1

Jun, 2021

កិច្ចប្រជុំពិនិត្យពិភាក្សាលើ “ការត្រួតពិនិត្យលើលទ្ធផលនៃការវាយតម្លៃឯកសារដេញថ្លៃ ឧបករណ៍បច្ចេកវិទ្យាព័ត៌មានសម្រាប់អ្នកប្រើប្រាស់ និង ឧបករណ៍សម្រាប់បណ្ដាញតភ្ជាប់ សម្រាប់អនុវត្តគម្រោង FMIS ជំហានទី៣”

By: | Tags: | Comments: 0

នារសៀលថ្ងៃទី ០១ ខែ មិថុនា ឆ្នាំ ២០២១, នៅលើប្រព័ន្ធសន្និសីទវីដេអូ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាលើ “ការត្រួតពិនិត្យលើលទ្ធផលនៃការវាយតម្លៃឯកសារដេញថ្លៃ ឧបករណ៍បច្ចេកវិទ្យាព័ត៌មានសម្រាប់អ្នកប្រើប្រាស់ និង ឧបករណ៍សម្រាប់បណ្ដាញតភ្ជាប់ សម្រាប់អនុវត្តគម្រោង FMIS ជំហានទី៣” ។
គោលបំណងសំខាន់នៃកិច្ចប្រជុំនេះ គឺដើម្បីពិនិត្យការដេញថ្លៃនេះធ្វើឡើងដោយគោរពតាមនីតិវិធីនៃការដេញថ្លៃក្នុងស្រុក និង ប្រព្រឹត្តទៅប្រកបដោយមានភាពប្រកួតប្រជែង តម្លាភាព និង ប្រសិទ្ធភាព ដើម្បីទទួលបាននូវឧបករណ៍សម្ភារបច្ចេកវិទ្យាព័ត៌មានគុណភាពខ្ពស់ក្នុងតម្លៃប្រកួតប្រជែង សំដៅគាំទ្រដល់ការពង្រីកការដ្ឋានថ្មីក្នុងគម្រោង FMIS ជំហានទី ៣ ដែលនឹងពង្រីកការដ្ឋានថ្មីទៅដល់រដ្ឋបាលរាជធានី ខេត្ត ទាំង ២៥, រដ្ឋបាលក្រុង/ខណ្ឌ និង មន្ទីរជំនាញមួយចំនួនទៀត ។
កិច្ចប្រជុំនេះ មានការចូលរួមពីសមាជិកគណៈកម្មការត្រួតពិនិត្យ និង គណៈកម្មការវាយតម្លៃឯកសារដេញថ្លៃឧបករណ៍ សម្ភារៈ និង សេវាបច្ចេកវិទ្យាព័ត៌មាន ដែលមានសមាសភាពមកពីអគ្គនាយកដ្ឋានពាក់ព័ន្ធរួមមានៈ អគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនិងគ្រប់គ្រងបំណុល, អគ្គនាយកដ្ឋានរតនាគារជាតិ, អគ្គនាយកដ្ឋានថវិកា, អគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ, អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ៕