30

Mar, 2021

ក្រុមបេសកកម្មរបស់រូបិយវត្ថុអន្តរជាតិ (IMF) បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក្នុងការអនុវត្តគម្រោង FMIS ជំហានទី២ ដែលបានបញ្ចប់ជាស្ថាពរ និង ការអនុវត្តនៅក្នុងជំហានទី៣

By: | Tags: | Comments: 0

ជាថ្មីម្ដងទៀតក្រុមបេសកកម្មរបស់រូបិយវត្ថុអន្តរជាតិ (IMF) បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក្នុងការអនុវត្តគម្រោង FMIS ជំហានទី២ ដែលបានបញ្ចប់ជាស្ថាពរ និង ការអនុវត្តនៅក្នុងជំហានទី៣ នេះជាការលើកឡើងក្នុងឱកាសក្នុងកិច្ចប្រជុំតាមរយៈកម្មវិធី Cisco WebEx នាថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០២១ វេលាម៉ោង ១៣:០០ រសៀល ជាមួយឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS ។
ឯកឧត្តមបណ្ឌិតសភាចារ្យក្នុងនាមឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅជូនចំពោះតំណាងរបស់រូបិយវត្ថុអន្តរជាតិ (IMF) ដែលមានលោកស្រី Delphine Moretti ជាអ្នកដឹកនាំបេសកកម្មលើកទី ១១ នេះ និង សហការីគឺលោក Kris Kauffmann ទីប្រឹក្សា IMF ជួយគាំទ្រដល់គម្រោង FMIS រួមជាមួយនឹងលោក Yasuhisa Ojima ប្រធានស្ថានតំណាង IMF ប្រចាំនៅកម្ពុជា ។ សូមបញ្ជាក់ថាលោកស្រី Delphine បានមកជំនួសលោក Holger Van Eden ប្រធានការិយាល័យ IMF ប្រចាំតំបន់នៅទីក្រុងបាងកក ដែលបានបញ្ចប់ភារកិច្ចរបស់លោកនៅទីក្រុងបាងកក និង បានវិលត្រឡប់ទៅទីចាត់ការកណ្ដាលរបស់ IMF វិញ ។
តំណាង IMF លោកស្រី Delphine បានជម្រាបជូនអង្គប្រជុំថា បន្ទាប់ពីបានជួបពិភាក្សាជាមួយក្រសួង-ស្ថាប័ន រួមមានក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងសុខាភិបាល, ធនាគារជាតិនៃកម្ពុជា, មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុមួយចំនួន និង អគ្គនាយកដ្ឋានពាក់ព័ន្ធសំខាន់ៗ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។ នៅក្នុងកំឡុងបេសកកម្មនេះ IMF បានផ្ដល់យោបល់ដល់ការងារគន្លឹះមួយចំនួនពាក់ព័ន្ធនឹង៖ ១-ការរៀបចំឯកសារផែនការពង្រីកការអនុវត្តគម្រោងប្រព័ន្ធ FMIS ជំហានទី៣, ២-ការដាក់ឱ្យប្រើប្រាស់មុខងារថ្មីធំៗចំនួនពីររបស់ប្រព័ន្ធ គឺមុខងាររៀបចំថវិកា និង មុខងារលទ្ធកម្មពេញលេញ, ៣-ការពង្រឹងការប្រើប្រាស់ប្រព័ន្ធទូទាត់អេឡិកត្រូនិក ជាពិសេសតាមបច្ចេកវិទ្យាថ្មីរបស់ធនាគារជាតិនៃកម្ពុជា ជាមួយនឹងការចូលរួមក្នុងការអភិវឌ្ឍផែនការមេសម្រាប់ការទូទាត់នេះនៅបេសកកម្មលើកក្រោយទៀត, ៤-ការពិនិត្យមើលលើការប្រើប្រាស់ទិន្នន័យចេញពីប្រព័ន្ធ FMIS, ៥-ការប្រើប្រាស់មាតិកាថវិកាជាពិសេសចំណាត់ថ្នាក់គម្រោង និង កម្មវិធី ដែលត្រូវការនូវការយកចិត្តទុកពង្រឹងបន្ថែមទៀត, ៦-ការបញ្ចូលការគ្រប់គ្រងថវិការបស់គម្រោងវិនិយោគទៅក្នុងការអនុវត្តគម្រោងជំហានទី៣ និង ការប្រើប្រាស់ចំណាត់ថ្នាក់មូលនិធិ និង គម្រោងឱ្យមានភាពប្រទាក់ក្រឡាគ្នា ជាមួយនឹងការគ្រប់គ្រងថវិកា និង ការធានាចំណាយគម្រោងពហុឆ្នាំ, ៧-ការផ្ដល់សិក្ខាសាលា និង វគ្គបណ្ដុះបណ្ដាលខ្លីពាក់ព័ន្ធនឹងការងាររៀបចំ និង គ្រប់គ្រងថវិកាតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ។ ដោយឡែកសម្រាប់មុខងាររៀបចំថវិកា IMF បានស្នើសុំឱ្យមានការកសាងនូវមុខងារគ្រោងថវិកាសម្រាប់រយៈពេលមធ្យម និង វែង ជាមួយនឹងការអនុវត្តតាមប្រព័ន្ធទាំងស្រុងទៅតាមនីតិវិធីថ្មីដែលស្របតាមឧត្តមានុវត្តន៍ជាជាងការបម្លែងការអនុវត្តបច្ចុប្បន្ន ទៅជាការអនុវត្តតាមប្រព័ន្ធកុំព្យូទ័រ និង ស្នើសុំឱ្យអគ្គនាយកដ្ឋានថវិកាដើរគួរនាំមុខក្នុងការងារនេះ ។
ជាការឆ្លើយតបឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ក្រៅពីការផ្ដល់មតិបកស្រាយ និង ពន្យល់បន្ថែមលើអ្វីដែលបានលើកឡើងដោយតំណាង IMF លោកក៏បានថ្លែងអំណរគុណចំពោះ IMF ក្នុងបេសកកម្មលើការងារវាយតម្លៃ និង ជួយគាំទ្រផ្ទាល់ដល់គម្រោង FMIS លើកទី ១១ នេះ និង បានស្នើសុំ IMF បន្តគាំទ្រការអនុវត្តគម្រោងជំហានទី ៣ ឱ្យបានទទួលជោគជ័យ តាមការគ្រោងទុក ៕