12

Jan, 2021

ជំនួបពិភាក្សាជាមួយលោក ហឺ លីពីង អគ្គនាយកក្រុមហ៊ុន CFOCN និង សហការី ដើម្បីពិនិត្យមើលលើលទ្ធភាព និង ការរៀបចំពិធី និង ការជំរុញឱ្យអនុវត្តគម្រោងនៅជំហានទី២ ជាបន្តទៀតជាបណ្ដើរៗ មុនពេលប្រារព្ធពិធីដាក់ឱ្យអនុវត្តគម្រោងជាផ្លូវការ

By: | Tags: | Comments: 0

ក្រោយពីទទួលបានគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងការត្រៀមរៀបចំពិធីដែលគ្រោងនឹងប្រព្រឹត្តទៅនាចុងខែ មករា ឆ្នាំ ២០២១ ខាងមុខនេះវិញ ដោយមានការពន្យារពេលជាច្រើនដងដោយសារការផ្ទុះឡើងវិញនៃការរីករាលដាលនៃជំងឺកូវីដ-១៩, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោងអ៊ីនត្រាណិតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានទទួលជួបពិភាក្សាជាថ្មីម្តងទៀតជាមួយលោក ហឺ លីពីង អគ្គនាយកក្រុមហ៊ុន CFOCN និង សហការី នៅរសៀលថ្ងៃទី ១២ ខែ មករា ឆ្នាំ ២០២១ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីពិនិត្យមើលលើលទ្ធភាព និង ការរៀបចំពិធី និង ការជំរុញឱ្យអនុវត្តគម្រោងនៅជំហានទី២ ជាបន្តទៀតជាបណ្ដើរៗ មុនពេលប្រារព្ធពិធីដាក់ឱ្យអនុវត្តគម្រោងជាផ្លូវការ ។
នៅក្នុងជំនួបនេះ ឯកឧត្តមបណ្ឌិតសភាចារ្យប្រធានក្រុមការងារ បានសម្តែងនូវការសាទរចំពោះភាពជោគជ័យ នៃការបញ្ចប់ការអនុវត្តគម្រោងអ៊ីនត្រាណិតជំហានទី១ ដែលជាក់ស្តែងការដ្ឋានចំនួន ១៦៣ ត្រូវបានដាក់ឱ្យប្រើប្រាស់សាកល្បងជាបន្តបន្ទាប់នៅគ្រប់ក្រសួង-ស្ថាប័ន, អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង រតនាគារទូទាំង២៥រាជធានី-ខេត្ត ដែលជាការដ្ឋានរបស់គម្រោង FMIS ចាប់តាំងពីខែ កក្កដា ឆ្នាំ ២០២០ ដោយបានទ្រទ្រង់ដល់ការផ្ដល់សេវាសំខាន់ៗរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រួមមានប្រព័ន្ធ FMIS, ប្រព័ន្ធគ្រប់គ្រងចំណូលពន្ធដារនានារបស់អគ្គនាយកដ្ឋានពន្ធដារ, ប្រព័ន្ធគ្រប់គ្រងការប្រមូលពន្ធគយ និង ប្រព័ន្ធ CamDX ។ លើសពីនេះ ប្រព័ន្ធនេះបានចូលរួមចំណែកយ៉ាងខ្លាំងលើយុទ្ធសាស្ត្ររបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងការទប់ទល់ទៅនឹងការរាតត្បាតនៃជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ តាមរយៈការបន្តនីរន្តរភាពការងាររបស់ខ្លួនជាប្រក្រតី និង កាន់តែមមាញឹកជាងពេលណាៗទាំងអស់លើការងារប្រចាំថ្ងៃ និង ការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។ ជាក់ស្ដែង បណ្ដាញអ៊ីនត្រាណិតនេះបានក្លាយជាឆ្នឹងខ្នងសម្រាប់បណ្ដាញ Video Conference ដែលបានដាក់ឱ្យដំណើរការសម្រាប់អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ក្រសួង-ស្ថាប័នទាំងអស់ ដែលជាការដ្ឋាននៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។
សូមបញ្ជាក់ផងដែរថា តាមរយៈបណ្ដាញតភ្ជាប់ដែលមានវិសាលភាពគ្របដណ្ដប់ដ៏ធំនេះ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនឹងធ្វើការពង្រីកសេវា និង ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននានាជាច្រើនទៀត ដើម្បីរួមចំណែកដល់ការពង្រឹង និង ពង្រីកការផ្ដល់សេវាសាធារណៈជូនគ្រប់ស្ថាប័នពាក់ព័ន្ធ, វិស័យឯកជន និង ប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព និង គុណភាពប្រកបដោយបរិយាបន្ន ៕