20

May, 2021

កិច្ចប្រជុំក្រុមការងារថវិកាកម្រិតថ្នាក់ដឹកនាំអង្គភាពថវិកាក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

By: | Tags: | Comments: 0

នាព្រឹកថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ ២០២១ តាមរយៈប្រព័ន្ធសន្និសីទវីដេអូ, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ) បានរៀបចំកិច្ចប្រជុំក្រុមការងារថវិកាកម្រិតថ្នាក់ដឹកនាំអង្គភាពថវិកាក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រោមការដឹកនាំសម្របសម្រួលរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារថវិកាកម្រិតថ្នាក់ដឹកនាំអង្គភាពថវិកា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមរដ្ឋលេខាធិការ, ឯកឧត្តមអគ្គលេខាធិការ, ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក, ឯកឧត្តមអគ្គនាយក, ឯកឧត្តមនាយកវិទ្យាស្ថាន, ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំ និងតំណាងគ្រប់អង្គភាពថវិកាថ្នាក់កណ្តាល និងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត ។
កិច្ចប្រជុំនេះរៀបចំឡើងដើម្បីពិនិត្យពិភាក្សាលើរបៀបវារៈសំខាន់ៗ៖ ១.ពិនិត្យនិងពិភាក្សាលើសំណើរចនាសម្ព័ន្ធកម្មវិធីថ្មីរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ២.ពិនិត្យគម្រោងចំណូល-ចំណាយ និងសំណើកែសម្រួលសូចនាករនិងគោលដៅសម្រាប់លទ្ធផលក្នុងឆ្នាំកម្រិតអនុកម្មវិធី ក្នុងផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ២០២២-២០២៤ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។
គោលបំណងសំខាន់នៃកិច្ចប្រជុំនេះ គឺដើម្បីធានាបាននូវការរៀបចំឯកសារទស្សនាទានគ្រប់ជ្រុងជ្រោយ ស្តីពីការកែសម្រួលរចនាសម្ព័ន្ធកម្មវិធីរបស់ កសហវ ស្របតាមបទដ្ឋានគតិយុត្តថ្មីៗ និងការសម្រេចដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី ព្រមទាំងធានាបាននូវការរៀបចំ និងអនុវត្តផែនការយុទ្ធសាស្រ្តថវិកាឆ្នាំ២០២២-២០២៤ របស់ កសហវ ស្របតាមសារាចរណែនាំរបស់រាជរដ្ឋាភិបាល ៕