22

Jan, 2020

សិក្ខាសាលាពិគ្រោះយោបល់ស្តីពី “នីតិវិធីអនុវត្តការងារនៅក្នុងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS)”

By: | Tags: | Comments: 0

នាថ្ងៃ ពុធ ១៣ រោច ខែ បុស្ស ឆ្នាំ កុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី ២២ ខែ មករា ឆ្នាំ ២០២០ ក្រសួងសេដ្ឋកិច្ច     និងហិរញ្ញវត្ថុ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពី “នីតិវិធីអនុវត្តការងារនៅក្នុងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS)” ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ  អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និង មន្រ្តីនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ក្រសួង-ស្ថាប័នទាំងអស់ ដែលបាន និងកំពុងប្រើប្រាស់ប្រព័ន្ធ FMIS រួមទាំងតំណាងដៃគូអភិវឌ្ឍសរុបប្រមាណ ៣៥០ រូប។

គោលបំណងសំខាន់នៃការរៀបចំឱ្យមានសិក្ខាសាលាពិគ្រោះយោបល់នេះគឺ ទី១-ផ្សព្វផ្សាយនូវការដាក់ឱ្យអនុវត្តសាក-ល្បងនីតិវិធីតម្រង់ទិសថ្មីតាមប្រព័ន្ធ FMIS លើការទូទាត់ចំណាយបៀវត្ស និង ទូទាត់ត្រង់ ដែលមានវេទយិតភាពទាបក្នុងក្រប-ខណ្ឌក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅឆ្នាំ ២០២០ នេះ និង បន្តជំរុញការអនុវត្តទៅកាន់ក្រសួង-ស្ថាប័នផ្សេងៗទៀតនៅឆ្នាំបន្តបន្ទាប់ ទី២-ប្រមូលធាតុចូលគន្លឹះបន្ថែមពីក្រសួង-ស្ថាប័ន និង ដៃគូអភិវឌ្ឍលើការរៀបចំផែនការយុទ្ធសាស្រ្តតម្រង់ទិសនីតិវិធី    អនុវត្តការងារឆ្នាំ២០២០-២០២៥ ឱ្យកាន់តែល្អ និង គ្រប់ជ្រុងជ្រោយ និង បន្ស៊ីគ្នាជាមួយនឹងផែនការយុទ្ធសាស្ត្រគ្រប់គ្រងការផ្លាស់ប្តូរប្រកបដោយភាពប្រទាក់ក្រឡាគ្នា មុននឹងអនុម័តដាក់ឱ្យអនុវត្តនៅក្នុងឆ្នាំ ២០២០ នេះ។

ថ្លែងបើកអង្គសិក្ខាសាលាពិគ្រោះយោបល់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប មានប្រសាសន៍ឱ្យដឹងថា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នឹងដើរតួជាស្ថាប័ននាំមុខ និង ដំបូងគេ ក្នុងការអនុវត្តនីតិវិធីតម្រង់ទិសថ្មីតាមប្រព័ន្ធ FMIS ទាំងស្រុងនៅក្នុងឆ្នាំ២០២០នេះ ដោយចាប់ផ្ដើមពីនីតិវិធីទូទាត់ចំណាយបៀវត្សជូនមន្រ្តីរាជការស៊ីវិល និង ការទូទាត់ត្រង់ រួមជាមួយនឹងការគិតគូរកាត់សម្រួលលើឯកសារភ្ជាប់ជាក្រដាស (Hard Copy) ដោយឈរលើមូលដ្ឋាន “កែសម្រួលមុខងារ, តួនាទី និង ភារកិច្ចរបស់មន្រ្តី ពីការធ្វើការងារដដែលៗជាន់គ្នា ទៅជាការងារដែលផ្តល់តម្លៃបន្ថែមជាក់លាក់ ” និង បន្តពង្រីកទៅកាន់ក្រសួង-ស្ថាប័នជាបន្តបន្ទាប់ ។

ដោយប្រព័ន្ធ FMIS ដើរតួរជា​ឧបករណ៍​មូលដ្ឋាន​ដ៏មាន​ប្រសិទ្ធភាព ជួយ​ជំរុញ​ឱ្យ​សម្រេច​បាននូវ​គណនេយ្យភាព,    តម្លាភាព និង ការគ្រោង, ការបែងចែក និង ប្រើប្រាស់​ថវិកាជាតិ ឱ្យ​ចំគោល​ដៅ​អាទិភាព​សំខាន់ៗនោះ ឯកឧត្តមបណ្ឌិតសភា-ចារ្យ ហ៊ាន សាហ៊ីប ក៏បានផ្តល់នូវទស្សនាទានគន្លឹះមួយចំនួន ជូនដល់អ្នកចូលរួមទាំងអស់​ ដែលមកពីក្រសួង-ស្ថាប័ន ក្នុងការត្រៀមខ្លួនចូលរួមចំណែក និង អនុវត្តសកម្មភាពនានា ក្នុងការកែសម្រួល និង តម្រង់ទិសនីតិវិធីអនុវត្តការងារ ប្រកបដោយភាពរលូន និង ទាន់សភាពការណ៍ រួមមាន៖

  • ព្យាយាមឈ្វេងយល់ឱ្យបានច្បាស់ពីនីតិវិធីអនុវត្តការងារទាំងក្នុងប្រព័ន្ធ និង ក្រៅប្រព័ន្ធ ដើម្បីត្រៀមខ្លួនប្រកបដោយបុរេសកម្ម និង ស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការត្រៀមលក្ខណៈធ្វើសមាហរណកម្មចូលក្នុងប្រព័ន្ធ FMIS ស្របផែនការសកម្មភាពដែលក្រុមការងារបានរៀបចំ និង បង្ហាញជូន ។
  • ត្រៀមខ្លួនក្នុងការទទួលយក និងចូលរួមអនុវត្តនីតិវិធីតម្រង់ទិសថ្មីតាមប្រព័ន្ធ FMIS លើការទូទាត់ចំណាយបៀវត្ស ជាមូលដ្ឋាន និង ជាគំរូ សម្រាប់ត្រៀមគិតគូរលើការកែសម្រួលនីតិវិធីអនុវត្តការងារទូទាត់ចំណាយផ្សេងៗទៀត តាមរយៈការត្រៀមរៀបចំចាត់ចែងលើការផ្ដល់សិទ្ធិ និង ប្រតិភូកម្មអំណាចលើការអនុម័ត ជូនដល់មន្ត្រីដែលត្រូវ    អនុវត្តតាមប្រព័ន្ធ FMIS និង ពង្រឹងសមត្ថភាពមន្រ្តីផ្ទៃក្នុងឱ្យមានសមត្ថភាពពេញលេញទាំងការងារប្រើប្រាស់ប្រព័ន្ធ FMIS, ជំនាញបច្ចេកទេសផ្នែកគ្រប់គ្រង និង អនុវត្តថវិកា, ជំនាញគណនេយ្យ និង ជំនាញថ្មីៗ ដែលនឹងត្រូវរៀបចំផ្ដល់ជូនក្នុងក្របខណ្ឌអនុវត្តម្រោង FMIS ព្រមទាំងការប្រើប្រាស់យន្តការក្រុមការងារអនុវត្តគម្រោង FMIS របស់ ក្រសួង-ស្ថាប័ន និង អង្គភាពក្នុងការជួយដោះស្រាយបញ្ហានៅកម្រិតបឋម លើការប្រើប្រាស់ប្រព័ន្ធ FMIS ឱ្យកាន់តែមានប្រសិទ្ធភាព ។
  • បន្តផ្តល់កិច្ចសហការជាមួយក្រុមការងារគ្រប់គ្រងគម្រោង FMIS នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីធានាឱ្យបាននូវការដាក់ឱ្យអនុវត្តនីតិវិធីថ្មីតាមប្រព័ន្ធ FMIS ទៅតាមដំណាក់កាល ស្របតាមផែនការសកម្មភាព​ដែលបានដាក់ចេញ ។
  • សូមចាប់ផ្ដើមប្រើប្រាស់ព័ត៌មាននៃការអនុវត្តថវិកា និង ហិរញ្ញវត្ថុតាមរយៈរបាយការណ៍ផលិតចេញពីប្រព័ន្ធ FMIS ដោយផ្ទាល់ទោះបីជាមានការខុសទម្រង់ ឬ តួលេខពីរបាយការណ៍ខាងក្រៅប្រព័ន្ធក៏ដោយ ព្រោះព័ត៌មាពីប្រព័ន្ធគឺផ្អែកលើទិន្នន័យច្បាស់លាស់ ដែលបានធ្វើប្រតិបត្តិការដោយក្រសួង-ស្ថាប័ន និង អង្គភាពថវិកាផ្ទាល់ ដោយពុំមានការប៉ះពាល់ ឬ កែបន្លំដោយគ្មានគណនេយ្យភាពនោះឡើយ ហើយបើពុំចាប់ផ្ដើមប្រើប្រាស់ព័ត៌មានពីប្រព័ន្ធនោះទេ ក៏យើងពុំមានថ្ងៃទទួលស្គាល់ឬដឹងអំពីកំហុសឆ្គងដែលយើងបានទទួលកន្លងទៅពីរបាយការណ៍ខាងក្រៅប្រព័ន្ធ ឬ ការខ្វះខាតនានានៅក្នុងប្រព័ន្ធឡើយ ។
  • ចូលរួមប្រើប្រាស់នូវ “ប្រព័ន្ធជំនួយគាំទ្រ” ហៅថា “PK-The Helper” ដើម្បីជួយដោះស្រាយបញ្ហាក្នុងការប្រើប្រាស់ប្រព័ន្ធ FMIS រួមទាំងសំណើកែលម្អ, ស្ថាបនា និង រៀបចំរបាយការណ៍នានា ដែលអ្នកប្រើប្រាស់យល់ឃើញថាគួរគិតគូរក្នុងការជួយឱ្យប្រព័ន្ធ FMIS កាន់តែមានភាពប្រសើរឡើង និង មានប្រសិទ្ធភាពខ្ពស់ ។

ដោយឡែក ឯកឧត្តមបណ្ឌិតសភាចារ្យ ក៏បានថ្លែងអំណរគុណចំពោះការគាំទ្រជាប្រចាំរបស់ដៃគូអភិវឌ្ឍទាំងអស់ ជាពិសេស សហភាពអឺរ៉ុប, ធនាគារពិភពលោក និង មូលនិធិរូបិយវត្ថុអន្តរជាតិ ដែលជាដៃគូដ៏ជិតស្និទ្ធ និង ជាអ្នកគាំទ្រដ៏សំខាន់ ក្នុងកិច្ចការងារកែម្រួល និង តម្រង់ទិសនីតិវិធីអនុវត្តការងារតាមប្រព័ន្ធ FMIS ក្នុងក្របខណ្ឌនៃការអនុវត្តគម្រោង FMIS នេះ ។