក្រុមការងារជាធនធានមនុស្ស ដែលពោរពេញដោយសមត្ថភាពខ្ពស់, ចំរុះផ្នែក និង មានជំនាញវិជ្ជាជីវៈខ្ពស់ក្នុងការបំពេញការងារប្រកបដោយការយកចិត្តទុកដាក់ និង ការទទួលខុសត្រូវខ្ពស់ ។ លោកជឿជាក់យ៉ាងមុតមាំថា បេក្ខភាពតំណាងសហភាពអឺរ៉ុបដែលនឹងមកបន្តការងារលោក នឹងនៅតែបន្តកិច្ចសហការ និង គាំទ្រដល់ការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង គម្រោង FMIS ឱ្យសម្រេចបានគោលដៅតាមការគ្រោងទុក ។
ឯកឧត្តមបណ្ឌិតសភាចារ្យបានជូនពរ លោក Javier Castillo Alvarez ព្រមទាំងក្រុមគ្រួសារឱ្យទទួលបាននូវសុខសុភមង្គល, សុខភាពល្អ និង ទទួលជោគជ័យលើគ្រប់ភារកិច្ច ៕