19

Mar, 2021

កិច្ចប្រជុំពិភាក្សាលើវឌ្ឍនភាពនៃសេចក្តីព្រាងគោលនយោជាតិស្តីពី “ផលិតភាពសេដ្ឋកិច្ចកម្ពុជា” ឆ្នាំ២០២១-២០២៥ និងឯកសារ “ផែនការមេផលិតភាពជាតិកម្ពុជា” ឆ្នាំ២០២០-២០៣០ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ តាមរយៈកម្មវិធី Zoom

By: | Tags: | Comments: 0

នារសៀលថ្ងៃសុក្រ ៦កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាសមាជិកគណៈកម្មាធិការជាតិផលិតភាពសេដ្ឋកិច្ចកម្ពុជា (គ.ជ.ផ.ក.) បានដឹកនាំកិច្ចប្រជុំចង្អៀត ដើម្បីពិនិត្យពិភាក្សាលើរបៀបវារៈចំនួនពីរគឺ៖ ១. វឌ្ឍនភាពនៃសេចក្តីព្រាងគោលនយោជាតិស្តីពី “ផលិតភាពសេដ្ឋកិច្ចកម្ពុជា” ឆ្នាំ២០២១-២០២៥ និង ២. ឯកសារ “ផែនការមេផលិតភាពជាតិកម្ពុជា” ឆ្នាំ២០២០-២០៣០ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ តាមរយៈកម្មវិធី Zoom ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តមបណ្ឌិត ផាន់ ផល្លា រដ្ឋលេខាធិការ នៃ ក.ស.ហ.វ., ឯកឧត្តមបណ្ឌិត ហួត ពុំ អនុរដ្ឋលេខាធិការ នៃ ក.ស.ហ.វ., ឯកឧត្តម ស៊ីសុវត្ថិ ដួងច័ន្ទទោ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ផ.ក. និងមន្រី្តជំនាញមួយចំនួន ។
ជាលទ្ធផល អង្គប្រជុំបានឯកភាពទៅលើធាតុចូល និងខ្លឹមសារស្នូល នៃសេចក្តីព្រាងគោលនយោបាយជាតិស្តីពី “ផលិតភាពសេដ្ឋកិច្ចកម្ពុជា” ហើយសេចក្តីព្រាងផែនការមេផលិតភាពជាតិ ២០២០-២០៣០ គឺជាធាតុចូលដ៏សំខាន់សម្រាប់រៀបចំគោលនយោបាយរបស់កម្ពុជាផ្ទាល់ ។ ឯកឧត្តមបណ្ឌិតសភាចារ្យ បានស្នើឱ្យអគ្គលេខាធិការដ្ឋាន គ.ជ.ផ.ក. ពន្លឿនការកែសម្រួល និងសម្អាតខ្លឹមសារនៃសេចក្តីព្រាងគោលនយោបាយជាតិស្តីពី “ផលិតភាពសេដ្ឋកិច្ចកម្ពុជា” ឱ្យបានច្បាស់លាស់ និងកាន់តែប្រសើរ ដោយឈរលើគោលការណ៍ម្ចាស់ការ ដើម្បីត្រៀមរៀបចំកិច្ចប្រជុំផ្ទៃក្នុងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាពេលឆាប់ៗខាងមុខនេះ មុនពេលដាក់ជូន គ.ជ.ផ.ក. ពិនិត្យ និងសម្រេច ៕